ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងពីល្បិចចោរប្រើឈ្មោះ​សាលា​ខេត្ត​ប៉ៃលិន​បោក​​​អ្នកជួល​តុ​ការ​អស់​ជាង​​​៤​ពាន់​​​​ដុល្លារ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រុម​ចោរ​បាន​ប្រើ​ល្បិច​ថ្មី ​ដោយ​យកឈ្មោះ​សាលាខេត្ត​ដើម្បី​បោកប្រាស់​បុរស​ពោះម៉ាយ​ម្នាក់ ដោយ​ការ​ទាក់ទង​តាម​ទូរស័ព្ទ​ឱ្យ​អ្នក​ជួល​តុ​ការដឹក​កៅអី​ចំនួន​១៥០​ទៅ​សាលាខេត្ត ។ ក្រោយមក ជនសង្ស័យ​ក៏​ជួល​រថយន្ត​១​គ្រឿង​ឱ្យ​ដឹក​យក​ទៅ​ខេត្តកំពង់ចាម ឯ​ម្ចាស់កៅអី​ដែល​ជួល​ស្មានថា​ គេ​មក​ដឹក​ទៅ​សាលាខេត្ត…

ខេត្ត​ប៉ៃលិន ៖ ក្រុម​ចោរ​បាន​ប្រើ​ល្បិច​ថ្មី ​ដោយ​យកឈ្មោះ​សាលាខេត្ត​ដើម្បី​បោកប្រាស់​បុរស​ពោះម៉ាយ​ម្នាក់ ដោយ​ការ​ទាក់ទង​តាម​ទូរស័ព្ទ​ឱ្យ​អ្នក​ជួល​តុ​ការដឹក​កៅអី​ចំនួន​១៥០​ទៅ​សាលាខេត្ត ។ ក្រោយមក ជនសង្ស័យ​ក៏​ជួល​រថយន្ត​១​គ្រឿង​ឱ្យ​ដឹក​យក​ទៅ​ខេត្តកំពង់ចាម ឯ​ម្ចាស់កៅអី​ដែល​ជួល​ស្មានថា​ គេ​មក​ដឹក​ទៅ​សាលាខេត្ត តែ​ទីបំផុត​គេ​ដឹក​កៅអី​គេចខ្លួន​បាត់​ស្រមោល​មិនដឹង ​ទៅ​ណា ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មានការសោកស្តាយ​ជា​ពន់ពេក ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ឱ្យ​ជួយ​អន្តរាគ​មន៍ តែ​មក​ដល់​ពេល​នេះ​ មិន​ទាន់​ទទួល​ពន្លឺ​អ្វី​នៅឡើយ​ទេ ។ បុរស​ឈ្មោះ កោះ រិ​ទ្ធី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ
វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក​កាលពី​វេលា​ម៉ោង​ប្រមាណ២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​ ថា គាត់​ប្រកប​របរ​ធ្វើ​ចុងភៅ​ម្ហូប​ការ ដើម្បី​ចិញ្ចឹមជីវិត​អស់​រយ​:​ពេល​៧​ឆ្នាំ​មក​ហើយ ដោយ​ទិញ​សម្ភារ​រោងការ តុ កៅអី អស់ប្រាក់​ជា​ច្រើន ។ ក្រោយ​ពី​កើត​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ មុខរបរ​នេះ​ក៏​ផ្អាក​អស់​រយ​:​ពេល​ជា​យូរ ជាកុសល​ម្តាយ​ក៏​ស្លា.ប់ ក្រោយមក​ប្រពន្ធ​ឈឺ​ក៏ស្លា.ប់បន្តបន្ទាប់​ទៀត ។

គាត់​បន្ត​ថា ក្រោយ​ពី​ម្តាយ​និង​ប្រពន្ធ​ស្លា.ប់​មិន​ទាន់​បាន​១​ខែ​ផង ស្រប​ពេល​រាជរដ្ឋាភិបាល​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ ស្រាប់តែ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ មាន​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​បាន​ទាក់ទង​មក​គាត់​សុំ​ជួល​កៅអី​ចំនួន​១៥០​ដោយ​​ប្រាប់​ថា ជា​មន្ត្រី​សាលាខេត្ត គឺ​ថ្នាក់ដឹកនាំ​ខេត្ត​ឱ្យ​ជួល​យក​ទៅ​ប្រជុំ​រយ​:​ពេល​១​ព្រឹក ។ គាត់​យក​តម្លៃ​២៥​ម៉ឺន​រៀល ហើយ​ក៏​ព្រមព្រៀង​គ្នា ។

ពេល​ដឹក​កៅអី​ទៅ​ដល់​មុខ​សាលាខេត្ត ខាង​គាត់​សុំ​ជួប​អ្នក​ដែល​ទាក់ទង​នោះ​ផ្ទាល់ តែ​គេ​ប្រាប់​ថា ​ជាប់រវល់​នៅ​ក្រៅ​ខេត្ត ហើយ​ប្រាប់​ឱ្យ​ជួប​នគរបាល​ដែល​យាម​នៅ​មុខ​សាលាខេត្ត​នោះ ។ ភ្លាម​ៗ គេ​ក៏​រក​កន្លែង​ឱ្យ​ទម្លាក់​កៅអី​នៅ​ក្នុង​សាលាខេត្ត ត្រង់​អគារ​ដែល​ទើបនឹង​សាងសង់​ថ្មី ។ នៅ​ពេល​រួចរាល់ គាត់​ក៏​សុំ​នគរបាល​ដែល​យាម​នៅ​មុខ​សាលាខេត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ រហូត​ដល់
រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ស្រាប់តែ​ទាក់ទង​ទៅម្ចាស់​លេខ​ទូរស័ព្ទ​ខាងលើ​អត់​ចូល លុះ​មិន​អស់ចិត្ត នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា គាត់​ប្រើ​កូន​ឲ្យ​ទៅ​រក​មើល​នៅ​សាលាខេត្ត​អត់​ឃើញ​កៅអី​នោះ​ទេ ហើយ​នៅ​ពេល​សួរនាំ​នគរបាល​ដែល​យាម​ទីនោះ​គេ​ថា យក​ទៅ​សាលាក្រុង​ប៉ៃលិន ព្រោះ​ដាក់​ច្រឡំ​កន្លែង ។

នៅ​ពេល​ទៅ​ដល់​សាលាក្រុង ខាង​មន្ត្រី​នៅ​ទី​នោះ​អត់​ដឹង​រឿង​អ្វី​ទាំងអស់ ទើប​សួរនាំ​ទៅ​មាន​គេ​ប្រាប់​ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​ជួល​អ្នក​ស៊ីឈ្នួល​បើកបរ​រថយន្ត​ម្នាក់​ឈ្មោះ សួត រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ឱ្យ​ដឹក​កៅអី​ទាំងនោះ​យក​ទៅ​ខេត្តកំពង់ចាម​បាត់​អស់​ទៅ​ហើយ ។

លោក កោះ រិ​ទ្ធី និយាយ​ទាំង​អួល​ដើម​ក​ទៀត​ថា គាត់​មិន​អស់ចិត្ត​ឡើយ ដោយ​ក្រុម​ជនខិលខូច​ទាំងនោះ​ហ៊ាន​យកឈ្មោះ​សាលាខេត្ត​ប៉ៃលិ​ន​មក​បោកប្រាស់ គឺ​បោក​គាត់​គិត​ជា​ប្រាក់​ចំនួន​៤.៥០០​ដុល្លារ ដែល​ជា​តម្លៃ​គាត់​ទិញ​កៅអី កាលពី​ឆ្នាំ​មុន ក្នុង​១​តម្លៃ​៣០​ដុល្លារ ។ គាត់​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល​ស្រុក​រួចរាល់​អស់ហើយ តែ​រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​ដឹង​យ៉ាងណា​នោះ​ទេ ហើយ​សង្ឃឹមថា នឹង​មាន​ពន្លឺ​ខ្លះ​ៗ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក មាឃ សា​រ៉​ន អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ខាង​លោក​កំពុង​ពិនិត្យ​មើល​ឯក​សារ និង​តាមស៊ើបអង្កេត​រឿង​ចោរ​បោកប្រាស់​យក​កៅអី​ជន​រង​គ្រោះ​នេះ​ហើយ ។ មន្ត្រី​មួយ​រូប​និយាយ​ថា សម័យ​បច្ចេក​វិទ្យា​នេះ អាច​រកមុខ​ជន​បោក​ប្រាស់​នេះ​ឃើញ តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​ទាក់ទង​មក​ម្ចាស់​តុ​ការ ដោយ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ស្រាវ​ជ្រាវ​ពី​ទីតាំង​ដែល​ទាក់ទង​មក អាច​នឹង​មាន​ពន្លឺ​មិន​ខាន តែ​ត្រូវការ​ពេលវេលា​ខ្លះ ​ក្នុង​ការ​ស្រាវជ្រាវ ៕ ​

អត្ថបទសរសេរ ដោយ