ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ឥណ្ឌា​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​16​ខែ​ជាប់​ៗ​គ្នា

8 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ការ​នាំ​ចេញ​របស់​ឥណ្ឌា​បាន​ធ្លាក់​ចុះ​៥,៥% នៅ​ក្នុង​ខែមីនា គិត​ជា​ទឹកប្រាក់​ចំនួន​២២,៧​ប៊ី​លាន​ដុល្លារ ដែល​ជា​ការ​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា​ក្នុង​រយៈពេល​១៦​ខែ​តែ​ម្តង ពោល​គឺ​ដោយសារ​តែ​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ

ប្រទេស​ឥណ្ឌា ៖ ការ​នាំ​ចេញ​របស់​ឥណ្ឌា​បាន​ធ្លាក់​ចុះ​៥,៥% នៅ​ក្នុង​ខែមីនា គិត​ជា​ទឹកប្រាក់​ចំនួន​២២,៧​ប៊ី​លាន​ដុល្លារ ដែល​ជា​ការ​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា​ក្នុង​រយៈពេល​១៦​ខែ​តែ​ម្តង ពោល​គឺ​ដោយសារ​តែ​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ និង​ទំនិញ​ផ្នែក​វិស្វកម្ម​បាន​ធ្លាក់​ចុះ ស្រប​ពេល​ដែល​តម្រូវការ​សកល​មិនសូវ​មាន​ខ្លាំង ។

កាលពី​ខែ​មុន ឱនភាព​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ត្រឹម​៥,១​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​ខ្សោយ​ដូច​គ្នា​ក្នុង​អត្រា​២១,៦% ស្មើនឹង​ទឹកប្រាក់​ចំនួន​២៧,៨​ប៊ី​លាន​ដុល្លារ។ មិនតែប៉ុណ្ណោះ គម្លាត​ពាណិជ្ជកម្ម​រវាង​ការ​នាំ​ចេញ និង​ការ​នាំ​ចូល មាន​ទឹកប្រាក់​ស្មើនឹង​១១,៤​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៥ ។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា និន្នាការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​នេះ គឺ​វា​ស្រប​ទៅ​នឹង​សេដ្ឋកិច្ច​ពិភពលោក​ធំ​ៗ​ផង​ដែរ ។ កំណើន​នៃ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ខ្សោយ​សម្រាប់​សហរដ្ឋអាមេរិក​មាន​អត្រា​១០,៨%, សហគមន៍​អឺរ៉ុប​៧,៤%, ចិន​១១,៤% និង​ជប៉ុន​១២,៩% ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៦ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ទន្ទឹម​នឹង​នេះ កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​បាន​រើប​ឡើង​វិញ និង​លំហូរ​វិនិយោគទុន​ពី​បរទេស​បាន​បន្ត​កើនឡើង ខណៈ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ខ្សោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Arun Jaitley ថ្លែង​ថា ៖ « នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ត្រូវ​បាន​គេ​ព្រួយបារម្ភ​អំពី​កំណើន​នាំ​ចេញ ដែល​បាន​បន្ត​ធ្លាក់​ចុះ​ខ្សោយ​អស់​រយៈពេល​ច្រើន​ជាង​១​ឆ្នាំ ដោយសារ​តែ​តម្រូវការ​សកល​ធ្លាក់​ចុះ » ។

ជាមួយ​គ្នា​នេះ ការ​នាំ​ចេញ​ផលិតផល​ប្រេងឥន្ធនៈ​ទៅ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ​រហូត​ដល់​២១,៤% ស្មើនឹង​២,១​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ខែមីនា ខណៈ​ការ​នាំ​ចេញ​ទំនិញ​ផ្នែក​វិស្វកម្ម​បាន​ធ្លាក់​ចុះ​ដល់​អត្រា​១១,៣% ស្មើនឹង​៥,៣​ប៊ី​លាន​ដុល្លារ ។

សម្រាប់​អំឡុង​ខែមេសា​-​មីនា ឆ្នាំ​២០១៥-២០១៦ ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ត្រឹម​១៥,៩% គិត​ជា​ទឹកប្រាក់​ចំនួន​២៦១,១​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​២០១៤-២០១៥ មាន​ទឹកប្រាក់​៣១០,៣​ប៊ី​លាន​ដុល្លារ ។ រីឯ​ការ​នាំ​ចូល​វិញ​បាន​ធ្លាក់​ចុះ​រហូត​ដល់​១៥,៣% ស្មើនឹង​៣៧៩,៦​ប៊ី​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​១១៨,៥​ប៊ី​លាន​ដុល្លារ ។ ក្នុង​នោះ​ដែរ គម្លាត​ពាណិជ្ជកម្ម​មាន​ទឹកប្រាក់​១៣៧,៧​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៤-២០១៥​។

ដោយឡែក តម្លៃ​នាំ​ចូល​ប្រេង​កាលពី​ខែ​មុន មាន​ចំនួន​៤,៨​ប៊ី​លាន​ដុល្លារ ស្មើនឹង​៣៥,៣% ពោល​គឺ​មាន​តម្លៃ​ទាប​ជាង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ចំណែក​ការ​នាំ​ចូល​ផលិតផល​មិនមែន​ប្រេង បាន​ធ្លាក់​ចុះ​១៧,៩% ឬ​ស្មើនឹង​២២,៩​ប៊ី​លាន​ដុល្លារ ។

ជាមួយ​គ្នា​នេះ​ដែរ ការ​នាំ​ចូល​មាស​នៅ​ក្នុង​ខែមីនា បាន​ធ្លាក់​ចុះ​៨០,៥% ស្មើនឹង​ទឹកប្រាក់​៩៧២,៩​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ទឹកប្រាក់​៤,៩​ប៊ី​លាន​ដុល្លារ ៕