ខេត្តក្រចេះ ៖ យោងតាមសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លើកឡើងថា ខណៈពេលដែលអាជីវកម្មបៀរហ្កាឌិនត្រូវបានបិទផ្អាក គេសង្គេតឃើញថា ម្ចាស់អាជីវកម្មតូចធំ ទទូចចង់ឲ្យមានការបើកដំណើរការឡើងវិញនោះ ឥឡូវរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកឡើងវិញហើយ តែត្រូវអនុវត្តយ៉ាងម៉ឺងមាត់នូវវិធានសុវត្តភាពរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការការពាររបស់មុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣ការពារ និង៣កុំ។

ជាក់ស្ដែក កាលពីល្ងាចថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត បានចុះផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិនក្នុងក្រុងក្រចេះ ដែលបានអនុញ្ញាតឲ្យបើកដំណើរការវិញ អំពីការដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ត្រូវចូលរួមបង្ការ រក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវ ព្រមទាំងបុគ្គលិកដែលប្រើការ និងស្របពេលដែររដ្ឋបាលខេត្តបានកំពុងអនុវត្តយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ-១៩។

លោកបន្តថា ដើម្បីអនុវត្តឲ្យបានម៉ត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងគោលដៅមួយគឺថា មិនឲ្យមានជំងឺកូវីដ១៩ កើតមានក្នុងអាជីវកម្ម ក្រសួងទេសចរណ៍បានខិតខំណាស់ ក្នុងបរិបទមួយដ៏ប្រយ័ត្នប្រយែង និងបានដាក់ចេញនូវ SOP សម្រាប់អាជីវកម្មបៀរហ្គាឌិន និងតាមកន្លែងប្រក្រតីថ្មី គឺម្ចាស់អាជីវកម្មអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ចាប់ពី៨០% ឡើងទៅ និងបំពេញបានគ្រប់ចំណុចទាំងអស់ ទើបបានលិខិតទទួលស្គាល់អាជីវកម្ម។

លោកបញ្ជាក់ថា ចំពោះអាជីវកម្មខារ៉ាអូខេ ម៉ាស្សាសុខភាព មិនទាន់មានការអនុញ្ញាតឲ្យបើកដំណើរការនៅឡើយទេ សូមរង់ចាំការសម្រេចដ៏ខ្ពង់ខ្ពស់អំពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ទៀត។


ចែករំលែកព័តមាននេះ