រាជធានីភ្នំពេញ ៖ អ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ជាស្វាមី បានបង្ហាញនូវភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀត តាមរយៈការតុបតែងខ្លួនជាកូនកំលោះ និងកូនក្រមុំ។ អ្វីដែលពិសេសនោះ គឺអ្នកទាំង២ បានរចនាម៉ូដសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងអលង្ការតាមទម្រង់ឆ្នាំ៨០ជាងទៅឆ្នាំ៩០ជាង ដែលគូស្នេហ៍ទាំងឡាយនិយម។
លើសពីនេះ បានទាំង២នាក់ក៏បាននាំគ្នាថតនៅតំបន់សួនច្បារវិមានឯករាជ្យ កាន់តែធ្វើអោយអ្នកធ្លាប់ថតរូបមង្គលការនាជំនាន់នោះនឹកនាស្រណោះតែម្តង។ ហើយនេះគឺជាគំនិតច្នៃប្រឌិតមួយទៀត ដែល គង់ ច័ន្ទស្រីមុំ និងស្វាមី កសាងបាន ហើយក៏មិននឹកស្មានថា នាងនិងស្វាមី ចេះនឹកឃើញច្បិចយកនូវរូបភាពបែបនេះ មកពញ្ញាក់អារម្មណ៍មហាជនសោះឡើយ។
អ្នកទាំង២ ពិតជាជាប់ឈ្មោះជាអ្នកប៉ិនប្រសព្វ រកនឹកស្ទាយប្លែកៗ បំបែកការទាក់ទាញ ថតរូបបង្ហាញហ្វេនៗនៅតាមបណ្តាញសង្គម។ ហើយកម្រងរូបភាពលើកឡើងនេះ ឃើញថា ពិតជាដាស់អារម្មណ៍ លោកអុំ អ្នកមីង ដែលស្រឡាញ់គ្នា ហើយបានចូលរោងការសំពះផ្ទឹម ជាពិសេសតំបន់សួនច្បារវិមានឯករាជ្យ នាគបាញ់ទឹកនេះឯង ដែលជាកន្លែងថតរូបពេលការកូនប្រុសស្រីជំនាន់នោះ។ កត្តាបែបនេះហើយ ទើបធ្វើអោយ គេនឹកស្រណោះ ថ្ងៃការក្នុងកាលៈទេសៈសង្គមជាតិ ទើបតែរួចផុតពីសង្គ្រាម ហើយតស៊ូកសាងប្រទេសពីមួយជំហានទៅមួយជំហាន។
បើទោះបីជា ស្រីមុំ ក្លាយជាអ្នកជំនាញលើជំនួញអនឡាញ ក៏អ្នកនាងមិនដែលចោលតួនាទីជាអ្នកសិល្បៈដែរ គឺរមែងរកគំនិតប្លែកៗបំបែកទីផ្សារក្នុងការទាក់ទាញ។ ទោះជាផ្អាកការសម្តែងមួយរយៈធំ តែ ស្រីមុំ បានបង្ហាញវត្តមានបែបពិធីការិនីលើបណ្តាញសង្គម ហើយពាំនាំដោយភាពសំណើច ។ ចំណែកអ្នកតាមដានវិញ នៅតែរង់ចាំមើលតទៅទៀតថា តើគូស្នេហ៍១គូនេះ នឹងច្នៃទម្រង់សិល្បៈបែបណាទៀត ដើម្បីអោយទស្សនិកជនបានប្លែកភ្នែក ប្លែកអារម្មណ៍ជាថ្មីម្តងទៀតនោះ?។
ចែករំលែកព័តមាននេះ