ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទ​ជាមួយ​ទីប្រឹក្សានៃក្រសួងការបរទេស​សហរដ្ឋអាមេរិក

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា…

ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានទទួល​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Derek Chollet ទីប្រឹក្សា​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដោយបាន​ពិភាក្សា​ពី​បញ្ហា​ទ្វេភាគី និង​តំបន់ ដែលជា​ការព្រួយបារម្ភ និង​ផលប្រយោជន៍​រួម​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​

​សេចក្តីប្រកាស លើកឡើងថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សង្កត់ធ្ងន់ថា បើទោះបី​ជាមាន​បញ្ហាលំបាក​ខ្លះៗ​ក៏ដោយ កម្ពុជា​តែង​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ដែល​កំពុង​ស្ថិតនៅលើ​គ​ន្ល​ង​ត្រឹមត្រូវ និង​រីកចម្រើន​លូតលាស់​លើ​វិស័យ​ជាច្រើន រួមមាន ពាណិជ្ជកម្ម និង​វិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការដោះមីន បេសកកម្ម​ថែរក្សា​សន្តិភាព ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន ក្នុងពេល​សង្គ្រាម ការធ្វើ​មាតុភូមិ​និវត្តជន​ជាតិខ្មែរ​ពី​សហរដ្ឋអាមេរិក និង​អ្នកស្ម័គ្រចិត្ត​ទីភ្នាក់ងារ Peace Corps​។

​ទន្ទឹមនឹង​ការថ្លែងអំណរគុណ ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា លើ​វិស័យ​នានា លោក​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​សម្តែង​នូវ​ក្តីសង្ឃឹម ចង់ឃើញ​ការចូលរួម​ប្រកបដោយ​ស្ថាបនា និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ដែល​នឹង​បង្កើន​ទំនុកចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​។ ភាគី​ទាំងពីរ បាន​ប្តេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង​មិត្តភាព និង​ពង្រីក​កិច្ច​សហ​-​ប្រតិបត្តិការ​បន្ថែមទៀត លើ​គ្រប់​វិស័យ​ដែលមាន​សក្តានុពល​។

​ក្រសួងការបរទេស ប្រកាសថា ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ របស់​កម្ពុជា លោក ប្រាក់ សុខុន បាន​ជម្រាប លោក Chollet អំពី​អាទិភាព ដែល​កម្ពុជា បានកំណត់​សម្រាប់​ឆ្នាំក្រោយ និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ពង្រឹង​ម​ជ្ឈ​ភាព និង​ភាព​ធន់​របស់​អាស៊ាន ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​និង​ក្រៅ​តំបន់​អាស៊ីអាគ្នេយ៍​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​សម្តែង​អំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​អាស៊ាន និង​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន ផងដែរ​។

​លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក​ទីប្រឹក្សា Chollet ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ការវិវឌ្ឍ​នៃ​ស្ថានការណ៍​ក្នុង​តំបន់ និង​អន្តរជាតិ​នានា ដូចជា ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ បញ្ហា​មី​យ៉ាន់​ម៉ា​។​ល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ