គម្ពីរព្រះអភិធម្មបានពន្យល់ថា ជីវិតសព្វសត្វទាំងអស់នៅក្នុងលោកនេះរមែងមិនទៀងទាត់ឡើយ តែកម្មជាកុសល និងកម្មជាអកុសលនេះឯងជារបស់ទៀង តែងប្រែប្រួលឥតឈប់ឈរ សត្វខ្លះប្រែប្រួលភ្លាមៗឃើញជាក់នឹងភ្នែក ឯខ្លះទៀតហាក់ដូចជារាងយូរបន្តិចទើបប្រែប្រួល គឺមិនមានសត្វណាគេចរួចចៀសផុតអំពីការប្រែប្រួលនៃរូបកាយនេះបានឡើយ ។

សាមញ្ញលក្ខណធម៌គឺ ការកើត ចាស់ ឈឺ ស្លា.ប់ ជាច្បាប់ធម្មជាតិតាក់តែងមក តែងប្រព្រឹត្តទៅយ៉ាងទៀងទាត់មិនមានបុគ្គលណាម្នាក់ សត្វលោកណាមួយគេចផុតបានទេ ចង់ឬមិនចង់ត្រូវតែប្រព្រឹត្តទៅតាមច្បាប់យុត្តិធម៌មួយនេះ ។
ជាតិជាមនុស្សកាលនៅវ័យក្មេង ធ្លាប់តែមានកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ស្មារតីចាំជាក់ ប៉ុន្តែដល់ពេលដែលខ្លួនចាស់ពេលណាបែរជាប្រែទៅជាខ្សោយបញ្ញា ខ្សោយទាំងកម្លាំងកាយ គឺខ្សោយវិវឌ្ឍទៅតាមវ័យ ។ មនុស្សធ្លាប់តែរស់នៅជាមួយគ្នាដោយភាពសុខសាន្ត សុភមង្គល ត្រជាក់ត្រជំសុខដុមរមនា ប៉ុន្តែនៅទីបំផុតវាជារបស់មិនទៀងទាត់ បែរជាត្រូវព្រាត់ប្រាស និរាសចាកគ្នា ប្រែក្លាយទៅជាវិយោគសោកសៅទៅវិញ នេះជាច្បាប់ធម្មជាតិ ឬហៅថាជាមរតករបស់សត្វលោក ។

អ្វីៗសព្វយ៉ាងនៅក្នុងលោកសន្និវាសនេះពិតជាគួរឱ្យសង្វេគ តក់ស្លុត រន្ធត់ចិត្តពេកក្រៃ មិនមានអ្វីទៀងទាត់ស្ថិតស្ថេរចេរកាលបានទេ មានតែកម្មជាកុសល និងកម្មជាអកុសលនេះឯងជារបស់ទៀង សត្វសាងកម្មណារមែងបានទទួលផលនៃកម្មនោះមិនខាន ៕
ចែករំលែកព័តមាននេះ