ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានប្រកាស ដាក់ឲ្យដំណើរការខ្សែទស្សនាថ្មី នៃប្រាសាទបាយ័ន ដោយចាប់អនុវត្តពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តទៅ។ នោះគឺភ្ញៀវទេសចរ អាចទស្សនាប្រាសាទបាយ័ន នៅជាន់ទី១ និងទី២ ព្រមទាំងផ្នែកដទៃទៀត ក្រៅពីជាន់ទីបី។ ជាន់ទីបី នៅប្រាង្គកណ្តាល ត្រូវបានបិទ ដើម្បីធ្វើការជួសជុល។
សេចក្តីប្រកាស ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យអនុវត្តតាមខ្សែទស្សនាថ្មី នៅប្រាសាទបាយ័ន ដែលមាន ៣ជម្រើស រួមមាន៖ ជម្រើសរយៈពេលខ្លី ( ៥៥នាទី ) ជម្រើសរយៈពេលមធ្យម ( ១ម៉ោង ១៥នាទី ) និងជម្រើសរយៈពេលវែង ( ១ម៉ោង ៤៥នាទី )។ ជម្រើសនិមួយៗ អនុញ្ញាតឲ្យទេសចរ ឆ្លងកាត់ផ្នែកសំខាន់ៗ ដូចជា ផ្ទាំងចម្លាក់សាច់រឿង ចំណុចសំខាន់ ដែលពុំធ្លាប់ទស្សនាបានទូលំទូលាយកាលពីពេលមុន ទីតាំងថតរូបប្រាសាទបានស្អាតៗ ជាដើម។
ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរា ក៏បានប្រកាសថា ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជា ជណ្តើរ រនាំងរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវ….។ល។ ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ ដើម្បីសម្រួលដល់ដំណើរការនៃខ្សែទស្សនាផងដែរ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា នឹងដាក់ឲ្យដំណើរការខ្សែទស្សនាថ្មីនេះ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តទៅ៕
ចែករំលែកព័តមាននេះ