ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួន​កសិករ​៧​នាក់​ដែល​ធ្វើស្រែ​បំ​ពាន​ដី​ព្រៃ​​លិច​ទឹក​​តំបន់​​៣

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់ ប្រជា​កសិករ​ចំនួន​០៧​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ពេល​ពួក​គេ​កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ និង​បង្កបង្កើន​ផល​លើ​តំបន់​ដី​ព្រៃ​លិច​ទឹក ​នៅ​ក្នុង ​«​តំបន់​៣»…

ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់ ប្រជា​កសិករ​ចំនួន​០៧​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ពេល​ពួក​គេ​កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ និង​បង្កបង្កើន​ផល​លើ​តំបន់​ដី​ព្រៃ​លិច​ទឹក ​នៅ​ក្នុង ​«​តំបន់​៣» ដែល​ជា​តំបន់​ហាមឃាត់ ស្ថិត​ក្នុងភូមិ​អូរ​កំបុត ឃុំ​ព្រែក​ឆ្ដោរ ស្រុក​ឯក​ភ្នំ​ ។

របាយ​ការ​ណ៍​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ប្រជា​កសិករ​ទាំង​០៧​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ងួ​ន គក់ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ ២-​ឈ្មោះ ងួ​ន វណ្ណៈ ហៅតាក់ ភេទប្រុស ​អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ ប៉ិ​ប ហាក់ ភេទប្រុស​ អាយុ​៣៦​ឆ្នាំ ៤-​ឈ្មោះ គង់ សុរិន្ទ ហៅ វឿ​ន ភេទប្រុស​ អាយុ​៥៤​ឆ្នាំ ៥-​ឈ្មោះ គង់ ប៊ុ​ន​ធឿ​ន ភេទប្រុស ​អាយុ​២៤​ឆ្នាំ ៦-​ឈ្មោះ ងី ថង ភេទប្រុស ​អាយុ​២០​ឆ្នាំ និង​៧​-ឈ្មោះ ប៉ិ​ប ផ​ន ហៅ ប៉ិ​ប ភ័​ណ្ឌ ភេទប្រុស​ អាយុ​៣០​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។

បើ​តាម​ប្រវត្តិនៃ​ការ​រំលោភ​ពាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ របស់​ក្រុម​កសិករ​ខាងលើ​នេះ នៅ​ក្នុង​របាយ​ការ​ណ៍សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ចាប់ផ្ដើម​រុករាន​ដី​ព្រៃ​តំបន់​៣ ក្នុង​អំឡុង​ដើមឆ្នាំ​២០១៩ រហូត​មក​ដល់​ត្រឹមថ្ងៃ​ឃាត់ខ្លួន ដែល​នាំ​អាទ​ដំបូង​ដោយ​ឈ្មោះ ប៉ិ​ប ហាក់ ឈ្មោះ ងួ​ន គក់ និង​ឈ្មោះ គង់ សុរិន្ទ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៧​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក នៅ​ក្នុង​តំបន់​៣ ដែល​ជា​តំបន់ហាមឃាត់​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​សម្ភារ​មួយ​ចំនួន ដូច​ជា ត្រាក់ទ័រ​ចំនួន​០១​គ្រឿង គោ​យន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង កាណូត​ស្មាច់​មាន​ម៉ាស៊ីន​ចំនួន​០២​គ្រឿង ម៉ាស៊ីន​កាណូត​ចំនួន​០១​គ្រឿង និង វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

នៅ​ក្នុង​កំណត់ហេតុ​សារភាព ឈ្មោះ ងួ​ន គក់ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​ខ្លួន​ទាំង​០៣​នាក់ បាន​ទៅ​ចាប់​យក​ដី​នៅ​តំបន់​៣ នោះ​ប្រហែល​៥០​ហិច​តា ដែល​ជា​ព្រៃរបោះ​ដើម្បី​ឈូស​ឆាយ​ធ្វើស្រែ​។ ក្រោយ​ពី​ឈូស​ឆាយ​ស្រឡះ​ធ្វើស្រែ​បាន​០២​ឆ្នាំ នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​ឃុំ ស្រុក និង​មន្ត្រី​ជលផល បាន​ចុះ​ទៅ​ដល់ទី​នោះ តែ​គេ​មិន​បាន​ហាមឃាត់​ទេ តែ​បាន​ណែនាំ​ឲ្យ​ភួ​ក​ខ្លួន​ធ្វើស្រែ​ជា​បណ្ដោះអាសន្ន​សិន ចាំ​ដាំ​បង្គោលព្រំ​រួច​ចាំ​គិត​ទៀត​។ ឈ្មោះ ងួ​ន គក់ បាន​និយាយ​ទៀត​ថា ដំបូង​ពួក​ខ្លួន​ប្រើគោ​យន្ត​ដើម្បី​ភ្ជួរ​រាស់ តែ​នៅ​ឆ្នាំ​២០២១ ខ្លួន​បាន​ទិញ​ត្រាក់ទ័រ​ទៅ​ភ្ជួរ​រាល់​ម្ដង​។

ជន​នេះ​បាន​បញ្ជាក់​ថា ដី​ទំហំ​៥០​ហិច​តា​នោះ ជា​ដី​របស់​ពួក​ខ្លួន​០៣​នាក់​ខាងលើ ហើយ​មិន​ទាន់​បែងចែក​គ្នា​នៅឡើយ​ទេ គឺ​ធ្វើ​រួម​គ្នា​។ ដោយឡែក​ មនុស្ស​ចំនួន​០៥​នាក់ ដែល​ចាប់ខ្លួន​ជាមួយ​ពួក​ខ្លួន​ដែរ គឺ ពួក​គេ​គ្រាន់តែ​មក​ជួយ​ធ្វើស្រែ​តែ​ប៉ុណ្ណោះ​។ សូម​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​បំពាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ ដែល​ជា​តំបន់ហាមឃាត់ នៅ​ទន្លេសាប​ខាងលើ​នេះ គឺ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បញ្ជា​ឲ្យ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង ក្រសួង​ពាក់ព័ន្ធ ត្រូវ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដី​ព្រៃ​លិច​ទឹក នៅ​ក្នុង​តំបន់​៣ ដែល​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ជនខិលខូច និង មន្ត្រី​មាន​អំណាច នៅ​តាម​បណ្ដា​ខេត្ត ដែល​ព័ទ្ធ​ជុំវិញ​បឹង​ទន្លេសាប​។

សម្ដេច​បាន​បញ្ជា​ដាច់ខាត​ឲ្យ​ធ្វើការ​ដកហូត​ទាំងអស់​មិន​ថា ដី​របស់​អ្នកមាន​អំណាច ឬ ដី​របស់​របស់​ប្រជាពលរដ្ឋ​ឡើយ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​ចាប់ខ្លួន​ក្រុម​ជន​ខិល​ខួច​លួច​ឈូស​ឆាយ​យក​ដី​រដ្ឋ​ទាំងនោះ​ឲ្យ​ខាង​តែ​បាន​ទៀត​ផង​។ នៅ​ក្នុង​ខេត្តបាត់ដំបង ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ដែល​ត្រូវ​បាន​អ្នកមាន​អំណាច និង ជនខិលខូច​មួយ​ចំនួន​រំលោភ​បំពាន​យក​ខ្លាំង​ជាងគេ គឺ មា​នៅ​ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង ស្រុក​មោង​ឬ​ស្សី​។ ប៉ុន្តែ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​កន្លង​មក គឺ ដី​ព្រៃ​លិច​ទឹក នៅ​ក្នុង​ភូមិ​សាស្ត្រ ស្រុក​សង្កែ និងស្រុក​មោងប្ញ​ស្សី ត្រូវ​បាន​អ្នកមាន​អំណាច​ឈូស​ឆាយ​រំលោភ​យក​ជា​កម្ម​សិទ្ធ​ច្រើន​ជាងគេ​។

អ្នកមាន​អំណាច​ទាំងនោះ មាន​គ្រប់​សមាសភាព ដូច​ជា មន្ត្រី​យោធា មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​នគរបាល និង មន្ត្រី​មូលដ្ឋាន​។ រីឯ​ប្រជាពលរដ្ឋ​រួម​ផ្សំ​ដែរ តែ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូចតាច អែមបៗ​អ្នកធំ ឬ ធ្វើស្រែ និងយាម​ដី​ឲ្យ​អ្នកធំ អ្នកមាន​អំណាច​ទាំងនោះ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាងណា មន្ត្រី​ធំ​ៗដែល​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ ភាគច្រើន​ក៏​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​អស់ហើយ​ដែរ​។

មហាជន​កំពុង​តាមដាន​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​មិន​រើសមុខ​នេះ​ថា តើ​ចាំ​មើល​អាជ្ញាធរ ទាំង​ថ្នាក់​ក្រោម​ជាតិ ទាំង​ថ្នាក់​ជាតិ​ហ៊ាន​ចាប់ខ្លួន​លោក​ធំ​ដែល​លួច​ប្លន់​ដី​រដ្ឋ​ទាំងនោះ​ដែរ​ឬ​អត់ ? ព្រោះ​បើ​តាម​ប្រភព​ព័​ត៌​មាន​ដែល​គេ​ខ្សឹប​ខ្សៀវ​ប៉ុន្មាន​ថ្ងៃនេះ គឺ គេ​បាន​ស្គាល់ឈ្មោះ​លោក​ធំ​ៗ​លោភលន់​ទាំងនោះ​មួយ​ចំនួន​ធំ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ