រាជធានីភ្នំពេញ ៖ បាត់មុខពីវិស័យសិល្បៈមួយរយៈមក លោកថៃ នរៈពិទូ បានរកឃើញគូគាប់ជីវិតរហូតឈានដល់ថ្ងៃសិរីសួស្តីសំពះផ្ទឹមជាផ្លូវការជាមួយកូនមន្ត្រីនគរបាលជាតិ ដែលមានរូបសម្បត្តិស្រស់សោភាសមគ្នាតែម្តង។ ពិធីមង្គលការនេះ បានរៀបចំជាផ្លូវការ កាលពីព្រឹកថ្ងៃទី៨ មេសា ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ L រាជធានីភ្នំពេញ។
លោកថៃ នរៈសត្យា ដែលជាឪពុកបង្កើតកូនកំលោះលោកថៃ នរៈពិទូ ជាតារាសិល្បៈធ្លាប់មានឈ្មោះល្បីគួសម បានថ្លែងថា ក្រោយពេលចំណាយចិត្តគ្នាមើលពិនិត្យមួយរយៈកាលមក ឥឡូវនេះកូនប្រុសរបស់លោកបានរៀបការពេញមុខពេញច្បាប់ជាផ្លូវការជាមួយកញ្ញា អោក រតនៈប៉ុណ្ណិកា ដែលអាចឆក់យកបេះដូងកូនប្រុសរបស់លោកធ្វើជាគូអនាគតបាន។ អាពាហ៍ពិពាហ៍របស់កូនប្រុសស្រីក្រោមការជួយជ្រោមជ្រែងរបស់ឪពុកម្តាយទាំងសងខាងនេះ រៀបចំនៅអគារ L កោះពេជ្រ ដោយមានវត្តមានលោក លោកជំទាវ និងតារាសិល្បៈមួយចំនួនប្រមាណជា៧០តុឡើងទៅ។
លោករដ្ឋលេខាធិកានៃក្រសួងវប្បធម៌រូបនេះ បន្តឲ្យដឹងទៀតថា ទាំងរូបលោក និងភរិយាមិនបានប្រកាន់នូវប្រពៃណីចាស់បុរាណតាមពាក្យ «នំមិនធំជាងនាឡិ» ឡើយ ពោលគឺកូនៗទាំងនេះ គេស្គាល់គ្នា ហើយបានណែនាំជូនចាស់ៗសងខាង ដើម្បីបានពិនិត្យ និងស្វែងយល់មិនបានកៀបសង្កត់អំណាចជាឪពុកម្តាយឡើយ។ សម័យនេះ កូនៗទាំងឡាយតែងតែស្គាល់គ្នាមុននឹងមកដល់ឪពុកម្តាយស្គាល់ ហើយមិនខុសប្រពៃណីអ្វីឡើយ ព្រោះសំអាងលើការមានគុណធម៌ ហើយចាស់ទុំត្រូវតែជួយវិនិច្ឆ័យនោះ ជារឿងត្រឹមត្រូវដូចជា ប្រសាសន៍សម្តេចតេជោលើកឡើងថា «យុទ្ធសាស្ត្រឈ្នះៗ» គឺលោកពិតជាបានសម្រេចគោលដៅទាំងអស់គ្នា។ ក្រោយរៀបការហើយពិទូ នៅមានសិល្បៈខ្លះមិនទាន់ចោលនៅឡើយទេ។ ចំណែកភរិយារបស់គេជាអ្នករកស៊ីដែលមានឪពុកជាមន្ត្រីរាជការបម្រើការជានគរបាលជាតិ។ ពិទូ ក្រៅសិល្បៈ គេរកស៊ីខ្លះដែរ ប៉ុន្តែមិនទាន់រឹងមាំមួយរយភាគរយទេ។ ពេលនេះពួកគេទាំង២ដូចជាកូនចាម១គូ ប្រឹងហោះនៅលើអាកាសដូចចាមនានា ត្រូវចេះរកទ្រនំខ្លួនឯង ចេះប្រឹងរកសំបុកនៅឲ្យកក់ក្តៅ។ ក្នុងនាមជាឪពុកម្តាយបានតែត្រឹមជូនពរឲ្យកូនៗចេះស្រឡាញ់គ្នា តស៊ូ ទោះជាកាលៈទេសៈណាក៏ដោយ ត្រូវខិតខំយកធម៌ខន្តី សណ្តោសគ្នា អត់ធ្មត់ មិនត្រូវចង់ឈ្នះចាញ់គ្នាឡើយ ហើយរំពឹងថា ពួកគេខិតខំរកស៊ីឲ្យមានបានដូចមនុស្សមួយចំនួន។
ជាការកត់សម្គាល់ក្នុងពិធីចងដៃសិរីសួស្តីគេសង្កេតឃើញលោកថៃ នរៈពិទូ ជាកូនកំលោះស្រក់ទឹកភ្នែកក្នុងពិធីដែលការស្រក់ទឹកភ្នែកនេះ អាចជាការស្តែងឲ្យឃើញពីក្តីរំភើបបង្កប់ដោយអត្ថន័យនឹកឃើញរឿងពីមុនៗ ពិសេសគ្រានៅជាមួយឪពុកម្តាយផងដែរ។ ទោះយ៉ាងណាមហាជនបានសម្តែងការអបអរសារទរគ្រាដែលលោកបានរកឃើញគូគាប់ទ្រនាប់ចិត្តត្រូវក្នុងជីវិត ដោយជូនពរជ័យមានសុភមង្គលជារៀងរហូត។ ពិធីចងដៃ ថៃ នរៈពិទូ ទទួលបានចិញ្ចៀនមួយវង់ពីលោកឪពុក និងឃើញមានទឹកប្រាក់មួយចំនួនដែលលោកឪពុកជូន និងម្តាយរបស់លោកចងដៃផងដែរ៕
ចែករំលែកព័តមាននេះ