អគ្គ​ព្រះរាជអាជ្ញា​រង ជម្រុញ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​អនុវត្ត​ច្បាប់ និង​ក្រមសីលធម៌


ខេត្ត​ប៉ៃលិន ៖ ក្រម​នី​តី​វិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ព្រះរាជអាជ្ញា​ជា​អ្នកដឹកនាំ និង​សម្របសម្រួល​សកម្មភាព​ការងារ របស់​មន្ត្រី​នគរបាល​យុត្តិធម៌ និងភ្នាក់ងារ នគរបាល​យុត្តិធម៌​ទាំងអស់ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌ គឺជា​ជំនួយ​របស់​អំណាចតុលាការ ។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ស៊ិ​ន រិ​ទ្ធ អគ្គ​ព្រះរាជអាជ្ញា​រង នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​កិច្ចសហការ​ណ៍ រវាង​អយ្យការ​តុលាការ និង​មន្ត្រី​នគរបាល​យុត្តិធម៌ ក្នុង​ការ​អនុវត្ត​ច្បាប់ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ព្រហ្មទណ្ឌ ដែល​រៀប​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្រោម​អធិបតីភាព​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចូលរួម​ពី​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មន្ត្រី​សាលាដំបូង អង្គការសិទ្ធិមនុស្ស ព្រមទាំង​មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​ក្នុង​ខេត្ត​ជា​ច្រើន​រូប​ថែម​ទៀត​ផង ។

ឯកឧត្តម ស៊ិ​ន រិ​ទ្ធ បាន​លើក​ឡើង​បន្ត​ទៀត​ថា មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​តែ​បង្ក្រាប​បទល្មើស មិន​ថា​ថ្ងៃ​ឬ​យប់​នោះ​ឡើយ ហើយ​រាល់​ការ​ឆែកឆេរ ឬ​ចុះ​ចាប់​ឃាត់ខ្លួន​ត្រូវ​តែ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ភ្លាម ដើម្បី​ផ្តល់​ជា​ដំណឹង កុំឱ្យ​មានការ​ថ្លោះធ្លោយ​ដោយ​ប្រការ​ណាមួយ ។ ជាមួយ​គ្នា​នេះ​ដែរ ព្រះរាជអាជ្ញា​អម​សាលាដំបូង លោក ជុំ សែន​សទ្ធា បាន​ណែនាំ ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់​ថា ក្នុង​ករណី​ណា​ក៏​ដោយ មន្ត្រី​នគរបាល​យុត្តិធម៌ មិន​អាច​តម្កល់​រឿង​ទុក​ដោយ​ឥត​ចាត់ការ​បាន​ទេ បើ​ទោះបីជា​ក្រោយ​ពី​មានការ​សម្រុះសម្រួល​គ្នា​រវាង​ជនល្មើស និង​ជន​រង​គ្រោះ ឬ​ក៏​មានការ​ដក​ពាក្យបណ្តឹង​ក៏​ដោយ ។ លើស​ពី​នេះ​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​រក្សា​ទុក​កំណត់ហេតុ និង​វត្ថុ​តាង​ដោយ​ចេតនា ឬ​លាក់កំបាំង​ដល់​អាជ្ញាធរ​តុលាការ​អំពើ​អត្ថិភាព​នៃ​កំណត់ហេតុ ឬ​វត្ថុ​តាង​ត្រូវ​ចាត់​ទុក​ថា មន្ត្រី​នគរបាល​យុត្តិធម៌​នោះ​បាន​ប្រព្រឹត្ត​បទល្មើស ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​ទៅ​នឹង​ជំពូក ស្តី​ពី​ការ​ស្រាវជ្រាវ​រក​វត្ថុ​តាង ។

លោក​បន្ត​ទៀត​ថា រាល់​កំហុស​ទាំងឡាយ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​ក្នុង​ពេល​អនុវត្ត​ច្បាប់​មុខងារ​របស់​ខ្លួន ត្រូវ​តែ​រាយការណ៍​ដោយ​ព្រះរាជអាជ្ញា ដល់​អគ្គ​ព្រះ រាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ដើម្បី​ផ្តើម​នីតិវិធី​ខាង​វិន័យ ។ ដោយឡែក ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​សំណូមពរ​ទៅ​ដល់​តុលាការ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ពិសេស​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់ ក្នុង​ការ​ចុះ​បំពេញការងារ ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ឆន្ទៈ​បម្រើ​រាស្ត្រ ដោយ​ពិតប្រាកដ ជៀសវាង​ប្រើ​ល្បិច​កិច្ចកល​ធ្វើបាប​ប្រជាពលរដ្ឋ ។ ឯកឧត្តម​បាន បន្ត​ទៀត​ថា សូម​ឱ្យ​អ្នក​អនុវត្តន៍​ច្បាប់​ទាំងអស់​ចូលរួម​ធ្វើ​សកម្មភាព ស្រប​នឹង​នយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រយោជន៍​រួម គឺ​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ជៀសវាង​កើត​បញ្ហា​ណាមួយ​ពលរដ្ឋ​ចោទប្រកាន់​ទៅ​លើ​ច្បាប់ ឬ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ការងារ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ