ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ បដិសេធ មិនចុះឈ្មោះ​គណបក្សបេះដូងជាតិ ក្នុងបញ្ជីផ្លូវការឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទីបំផុត ក្រសួងមហាផ្ទៃ បានសម្រេច បដិសេធ ក្នុង​ការសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ​។ ការបដិសេធ​នេះ ធ្វើឡើង​តាម​លិខិត​ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ​៖ ទីបំផុត ក្រសួងមហាផ្ទៃ បានសម្រេច បដិសេធ ក្នុង​ការសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ​។ ការបដិសេធ​នេះ ធ្វើឡើង​តាម​លិខិត​ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជម្រាបជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​។​

​ការសម្រេច​បដិសេធ​ដូច្នេះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង យោងតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ លិខិត​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ និង​ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ រួមទាំង​លិខិត​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ចុះ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ក្នុង​លិខិត ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​តំណាង​ស្ថាបនិក​គណបក្ស បេះដូង​ជាតិ ថា ផ្អែក​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេច​បដិសេធ​ការសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ ដោយសារ​ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​បេះដូង​ជាតិ ដើម្បី​គាំទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្តិត​ធ្វើ​ឲ្យ​ខូចគុណភាព ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក ព្រមទាំង​ខ្លឹមសារ​ប្រការ​មួយចំនួន នៃ​លក្ខន្តិកៈ​គណបក្ស ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផងដែរ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត ប្រាប់​ទៅ​តំណាង​គណបក្ស​បេះដូង​ជាតិ ឲ្យ​កែសម្រួល និង​បំពេញ​ឯកសារ ដើម្បី​ចុះបញ្ជី​គណបក្ស​ថ្មី​នេះ​។ សម្តេច​ក្រឡាហោម ស ខេង បាន​ព្រមាន​ថា នឹងមិន​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ ហើយ​ទុកពេល​ឲ្យ ១៥​ថ្ងៃ ដើម្បី​កែតម្រូវ និង​បំពេញ​ឯកសារ​ទាំងនោះ​។​

​គណបក្ស​បេះដូង​ជាតិ បង្កើតឡើង​ដោយ​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន លោក សៀម ភ្លុក ជា​តំណាង​ស្ថាបនិក​។​

​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ចេញ​លិខិត អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​បេះដូង​ជាតិ តាម​លិខិត​ស្នើសុំ​របស់លោក សៀម ភ្លុក ជា​តំណាង​ស្ថាបនិក​គណបក្ស​ថ្មី​នេះ​។ តែ​ក្រសួងមហាផ្ទៃ តម្រូវ​ឲ្យ​បំពេញ​លក្ខខណ្ឌ និង​ឯកសារ​មួយចំនួន ដើម្បី​ចុះបញ្ជី​គណបក្ស​ថ្មី​នេះ ឲ្យ​ស្របតាម​ច្បាប់​។​

​សូម​រម្លឹកថា ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បាន​ចូលរួម និង​បង្កើត​គណបក្ស​ថ្មី យ៉ាងហោចណាស់ ៦​គណបក្ស រួមមាន​៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​គង់​គាំ ចូលរួម​ដឹកនាំ​ជាមួយ​កូនប្រុស​ពៅ​របស់លោក ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់​ក្រុម​លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ប៉ុល ហំ​ម ៥-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ និង​៦-​គណបក្ស​បេះដូង​ជាតិ ដែលមាន​លោក សៀម ភ្លុក ជា​តំណាង តែ​គេ​ដឹងថា គណបក្ស​នេះ បង្កើត​ដោយ​ក្រុម​លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ