រាជធានីភ្នំពេញ ៖ អំពើហិង្សានៅក្នុងគ្រួសារ ស្ទើរតែ៩៩,៩ភាគរយទៅហើយ ដែលផ្ដើមចេញពីប្ដី ខ្លះលួចទៅមានស្រីក្រៅផ្ទះ ក្បត់ចិត្តប្រពន្ធ ប្តីខ្លះដើរលេងល្បែងស៊ីសងលក់អស់ទ្រព្យសម្បត្តិ និងខ្លះដើរផឹកស៊ីមិនគិតការងាររកស៊ីជាដើម រហូតធ្វើឲ្យប្រពន្ធអត់ទ្រាំមិនបាន កើតមានជម្លោះឡើង ហើយត្រូវប្ដីវាយធ្វើបាបទាត់ធាក់រាល់ថ្ងៃ រហូតមានទាំងដុតផ្ទះចោល និងខ្លះរហូតដល់ស្លាប់យ៉ាងអយុត្តិធម៌ផងដែរ ។
ប៉ុន្តែពេលនេះ មានគ្រួសារមួយ ដែលបានរៀបការជាមួយគ្នាអស់រយៈពេលជាង១៦ឆ្នាំមកហើយ ខុសប្លែកពីអ្វីដែលបានរៀបរាប់ខាងលើ ដោយបុរសជាប្ដី បានរកស៊ីចិញ្ចឹមប្រពន្ធកូនយ៉ាងពេញបន្ទុក ព្រមទាំងជាមនុស្សស្លូតបូត ។ ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញ គឺត្រូវបានស្ត្រីជាប្រពន្ធផឹកស្រាស្រវឹងរាល់ថ្ងៃ គឺថ្ងៃណាក៏ស្រវឹង ហើយរករឿងជេរប្រមាថ និងដេញកាប់ដេញវាយបុរសជាប្ដីគ្មានលស់ថ្ងៃ និងប៉ុនប៉ងដុតផ្ទះចោលថែមទៀត ។
ដោយអត់ទ្រាំលែងបាន និងភ័យខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ទើបនៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៨ ឧសភា បុសនោះបានដឹកដៃកូនប្រុស អាយុ១៣ឆ្នាំម្នាក់ ធ្វើដំណើរមកកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីស្វែងរកអន្តរាគមន៍ពីសំណាក់អាជ្ញាធរ ។ ប៉ុន្តែដោយសារជាថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ ទើបគាត់មិនបានជួបអាជ្ញាធរ បានជួបជាមួយមន្ត្រីប៉ូលិសប៉ុស្ដិ៍ចោមចៅ ដែលកំពុងប្រចាំការនៅទីនោះ ហើយប៉ូលិសបានផ្ដល់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ហៅប៉ូលិសជួយអន្តរាគមន៍នៅពេលណាដែលប្រពន្ធប្រើហិង្សា ។
បុរសដែលត្រូវប្រពន្ធធ្វើបាបនោះឈ្មោះ ទី អៀងប៉ាត់ អាយុ៥២ឆ្នាំ ជាចុងភៅប្រចាំនៅ ភោជនីយដ្ឋាន «ប៉ីជីង» ចំណែកប្រពន្ធឈ្មោះ សាយ សុភាព អាយុ៥៣ឆ្នាំ ។ ក្រោយពេលអ្នកទាំងពីរ ចាប់ដៃគ្នាបានជាប្ដីប្រពន្ធ ជាង១៦ឆ្នាំកន្លងមកនេះ បានកូនប្រុសម្នាក់ ដែលពេលនេះកូនប្រុស មានអាយុ១៣ឆ្នាំហើយ សព្វថ្ងៃគ្រួសារមួយនេះមានទីលំនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាប្ដីបាននិយាយប្រាប់ប៉ូលិសថា គាត់និងប្រពន្ធបានរៀបការនឹងគ្នាមានរយៈពេល ជាង១៦ឆ្នាំកន្លងមកហើយ ដែលពន្លកស្នេហ៍នោះដុះឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៨។ ប៉ុន្តែក្រោយពេលស្ទាបស្ទង់ចិត្តថ្លើមគ្នារយៈពេល២ឆ្នាំរហូតដល់ឆ្នាំ២០០០ ទើបរៀបមង្គលការ បានលេចចេញជារូបរាង ។ គាត់និយាយថា កាលណោះគាត់នៅកំលោះ ចំណែកប្រពន្ធគាត់ គឺជាស្រីមេម៉ាយកូនបីនាក់ ហើយអ្វីដែលបានជួបគ្នា រហូតបង្កាត់ភ្លើងស្នេហ៍ឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅនោះ គឺខណៈនោះគាត់ជាចុងភៅ ប្រចាំនៅភោជនីយដ្ឋាន យីហោ «ប៉ីជីង» ។
ដោយឡែក ប្រពន្ធរបស់គាត់ តែងតែទៅហូបស៊ុបនៅទីនោះញឹកញាប់ទើបស្គាល់គ្នា ។ ដោយមើលឃើញ នាងមានចរិកឫកពារស្រគត់ស្រគុំ គួរឲ្យស្រលាញ់ ទើបគាត់បានចាប់ចិត្តស្រលាញ់ ហើយនាងក៏ស្រលាញ់គាត់វិញដែរ ។
បុរសនោះបានបន្តថា ផ្ទុយស្រឡះពីអ្វីដែលបានមើលឃើញតែសម្បកក្រៅ ដែលក្រោយពេលរៀបការបានមួយរយៈពេលខ្លី ប្រពន្ធគិតតែផឹកស៊ីស្រវឹងអួទីនួរាល់ថ្ងៃ និងបានរករឿងគាត់ជាបន្តបន្ទាប់ ដែលបានធ្វើឲ្យគាត់ ពិបាកចិត្តស្ទើរបែកទ្រូង ។ ជានិច្ចកាលឲ្យតែស្រវឹងម្តងៗ ប្រពន្ធគាត់តែងប៉ុនប៉ងដុតផ្ទះចោល និងដេញវាយដេញកាប់គាត់ជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះប្រច័ណ្ឌគាត់ជាមួយកម្មការិនីរោងចក្រ ដែលជួលផ្ទះស្នាក់នៅ ។ ហើយរឿងគួរឲ្យអស់សំណើចទៀតនោះ មានកម្មការិនីម្នាក់ដែលជួលផ្ទះគាត់ស្នាក់នៅមានផ្ទៃពោះជាមួយសង្សាររបស់គេសោះ ហើយសង្សារនោះបោះបង់ចោល ស្រាប់តែប្រពន្ធបានចោទប្រកាន់ថា គាត់ជាអ្នកធ្វើឲ្យនាងម្នាក់នោះ មានផ្ទៃពោះទៅវិញ និងបានចោទថា គាត់យកលុយឲ្យស្រីថែមទៀត ។
លោកប្តីបានរៀបរាប់បន្តថា គាត់គ្មានស្រីញីឯណាក្រៅផ្ទះនោះទេ គឺស្រលាញ់ប្រពន្ធណាស់ ព្រោះពេលនេះខ្លួនកាន់តែចាស់ៗអស់ទៅហើយ មិនមែនក្មេងដូចពេលមុនទៀតទេ ។ ការមានស្រីក្រៅនាំឲ្យមានបញ្ហាក្នុងគ្រួសារបាត់បង់សុភមង្គល និងនាំឲ្យខ្មាសអៀនអ្នកស្រុកភូមិថែមទៀត ។ ម្យ៉ាងទៀតពេលនេះ គាត់ស្វែងរកអន្តរាគមន៍ពីអាជ្ញាធរ គឺមិនមែនចង់លែងលះគ្នាជាមួយប្រពន្ធនោះទេ ថ្វីដ្បិតពេលនេះប្រពន្ធគាត់ក្លាយជាមនុស្ស សរសៃប្រសាទទៅហើយក្ដី គឺគាត់គ្រាន់តែចង់ការពារជីវិតខ្លួនឯងប៉ុណ្ណោះ ។ គាត់ថាកន្លងមកថ្មីៗ គាត់ស្ទើរត្រូវប្រពន្ធកាប់ស្លាប់ម្ដងមកហើយ ដោយប្រពន្ធផឹកស្រវឹង ដេញកាប់រត់មិនចង់រួច រហូតមានអន្តរាគមន៍ពីប៉ូលិស ទើបរួចពីមុខកាំបិតប្រពន្ធ ។
ទាក់ទិនទៅនឹងហេតុការណ៍នោះ កោះសន្តិភាពមិនអាចស្វែងរកការបំភ្លឺ ពីស្ត្រីជាប្រពន្ធបានទេ ។ ចំណែកបុរសជាប្ដី បានដឹកដៃកូនប្រុសទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីឲ្យអាជ្ញាធរជួយ ក្នុងទឹកមុខភ័យខ្លាច ។ ខណៈនោះបានមន្ត្រីប៉ូលិស មានការអាណិតអាសូរ បានឲ្យលេខទូរស័ព្ទទុកសម្រាប់ទាក់ទងហៅជំនួយអន្តរាគមន៍ ប្រសិនបើប្រពន្ធដេញកាប់ទៀតនោះ ទើបគាត់ស្ងប់ចិត្ត និងបាននាំកូនប្រុសត្រឡប់ទៅផ្ទះវិញ ៕


ចែករំលែកព័តមាននេះ