ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​លិច​ទឹក​ជាង​1000​ហិ​កតា​គេ​នាំ​គ្នា​លេប​ត្របាក់ឃុបឃិត​ជា​ប្រព័ន្ធ​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​ស្រុក​ព្រៃ​នប់

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត បាន​បង្ហើប​ឲ្យ​ដឹង​ថា ជុំវិញ​រឿង​ដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ព្រៃ​នប់​ប្រមាណ​ជាង​១.០០០​ហិ​កតា នៅ​ក្នុង​ឃុំ​ទឹកថ្លា ត្រូវ​បាន​គេ​សង្ស័យ​ថា

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត បាន​បង្ហើប​ឲ្យ​ដឹង​ថា ជុំវិញ​រឿង​ដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ព្រៃ​នប់​ប្រមាណ​ជាង​១.០០០​ហិ​កតា នៅ​ក្នុង​ឃុំ​ទឹកថ្លា ត្រូវ​បាន​គេ​សង្ស័យ​ថា មានការ​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ ។

មន្ត្រី​រដ្ឋបាល​ជលផល​បាន​ប្រកាស​ថា នឹង​ដាក់​ការ​ស្នើ​សុំ​ទៅ​មន្ត្រី​សុរិយោដី និង​មន្ត្រី​មន្ទីរ​អង្គភាព​ផ្សេង​ទៀត​ដែល​មានការ​ពាក់ព័ន្ធ​នឹង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​តំបន់​ព្រៃ​លិច​ទឹក​ខាងលើ ដើម្បី​ឲ្យ​ធ្វើការ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់ ពី​នី​តី​វិធី​ការ​ចេញ​ប្លង់ ហើយនឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​បើសិន​ពិនិត្យ​ឃើញ​ថា​ប្លង់​ដី​ទាំងនោះ​មាន​ភាព​មិន​ប្រក្រតី ។

ការ​ប្រកាស​សូម​ឲ្យ​មានការ​បំភ្លឺ​បែប​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ខណៈ​ពេល  លោក អុ​ឹ​ង ទ្រី អនុប្រធាន​រដ្ឋបាល​ជលផល  លោក ពំ ស៊ី​ថា ប្រធាន​អធិការ​កិច្ច​ជលផល រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​ព្រៃ​លិច​ទឹក​នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ជាង​៥០​ហិ​កតា ដែល​ក្រុម​ហ៊ុន​មួយ​កំពុងធ្វើការ​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​រង្គាល ។

ទាក់ទង​ទៅ​នឹង​ដី​តំបន់​ព្រៃ​លិច​ទឹក​ខាងលើ​នេះ បើ​តាម​ការ​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ បញ្ជាក់​ថា ដី​ព្រៃ​លិច​ទឹក​ក្នុងស្រុក​ព្រៃ​នប់​មាន​ចំនួន​ជាង​១.០០០​ហិ​កតា ។ កន្លង​មក នៅ​អំឡុង​ឆ្នាំ​២០០៤-២០០៥ ដី​តំបន់​នេះ​ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​រត់ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋបាល​ជលផល​ធ្វើការ​ជំទាស់​រហូត មិន​ឯកភាព​ឡើយ ។

លុះ​ក្រោយមក​នៅ​ឆ្នាំ​២០០៧ ដី​ព្រៃ​លិច​ទឹក​តំបន់​ខាងលើ​ទាំងអស់​ត្រូវ​បាន​ចុះបញ្ជី​ឲ្យ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​សហគមន៍ ដើម្បី​ធានា​ឲ្យ​បាន​នៅ​ក្រោម​ការ​ការពារ​និង​ថែរក្សា​ទុកជា​សម្បត្តិ​រដ្ឋ សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ។ ប៉ុន្តែ​ក្រោយមក​ទៀត​នៅ​ក្នុង​អំឡុង​ឆ្នាំ ២០០៩ និង​ឆ្នាំ​២០១០ ជំនាន់​មានការ​វាស់វែង​ដោយ​ក្រុម​និស្សិត ដី​ព្រៃ​លិច​ទឹក​ដដែល​នេះ​ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​រត់ការ​សុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ជា​ថ្មី​ម្តងទៀត តែ​ត្រូវ​មន្ត្រី​រដ្ឋបាល​ជលផល​ធ្វើការ​ជំទាស់​ដាច់ខាត ហើយ​ក៏​ស្ងាត់​រហូត​មក ។

លុះ​ថ្មី​ៗ​នេះ បែរជា​លេច​ចេញ​ប្លង់​កម្មសិទ្ធិ​ជា​ច្រើន​ប័ណ្ណ​ចុះ​ឆ្នាំ​២០០៦ បញ្ជាក់​ពី​កម្មសិទ្ធិ​ស្របច្បាប់​លើ​តំបន់​ដី​ព្រៃ​លិច​ទឹក​ទាំងអស់​ខាងលើ​ទៅ​វិញ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ព្រមទាំង​បាន​ប្រើប្រាស់​ប័ណ្ណកម្មសិទ្ធិ​ទាំងនោះ​ស្របច្បាប់ ធ្វើការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ​គួរ​ឲ្យ​ស្តាយស្រណោះ ។

អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ គឺជា​រឿង​មិន​ប្រក្រតី​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឡើង​វិញ​រាល់​អ្នក​ដែល​ពាក់ព័ន្ធ​ចេញ​ប្លង់​កម្មសិទ្ធិ ជា​ពិសេស​គឺ​មន្ត្រី​សុរិយោដី​តែ​ម្តង​ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ព្រោះ​បើ​មិន​អុ​ី​ចឹ​ង​ទេ ព្រៃ​លិច​ទឹក​នៅ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ច្បាស់​ជា​វិនាស​ហិនហោច​អស់​ជាក់​ជា​មិន​ខាន​ឡើយ ។

លោក យី សាវ​រ៉េ​ត ប្រធាន​ភូមិបាល​ស្រុក​ព្រៃ​នប់ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែឧសភា​ថា ចំពោះ​ដី​កំពុង​ឈួ​ស​ឆាយ​នេះ ចេញ​ប្លង់​កម្មសិទ្ធិ​តាំងពី​ជំនាន់​ធ្វើ​ប្លង់​ជា​លក្ខណៈ​ប្រព័ន្ធ​មក​ម្លេ​៉ះ ហើយ​កាលនោះ​ខាង​ជលផល​ធ្លាប់​បាន​ប្តឹង​ជំទាស់​ដែរ តែ​ត្រង់​ថា​ប្លង់​នេះ​អាច​ចេញ​រួច​តាម​ផ្លូវ​ណា​នោះ លោក​ក៏​ពុំ​ដឹង​ដែរ ។

ដោយឡែក លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​នៃ​កម្ពុជា​(CNRO) ក៏​បាន​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល សូម​មាន​វិធានការ​ជា​បន្ទាន់ បើ​ពុំនោះ​ទេ​ធនធានធម្មជាតិ​ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​នឹង​ត្រូវ​ហិនហោច​អស់​ជាក់​ជា​ពុំខាន ព្រោះ​ដើម​កោង​កាង​នេះ​មាន​តម្លៃ​ដ៏​មហាសាល​សម្រាប់​មនុស្សជាតិ ។
ជាមួយនឹង​ព័ត៌មាន​នេះ​អាច​និយាយ​បាន​ថា ជា​លើក​ទី​១​ហើយ ដែល​ធ្លាយ​ចេញ​មក​ពាក់ព័ន្ធ នឹង​ព្រៃ​លិច​ទឹក​នេះ នៅ​ក្នុងស្រុក​ព្រៃ​នប់ ៕