រាជធានីភ្នំពេញ ៖ ករណីស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភ បើអ្នកមិនចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ដែលទាមទារឲ្យយើងម្នាក់ៗគោរពច្បាប់ ខណៈដែលករណីស្លា.ប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាថយចុះជាបន្តបន្ទាប់ ។

លោក ជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសម្តែងក្តីបារម្ភចំពោះករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក ដោយសារការមិនគោរពច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលបើកបរ ។
លោកជំទាវបានឲ្យបញ្ជាក់ ក្នុងឱកាសផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅកំណាត់ផ្លូវជាតិលេខ៦ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ «យើងបានធ្វើការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនថា នៅភ្នំពេញទេ សូម្បីតែនៅតាមបណ្តារាជធានីខេត្តនានា ក៏បានធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរចារណ៍ » ។

លោកជំទាវបានគូសបញ្ជាក់ថា ៖«គ្រោះថ្នាក់ចរាចរណ៍សម្លាប់ជីវិតមនុស្សច្រើនណាស់ អីញ្ចឹងបើយើងណែនាំកុំគ្រោះថ្នាក់ចរាចរណ៍ គឺជាការធ្វើបុណ្យមួយធំណាស់ ។ អីញ្ចឹង សូមជួយផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹង» ។
លោកជំទាវថា ការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះដោយសារស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានធូរស្រាល ដោយសារពលរដ្ឋបានទទួលវ៉ាក់សាំងការពារបានច្រើន ។
លោកជំទាវថា ៖«អាលូវនេះ យើងប្រយុទ្ធឈ្នះជំងឺកូវីដហើយតែយើងករណីគ្រោះថ្នាក់ចរាចណ៍មួយទៀតធ្វើយ៉ាងណាប្រយុទ្ធឲ្យឈ្នះ ដើម្បីការពារអាយុជីវិតយើងនៅតាមដងផ្លូវ ។ អាលូវកូវីដ១៩ស្លា.ប់នៅសល់ប្រមាណ៥ ឬ៦នាក់ទេ តែគ្រោះថ្នាក់ចរាណ៍មានចំនួនច្រើនដែលជាការឲ្យព្រួយបារម្ភ» ។

ជាមួយគ្នានោះដែរ លោកជំទាវបានលើកឡើងថា ក្នុងពិធីបុណ្យុអ៊ុំទូកក៏ដូចជា ការបើកដំណើរប្រទេសឡើងវិញ ក្រោយករណីឆ្លងជំងឺកូវីដ១៩ ធូរស្រាល សូមកុំពិសាគ្រឿងស្រវឹង ហើយបើកបរ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ក៏បានកើតឡើងដោយសារផឹកគ្រឿង ស្រវឹងហើយបើកបរ ។

លោកជំទាវក៏បានអំពាវនាវដល់អ្នកបើកកុំបើកបរល្បឿនលឿន និងត្រូវតែស្វែងយល់ពីសិទ្ធអាទិភាពនៅពេលបើកបរ ការវ៉ាជែក ការបត់ក្នុងស្ថានភាពគ្រោះថ្នាក់…។ ចំណែកនាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងរងនគបាលជាតិបានឲ្យដឹងថា នៅខេត្តកញ្ញានិងខែតុលា ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលហើយរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ នៅគ្រប់វិស័យនោះបានធ្វើឲ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ឡើងខ្ពស់ បន្ទាប់ពីស្ថានភាពចរាចរណ៍មានការកើនឡើង ។

លោកនាយឧត្តមសេនីយ៍បានអះអាងថា គ្រោះថ្នាក់ដែលកើតឡើងភាគីច្រើននៅពេលយប់កើតឡើងចំពោះអ្នកជិះម៉ូតូមាន៧៧% នៃចំនួនអ្នករងគ្រោះ ហើយក្នុងចំណោមនោះអ្នកមិនពាក់មួក៧២% ។
លោកនាយឧត្តមសេនីយ៍ថា នៅថ្ងៃដដែលនេះក៏មានការផ្សព្វផ្សាយអប់រំ ដល់អ្នកបើកបររថយន្តធ្ងន់ធ្ងរដែលរយៈពេល១ម៉ោងបានអប់រំអ្នកបើកបរ៦០គ្រឿងដោយអប់រំឲ្យអ្នកបើកបរតាមគន្លងកណ្តាល ឬគន្លងខាងស្តាប់ ។ តែលើកលែងក្នុងករណីបទឆ្វេង ឬវ៉ាក់មានឧបសគ្គនៅ ។
លោកបញ្ជាក់ថា ៖«គោលបំណងយើង គឺអប់រំគិតពីសុវត្ថិភាព និងការប្រើប្រាស់គន្លងផ្លូវរចំពោះរថយន្តធំៗ» ។ លោកនាយឧត្តមសេនីយ៍បានឲ្យដឹងពេលនេះ ខាងនគបាលកំពុងរៀបចំបទដ្ឋានបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែយល់ដឹងដោយសាររយៈពេលមក នេះផ្លូវបានធ្វើការសាងសង់ច្រើន ដូចជា ការពង្រីក ផ្លូវ សាងសង់ផ្លូវល្បឿនលឿនជាដើម ។
លោកថា៖«យើងនឹងរៀបចំអនុក្រឹត្យស្តីពីការត្រួតពិនិត្យល្បឿនឡើងវិញបទដ្ឋានស្តីពីការប្រកាសឲ្យប្រើប្រាស់គន្លងផ្លូវ» ។
បើតាមលោកនាយឧត្តមសេនីយ៍បានលើឡើងថា បច្ចុប្បន្នអត្រាការប្រើប្រាស់យាន្តយន្តមានសន្ទុះខ្លាំងដែលឆ្នាំខ្លះមានរហូតដល់៥០% និង២០% ដែលមកដល់ពេលនេះរថយន្ត មានប្រមាណ២លានគ្រឿង និងម៉ូតូប្រមាណ៦លានគ្រឿង ។
លោកនាយឧត្តមសេនីយ៍បានលើកឡើងថា មានប្រជាពលរដ្ឋភាគច្រើបានយល់ដឹងពីច្បាប់ចរាចរណ៍ ហើយនៅប្រជាជនពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះមិនទាន់បានយល់ដឹងពីច្បាប់ចរាចរណ៍ ។
ទោះបីជាយ៉ាងណា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងនគរបាលតែខិតខំធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យប្រជាពលរដ្ឋបានយល់ដឹង ដើម្បីយ៉ាងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍នៅក្នុងប្រទេសកម្ពុជា ។
លោកបញ្ជាក់ថា ៖«អាលូវនេះបណ្តាញសង្គមបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចជា ប្រាប់ទីតាំងករណីគ្រោះថ្នាក់ការផាកពិន័យអ្នកមិនគោរពច្បាប់ «…» ហើយក៏ធ្វើការបន្តផ្សព្វផ្សាយទៀត ដើម្បីធ្វើយ៉ាងណាដាស់ស្មារតីគាត់ឲ្យគោរពច្បាប់» ៕
ចែករំលែកព័តមាននេះ