ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឿ សុធា​រ៉ា រំពឹង​កូនស្រី​នឹង​ចាប់​យក​ជំនាញ​ពេទ្យ ឬ​ផ្នែក​ឱសថ​នា​ពេល​អនាគត

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហាញ​ក្តី​រំពឹង​ថា កូនស្រី​តែ​មួយ​របស់​នាង ​ដែល​កំពុង​ប្រឹងប្រែង​សិក្សា​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​ចាប់​យក​ជំនាញ​ពេទ្យ ឬ​ក៏​ផ្នែក​ឱសថ​នា​ពេល​អនាគត…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហាញ​ក្តី​រំពឹង​ថា កូនស្រី​តែ​មួយ​របស់​នាង ​ដែល​កំពុង​ប្រឹងប្រែង​សិក្សា​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​ចាប់​យក​ជំនាញ​ពេទ្យ ឬ​ក៏​ផ្នែក​ឱសថ​នា​ពេល​អនាគត ខណៈ​ពេល​ដែល​នាង​ចាត់​ទុក​ជំនាញ​មួយ​នេះ​សំខាន់​ដែល​អាច​ស្រោចស្រង់​ជីវិត​មនុស្ស​ទូទៅ ។

ការ​ដាក់​គោលដៅ​ចង់​ឲ្យ​កូនស្រី​ចាប់​ជំនាញ​ជា​គ្រូពេទ្យ​ពី​សំណាក់​អ្នក​នាង សឿ សុធា​រ៉ា នា​ពេល​នេះ គឺ​ដោយ​នាង​បាន​ភ្ជាប់​ជាមួយនឹង​ការ​ទទួលមរណៈភាព​ដោយសារ​ជំងឺ​របស់​ឪពុក​ម្តាយ និង​បងស្រី​របស់​នាង ដែល​នេះ​ជា​រឿង​សោកសៅ​បំផុត សម្រាប់​អ្នក​នាង​ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​ជា​បន្តបន្ទាប់​ដល់​ទៅ​៣​នាក់​ក្នុង​រយៈពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ។

សឿ សុធា​រ៉ា បាន​បញ្ជាក់​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ពិមាន​កូន​ម៉ាក់ កូន​ត្រូវ​តែ​ខំរៀន បើ​អាច​កូនចាប់​យក​ជំនាញ​ពេទ្យ ឬ​ផ្នែក​ឱសថ​ក៏​បាន ព្រោះ​ម៉ាក់​យំ​នឹក​អាណិត​អ៊ី​ធា​រី​ទាំង​យប់ ទាំង​ថ្ងៃ កូន​អាច​ធ្វើអំពើ​ល្អ​ដ៏​ពេញ​ទៅ​ដោយ​បុណ្យ​បរិបូរណ៍​បំផុត គឺ​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​ទូទៅ​ពី​ជំងឺ​នានា​ផង ។

យ៉ាងណា ក្រោយ​ឃើញ​ការ​បង្ហោះ​សំ​ណេ​រ​ខាងលើ ពី​សំណាក់​អ្នក​នាង សឿ សុធា​រ៉ា នា​ពេល​នេះ គេ​បានឃើញ​មាន​មហាជន និង​មិត្តភក្តិ​របស់​នាង​ក៏​បាន​ចូល​ទៅ​ខម​មិន​ដោយ​ម្នាក់​ៗ​បាន​ជូនពរ​ទៅ​កាន់​កូនស្រី​របស់​នាង​ឲ្យ​សម​តាម​បំណង និង​មាន​អនាគត​ល្អ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ចែកផ្លូវ​គ្នា​ជាមួយ​តារាចម្រៀង​លោក សា​ពូន មី​ដា​ដា មក អតីត​តារា​សម្តែង​អ្នក​នាង សឿ សុធា​រ៉ា បាន​ទទួល​រ៉ាប់រង​បីបាច់​ថែរក្សា​កូនប្រុស​ស្រី​របស់​ខ្លួន​ចំនួន​២​នាក់ ក្នុង​ស្ថានភាព​ជីវភាព​ដ៏​លំបាក ។

ដោយសារ​ឃើញ​ជីវភាព​របស់​នាង​មានការ​លំបាក​នោះ កន្លង​មក គេ​ឃើញ​មាន​សប្បុរសជន ជា​ពិសេស បណ្តា​អ្នកសិល្បៈ​ដូច​គ្នា បាន​នាំ​គ្នា​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់ សឿ សុធា​រ៉ា ជា​បន្តបន្ទាប់ ហើយ​ជា​ពិសេស​នោះ កូន​ៗ​ទាំង​២​របស់​នាង​ក៏​បាន​ទទួល​អាហារូបករណ៍​១០០%​ពី​លោក​បណ្ឌិត លី ឆេ​ង អគ្គនាយក​ប៊ែ​ល​ធី គ្រុប ដើម្បី​សិក្សា​នៅ​សាលា​ប៊ែ​ល​ធី អន្តរជាតិ​ទាំង​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ​រហូត​ដល់​បញ្ចប់​ថ្នាក់​ទី​១២ ។

បច្ចុប្បន្ន កូនស្រី​របស់​អ្នក​នាង សឿ សុធា​រ៉ា បាន​ចម្រើន​វ័យ​កាន់តែ​ធំ និង​មាន​រូប​សម្រស់​ស្រស់​ស្អាត ហើយ​ជា​ពិសេស​ទៀត​នោះ កូនស្រី​របស់​នាង ឈ្មោះ សា​ពូន ដា​រ៉ា​ភិ​មាន ក៏​មាន​ដុ​ង​លើ​វិស័យ​សិល្បៈ​ដូច​ទៅ​នឹង​ឪពុក​ម្តាយ​ផង​ដែរ ។

កន្លង​មក កូនស្រី​របស់​តារា​សម្តែង​រូប​នេះ ក៏​ធ្លាប់​បញ្ចេញ​សមត្ថភាព​អាច​លេង​ហ្គី​តា និង​ច្រៀង​បទ​របស់​លោក​សា​ពូន មី​ដា​ដា ជា​ឪពុក​បាន​យ៉ាង​ល្អ ខណៈ​ពេល​ដែល​កូនស្រី​របស់​នាង​ក៏​ធ្លាប់​បាន​ចូល​ប្រឡូក​នៅ​ក្នុង​ការ​សម្តែង​ភាពយន្ត​ផង​ដែរ ។

យ៉ាងណា បើ​ទោះបីជា​កូនស្រី​មាន​ដុ​ង​លើ​សិល្បៈ​នេះ​ក៏​ដោយ ប៉ុន្តែ​កន្លង​មក ក្នុង​នាម​ជា​ឪពុក​លោក សា​ពូន មី​ដា​ដា បាន​បង្ហាញ​បំណង​មិន​ចង់​ឲ្យ​កូនស្រី​ប្រឡូក​ក្នុង​វិស័យ​នេះ​ឡើយ ខណៈ​ពេល​ដែល​អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហាញ​បំណង​ផ្ទុយ ពោល​នាង​ក៏ជម្រុញ និង​ចង់​ឲ្យ​កូនស្រី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ