ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅមុខម្ហូបកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវ​បាន​ជ្រើសរើសជា «សៀវភៅមុខម្ហូបអាស៊ី​ដ៏ល្អ​ផ្តាច់គេ»

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ សៀវភៅ​មុខម្ហូប​កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ (The Taste of Angkor) ត្រូវបាន​ជ្រើសរើស​ជា «​សៀវភៅ​មុខម្ហូប​អាស៊ី​ដ៏​ល្អផ្តាច់គេ​» (The Best…

ភ្នំពេញ​៖ សៀវភៅ​មុខម្ហូប​កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ (The Taste of Angkor) ត្រូវបាន​ជ្រើសរើស​ជា «​សៀវភៅ​មុខម្ហូប​អាស៊ី​ដ៏​ល្អផ្តាច់គេ​» (The Best Asian Cookbook) ក្នុង​កម្មវិធី​តាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែល​ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ប្រទេស​បារាំង​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ប្រកាសថា ជា​មោទកភាព​ជាតិ​យើង​។​

​ក្រសួងការបរទេស បានប្រកាស​នៅ​ថ្ងៃទី​១ ខែធ្នូ​នេះ​ថា កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង សៀវភៅ​មុខម្ហូប កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ (The Taste of Angkor) ត្រូវបាន​ជ្រើសរើស​ជា «​សៀវភៅ​មុខម្ហូប​អាស៊ី​ដ៏​ល្អផ្តាច់គេ​» (The Best Asian Cookbook) ក្នុង​កម្មវិធី​តាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១​។

​កម្មវិធី Gourmand World Cookbook Award ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​លោក Edouard Cointreau ក្នុង​គោល​បំណង​លើកស្ទួយ និង​ផ្សព្វផ្សាយ​វប្បធម៌​ម្ហូបអាហារ​ទូទាំង​សកលលោក​។ នៅក្នុង​ឆ្នាំ​២០២១​នេះ មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​១៩៨ ដោយមាន​សៀវភៅ​សរុប​ចំនួន ៤០០០​ក្បាល ដែល​ត្រូវបាន​ជ្រើសរើស​មក​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។

​សៀវភៅ​កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្របតាម​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ដែល​បានប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។  សៀវភៅ​នេះ​បានជ្រើសរើស​សម្រិតសម្រាំង​យកមុខ​ម្ហូប និង​បង្អែម​ខ្មែរ​ចំនួន ៣៨​មុខ ដោយ​ណែនាំ​ពី​វិធី​ចម្អិន​ងាយៗ និង​បានបង្ហាញ​ពី​គន្លឹះ​នៃ​ការជំនួស​គ្រឿងផ្សំ​របស់​ខ្មែរ​មួយចំនួន ដែល​ងាយស្រួលរ​កនៅ​បរទេស ព្រមទាំង​បាន​រំលេច និង​ផ្សព្វផ្សាយ​ពី​ផលិតផល​កម្ពុជា ដូចជា ម្រេច​កំពត អង្ករ​ផ្កាម្លិះ និង​ស្ករត្នោត​។

​ការទទួលបាន​ពានរង្វាន់ «​សៀវភៅ​មុខម្ហូប​អាស៊ី​ដ៏​ល្អផ្តាច់គេ​» នាពេលនេះ គឺជា​មោទនភាព​ជាតិ និង​ជា​សមិទ្ធផល​ដ៏​ត្រចះ​ត្រចង់​ថ្មី​មួយទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ ប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ជំរុញ​វិស័យ​ការទូត​ម្ហូបអាហារ​សំដៅ​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក បាន​ស្គាល់​កាន់តែច្បាស់​ពី​កេរ្ដិ៍ដំណែល និង​ប្រណីតភាព​នៃ​សិល្បៈ​ម្ហូប​ខែ្មរ​ដែលជា​អត្តសញ្ញាណ​នៃ​អរិយធម៌ ដ៏​វិសេសវិសាល​របស់​កម្ពុជា​។

​គួរ​បញ្ជាក់ថា ពានរង្វាន់​ហ្គ័​រម៉ង់​នេះ ត្រូវបានគេទទួលស្គាល់​ថា​ជា ពានរង្វាន់​អូ​ស្ការ សម្រាប់​វិស័យ​ម្ហូបអាហារ​។​ ការលើកតម្កើង​វិស័យ​ការទូត​ម្ហូបអាហារ​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ដែលមាន​គោលដៅ​លើក​ស្ទួយ​កិត្យានុភាព​ជាតិ និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ឈានទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។

​ទន្ទឹមនេះ សៀវភៅ​មុខម្ហូប​កេរ្ដិ៍ដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ រួមជាមួយ​ផលិតផល និង​ម្ហូប​ខ្មែរ ជាច្រើន​មុខ​ផ្សេងទៀត ក៏ត្រូវ​បានដាក់​បង្ហាញ និង​ដាក់​ជា​គំរូ​ជូន​អ្នកទស្សនា​ភ្លក់​រសជាតិ នៅតាម​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក ដោយ​ស្ថាន​តំណាង​កម្ពុជា នៅ​បរទេស ក្នុងនោះ រួមមាន ប្រទេស​ចិន ប្រទេស​ម៉ាឡេស៊ី ប្រទេស​ស៊ុយអែត ប្រទេស​កូរ៉េ ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ