ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​សញ្ញា​មួយ​ចំនួន​ទាក់ទង​នឹង​រោគ​ឆ្កួតជ្រូក

10 ឆ្នាំ មុន

ឆ្កួតជ្រូក​ជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ដ៏​រ៉ាំ​រ៉ៃមួយ​ទាក់ទង​នឹង​ខួរក្បាល ដែល​បង្ក​ឱ្យ​មានការ​រំខាន​ដល់​ដំណើរការ​ធម្មតា​របស់​កោសិកា​ខួរក្បាល​ម្ដង​ហើយ​ម្ដងទៀត និង​មិន​អាច​ស្មាន​បាន

ឆ្កួតជ្រូក​ជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ដ៏​រ៉ាំ​រ៉ៃមួយ​ទាក់ទង​នឹង​ខួរក្បាល ដែល​បង្ក​ឱ្យ​មានការ​រំខាន​ដល់​ដំណើរការ​ធម្មតា​របស់​កោសិកា​ខួរក្បាល​ម្ដង​ហើយ​ម្ដងទៀត និង​មិន​អាច​ស្មាន​បាន ។ ការ​រំខាន​ដល់​កោសិកា​ខួរក្បាល​អាច​ប៉ះពាល់​ដល់​សតិ​ស្មារតី​ចលនា​រាង​កាយ​ក្នុង​រយៈពេល​ខ្លី ឧទាហរណ៍ ដូច​ប្រកាច់ កន្ត្រាក់ ដួល បែកពពុះមាត់​ជាដើម​។ ការ​ផ្លាស់​ប្តូរ​នៃ​ចលនា​រាង​កាយ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ជំងឺឆ្កួតជ្រូក ។

នៅ​ប្រទេស​កម្ពុជា អ្នកជំងឺ​ឆ្កួតជ្រូក​ប្រមាណ​ជា​៦៦​ភាគរយ​ពុំ​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​ទេ ឬ​ពុំ​បាន​ទទួល​ការ​ព្យាបាល​សោះ ។ សញ្ញា​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា លោក​អ្នក​កើត​មាន​ជំងឺឆ្កួតជ្រូក​ដូច​ជា ប្រកាច់ ឬ​ស្កន្ទ ដែល​ជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​សាច់ដុំ​ក​ន្ទ្រា​ក់​ភ្លាម​ៗ​ដោយ​ឯង​ឯង ហើយ​មនុស្ស​ម្នាក់​ដែល​មាន​សញ្ញា​ប្រកាច់ ឬ​ស្កន្ទ​អាច​បែងចែក​ជា​បួន​ប្រភេទ​ដូច​ជា​ ៖

-​ការ​ប្រកាច់ ឬ​កន្ត្រាក់​សាច់ដុំ​ទាំងអស់​នៃ​ដងខ្លួន បែកពពុះមាត់ ភ្នែក​ស្លឺ​ឡើង​លើ ខាំ​គែម​អណ្ដាត ហើយ​សន្លប់​បាត់ស្មារតី​មួយសន្ទុះ ក្រោយមក​ក៏​ដឹងខ្លួន​ឡើង​វិញ និង​ភ្លេច​រឿង​ដែល​កើត​មាន​ឡើង លក្ខណៈ​ប្រភេទ​នេះ យើង​តែង​ប្រទះ​ឃើញ​ញឹកញាប់ ។

-​អ្នកជំងឺ​បាត់ស្មារតី​មួយ​ភ្លែត ភ្នែក​សម្លឹង​ទៅ​លើ​របស់​អ្វីមួយ​ជាប់ រាល់​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ត្រូវ​កាត់​ផ្ដាច់​ដូច​មនុស្ស​ភ្លឹក ។

-​អ្នកជំងឺ​មាន​អាកា​រៈ​ដូច​ជា កន្ត្រាក់​ផ្នែក​ណាមួយ​នៃ​សាច់ដុំ ស្រវាំងភ្នែក ហ៊ឹង​ត្រចៀក ធុំក្លិន​ចម្លែក រក​ពាក្យ​និយាយ​មិនឃើញ ឬ​ពិបាក តែ​ពុំ​មាន​បាត់បង់​ស្មារតី​ទេ ហើយ​អាកា​រៈ​នេះ​កើត​មាន​ដដែល​ៗ ញឹកញាប់ តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

-​អ្នកជំងឺ​មាន​ចលនា ឬ​អាកប្បកិរិយា​ចម្លែក​នៅ​លើ​ផ្នែក​ណាមួយ​នៃ​ដងខ្លួន ហើយ​ស្មារតី​គាត់​អាច​បាត់បង់ ។ ពេល​ខ្លះ​អ្នកជំងឺ​គាត់​មាន​អារម្មណ៍​ថា ដូច​ជា​ស្ថិត​ក្នុង​ភាព​យល់សប្តិ គាត់​មាន​អារម្មណ៍​ថា ធ្លាប់​បាន​ជួប​ឬ​ឃើញ​ព្រឹត្តិការណ៍​នឹង​រួច​មក​ហើយ តែ​តាម​ពិត​គាត់​មិន​ធ្លាប់​ឃើញ​ឬ​ជួប​ទាល់តែ​សោះ ។

ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូលហេតុ​ច្រើន​បែប ជំងឺ​នេះ​មិនមែន​ជា​ជំងឺឆ្លង តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​មាន​ជំងឺឆ្កួតជ្រូក​ជា​លក្ខណៈ​តំណពូជ ។ ភាគច្រើន​ជំងឺ​នេះ​បង្ក​ឡើង​ដោយសារ​តែ​ប៉ះពាល់​ខួរក្បាល​ ដូច​ជា​ការ​រលាក​សាច់​ខួរក្បាល រលាក​ស្រោមខួរ ឬ​រង​ការ​ប៉ះទង្គិច​ខួរក្បាល​ខ្លាំង ស្ទះ​ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដុំ​សាច់​ដុះ​ក្នុង​ខួរក្បាល និង​ការ​លូតលាស់​ខួរក្បាល​មិន​ប្រក្រតី​ជាដើម ។ លោក​អ្នក​ត្រូវ​ចាំ​ថា នៅ​ពេល​ដែល​កើត​មាន​អាកា​រៈ​ជំងឺឆ្កួតជ្រូក​នេះ មិន​ត្រូវ​ដាក់រ​វត្ថុ​អ្វី​ចូល​ក្នុង​មាត់ ឬ​ក៏​ឲ្យ​ជន​រង​គ្រោះ​ទទួលទាន​ភេសជ្ជៈ​ខណៈ​កំពុង​ប្រកាច់​នោះ​ទេ ៕