ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវីរាជរដ្ឋា​ភិបាល ចេញសេចក្តីថ្លែង​ការណ៍ អំពីវិធានការអនុវត្តសាលក្រមសាលដីកា លើទ្រព្យសម្បត្តិរបស់ទណ្ឌិត សម រង្ស៉ី

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ មេធាវី​រាជរដ្ឋាភិបាល ដែលមាន​លោក​មេធាវី គី តិច ជា​ប្រធាន បានចេញ​សេចក្តីថ្លែងការណ៍ ចំពោះ​វិធានការ​អនុវត្ត​សាលក្រម​សាលដីកា​លើ​ទ្រព្យសម្បត្តិ​របស់​ទណ្ឌិត…

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ មេធាវី​រាជរដ្ឋាភិបាល ដែលមាន​លោក​មេធាវី គី តិច ជា​ប្រធាន បានចេញ​សេចក្តីថ្លែងការណ៍ ចំពោះ​វិធានការ​អនុវត្ត​សាលក្រម​សាលដីកា​លើ​ទ្រព្យសម្បត្តិ​របស់​ទណ្ឌិត សម រ​ង្ស៉ី​។ នោះ​គឺ​តុលាការ សម្រេច​រឹបអូស និង​ដាក់​លក់ឡៃ​ឡុង​ដី និង​ផ្ទះ ដែលជា​អតីត​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្លូវជាតិ​លេខ​២ ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​មេធាវី​រាជរដ្ឋាភិបាល បាន​លើកឡើងថា «​កម្ពុជា​គ្មានទេ អ្នកទោសនយោបាយ ប៉ុន្តែ​មាន​អ្នកនយោបាយ​ជាប់ទោស ដោយសារ​ប្រព្រឹត្តិ​ល្មើសច្បាប់​។ ជន​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​ទទួលទោស និង​ទណ្ឌកម្ម តាម​ការកំណត់​នៃ​ច្បាប់​។ ការអនុវត្ត​ទោសទណ្ឌ​តាម​សេចក្តីសម្រេច​របស់​តុលាការ ដែល​បាន​ឆ្លងកាត់​ដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់ និង​ក្លាយជា​សេចក្តីសម្រេច​ស្ថាពរ​រួចហើយនោះ ជា​និយាម​អនុវត្ត​ទូទៅ និង​ជា​ប្រក្រតី នៅ​គ្រប់​បណ្តា​ប្រទេស​ដែល​ប្រកាន់យក​នីតិរដ្ឋ​»​។​

​សេចក្តីថ្លែងការណ៍ បន្តថា «​នៅពេលដែល​បុគ្គល​ណា​ម្នាក់ ប្រព្រឹត្ត​អំពើ​ដែលជា​បទល្មើស​ព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​កំណត់​ចែង​នូវ​ទោស​ដាក់ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់ ជាអាទិ៍ ដែលជា​លទ្ធផល​នៃ​បណ្តឹងអាជ្ញា និង​ទណ្ឌកម្ម​សំណង​ផ្នែក​រដ្ឋប្បវេណី ដែលជា​លទ្ធផល​នៃ​បណ្តឹងរដ្ឋប្បវេណី ដើម្បី​ជួសជុល​ការខូចខាត​របស់​ជន​រងគ្រោះ ដែល​បណ្តាលមកពី​អំពើ​ល្មើស​នោះ​។ ប្រសិនបើ​ពិរុទ្ធជន មិន​អនុវត្ត​សង​សំណង​ជួសជុល​ការខូចខាត ដល់​ដើមបណ្តឹង​ដោយ​ស្ម័គ្រចិត្ត​ទេ ដើមបណ្តឹង​មាន​សិទ្ធិ​សុំឱ្យ​តុលាការ រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពិរុទ្ធជន​យកទៅ​លក់ឡៃ​ឡុង ដើម្បី​យកប្រាក់​មក​សង​សំណង​ទៅតាម​ការកំណត់​នៃ​សាលក្រម ឬ​សាលដីកា ដែល​បាន​ចូល​ជា​ស្ថាពរ ឬ​ដែលមាន​អានុភាព​អនុវត្ត​ដោយ​បង្ខំ​បើទោះបីជា​ពិរុទ្ធជន​បានគេច​ខ្លួន មិនទាន់​អាចឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច អនុវត្ត​ទោស​ព្រហ្មទណ្ឌ​លើ​បុគ្គល​នោះ​ក្តី​»​។​

​សេចក្តីថ្លែងការណ៍ បន្ថែមថា «​បុគ្គល​ឈ្មោះ សម រង្ស៊ី និង ជូ​ឡុង សូ​មួ​រ៉ា បាន​ប្រព្រឹត្ត​អំពើ​ដែល​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​បញ្ញត្តិ​ថា ជា​បទល្មើស​។ នីតិវិធី​របស់​តុលាការ បាន​ប្រព្រឹត្ត​ទៅតាម​លំដាប់លំដោយ រហូត​ចប់សព្វគ្រប់​តាមច្បាប់​ជា​ធរមាន ហើយ​បុគ្គល​នេះ​ត្រូវបាន​តុលាការ​រកឃើញ​មាន​ពិរុទ្ធភាព​ចំពោះ​ការប្រព្រឹត្ត​អំពើ​ល្មើស​នឹង​ច្បាប់ព្រហ្មទណ្ឌ តាមរយៈ​សេចក្តីសម្រេច​របស់​តុលាការ ដែល​បាន​ក្លាយជា​ស្ថាពរ បិទផ្លូវ​តវ៉ា និង​មាន​អានុភាព​អនុវត្ត ដែលជា​លទ្ធផល​បានកំណត់​ផ្ដន្ទាទោស​ជនល្មើស​នេះ​ពីបទ​ព្រហ្មទណ្ឌ និង​កំណត់​ផ្តល់​សំណង​រដ្ឋប្បវេណី ជូន​ដើមបណ្តឹង​ជា​ជនរងគ្រោះ​»​។​

​សេចក្តីថ្លែងការណ៍​ដដែល បន្ថែមថា «​បច្ចុប្បន្ន បុគ្គល​បំពាន​ច្បាប់​ឈ្មោះ សម រង្ស៊ី និង ជូ​ឡុង សូ​មួ​រ៉ា ត្រូវ​ប្រឈម​នឹង​អំណាច​សាលក្រម សាលដីកា ដែល​ចូល​ជា​ស្ថាពរ​ជា​បន្តបន្ទាប់​ទៀត ព្រមទាំង​បណ្តឹងសុំ​អនុវត្ត​ដោយ​បង្ខំ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​»។

​សេចក្តីថ្លែងការណ៍​ដដែល លើកឡើងថា «​នីតិវិធី​អនុវត្ត​តាមរយៈ​ការ​ចដេញ​ដីកា​សម្រេច​ចាប់ផ្តើម​ការលក់​ដោយ​បង្ខំ នូវ​អចលនវត្ថុ ដែលជា​កម្មសិទ្ធិ​របស់​ពិរុទ្ធជន​ឈ្មោះ សមរង្ស៊ី និង​ជូ​ឡុង សូ​មូរ៉ា ដែលជា​ទ្រព្យ​ឯកជន​របស់​ពិរុទ្ធ​ជននេះ ជាការ​ប្រតិបត្តិ​នូវ​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ទាំងស្រុង​។ ថ្វីត្បិតតែ​អចលនវត្ថុ​នេះ ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ជាទី​ស្នាក់ការ​នៃ​អតីត​គណបក្សនយោបាយ ប៉ុន្តែ​ទ្រព្យ​នេះ ជា​កម្មសិទ្ធិ​របស់​រូប​វ័​ន្ត​បុគ្គល ឈ្មោះ សមរង្ស៊ី និង​ជូ​ឡុង សូ​មូរ៉ា ដែលមាន​កាតព្វកិច្ច ត្រូវ​សង​សំណង​រដ្ឋប្បវេណី តាម​អំណាច​នៃ​សេចក្តីសម្រេច​ស្ថាពរ​របស់​តុលាការ ហើយ​មិនបាន​សង​សំណង​នោះ​ដោយ​ស្ម័គ្រចិត្ត​»​។​

​សេចក្តីថ្លែងការណ៍ ក៏បាន​បន្ថែមថា «​នៅពេលដែល​នីតិវិធី​លក់​ដោយ​បង្ខំ ត្រូវបាន​អនុវត្ត​ចប់​រួចរាល់​លើ​អចលនវត្ថុ​នេះ អចលនវត្ថុ​នេះ នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នកទិញ ដែល​បាន​ដេញថ្លៃ​ទិញ​ពី​តុលាការ ហើយ​បុគ្គល​សមរង្ស៊ី និង​ជូ​ឡុង សូ​មូរ៉ា ឬ​ជន​ណាក៏ដោយ គ្មាន​សិទ្ធិ​ទទួលបាន​អចលនវត្ថុ​នេះ​វិញ​ឡើយ​។ ការ​រឹបអូស និង​ដាក់លក់​ទ្រព្យសម្បត្តិ​របស់​ពិរុទ្ធជន ឬ​កូនបំណុល តាមផ្លូវ​តុលាការ ជា​នីតិវិធី​អនុវត្ត​ជា​ប្រក្រតី លើ​គ្រប់​បុគ្គល ដែលមាន​កាតព្វកិច្ច​ស​ង​សំណង​រដ្ឋប្បវេណី មិនមែន​អនុវត្ត​ចំពោះតែ​សមរង្ស៊ី និង​ជូ​ឡុង សូ​មូរ៉ា ទេ​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ