ខេត្តក្រចេះ ៖ ការបង្រៀននិងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល បានបើកដំណើរការឡើងវិញទូទាំងខេត្តក្រចេះ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

យោងតាមសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ ឲ្យដឹងនៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះថា ការបើកដំណើរការ ការបង្រៀន និងរៀនឡើងវិញ លើការសិក្សាគ្រប់កម្រិត ទាំងសាលារដ្ឋ និងឯកជន យោងទៅតាមលិខិតលេខ៦០ អ.យ.ស ស.ណ.ន ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១១។

លោកប្រធានមន្ទីរបានបន្ដថា តាមគោលការណ៍របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ ដែលត្រូវបើកដោយការប្រុងប្រយ័ត្ន ដោយត្រូវពាក់ម៉ាស់ វាស់កម្ដៅ និងរក្សាគម្លាត់សុវត្ថិភាព បើកន្លែងណាដែលមានហានិភ័យខ្ពស់ យើងមិនប្រថុយនោះទេ ដើម្បីការពារដល់សុខភាពលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ក្នុងនោះមន្ទីរក៏បានបង្កើតក្រុមគណៈកម្មការសុខភាព នៅគ្រប់សាលារៀន ដើម្បីឲ្យពួកគាត់រួចផ្ដល់យោបល់ ក្នុងក្រុមនោះមាននាយកសាលា អាណាព្យាបាល អាជ្ញាធរ ប៉ូលិស និងមន្ទីរសុខាភិបាលផង។

លោកក៏បានអោយដឹងដែរថា ចំពោះសាលាដែលបានបើកមានមត្តេយ្យសិក្សាដាច់ដោយឡែកមាន៦កន្លែង និងមានសិស្សចំនួន៨២២នាក់ មតេយ្យសហគមន៍មាន ១០២កន្លែង មានសិស្សចំនួន២៥៥១នាក់ មតេយ្យសិក្សារដ្ឋមាន ៩២កន្លែង មានសិស្ស៣៤៦៧នាក់ ។ រីឯសាលាបឋមសិក្សាមាន ២៨៦កន្លែង មានសិស្សចំនួន ៤៨,៩៣៣នាក់ សាលាឥស្លាម ៣៤កន្លែង មានសិស្ស៨៤៨នាក់ ដោយឡែក ចំពោះអនុវិទ្យាល័យមាន ៤២កន្លែង មានសិស្ស៦,៣១៨នាក់ ហើយវិទ្យាល័យមានចំនួន ១២កន្លែង មានសិស្ស ៧,០២៤នាក់ និងសាលាឯកជន១កន្លែងមានសិស្ស២៤៨នាក់៕





ចែករំលែកព័តមាននេះ