ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីប្លន់ និងរំលោ.ភសេពសន្ថវៈទៅលើក្មេងស្រីដែលជាអនិតិជនចំនួន២នាក់បងប្អូនបង្កើតពីសំណាក់ជនសង្ស័យ ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងគូកនចំនួន២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីឃាត់ខ្លួនគូកនទាំង២នាក់នោះយកមកផ្តន្ទាទោសផងដែរ។
លោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ឱ្យដឹងថា៖ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ និងទទួលបានការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ឋ ស្នងការនគរបាលខេត្ត និងបានបញ្ជាដល់នគរបាលជំនាញព្រហ្មទណ្ឌឲ្យសហការធ្វើការស្រាវជ្រាវស៊ើបអង្កេតជាមួយនាយកដ្ឋានក្រសួងមហាផ្ទៃ ។
លោកឧត្តមសេនីយ៍ ឯក ងេង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការណែនាំនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត បញ្ជាឲ្យកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌចុះមកធ្វើការសហការជាមួយកម្លាំងការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតមាន ៖ ផែនការងារព្រហ្មទណ្ឌ ផែនការងារការពារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ, ស្រុកដងទង់, ស្រុកកំពង់ត្រាច ឲ្យធ្វើការសហការស្រាវជ្រាវស៊ើបអង្កេតលើករណីប្លន់ និងរំលោ.ភសេពសន្ថវៈទៅលើអនិតិជន២នាក់បងប្អូន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២រំលងអធ្រាត ដោយជនល្មើសមានគ្នាចំនួន៣នាក់ បានគាស់បង្អួចចូលក្នុងផ្ទះជនរងគ្រោះ ខណៈពេលជនរងគ្រោះនៅផ្ទះតែ២នាក់បងប្អូន ហើយម្តាយទៅរកស៊ីនៅខេត្តកំពង់ស្ពឺបាត់ ចំណែកឪពុកក៏ទៅយាមទានៅឆ្ងាយពីផ្ទះទៀត។
លោកបន្តថា នៅពេលចូលទៅ ជនល្មើសបានចាប់រំលោ.ភជនរងគ្រោះទាំង២នាក់បងប្អូន រួចមកជនល្មើសក៏បានប្លន់យកកងដៃប្លាទីន, ខ្សែ.កប្លាទីន, លុយខ្មែរ៣ម៉ឺនរៀល និងទូរស័ព្ទដៃមួយគ្រឿងផងដែរ។ ក្រោយពីធ្វើសកម្មភាពរួច ជនល្មើសទាំង៣នាក់ក៏បានចុះរត់គេចខ្លួនបាត់ស្រមោលទៅ ដែលផ្ទះរបស់ជនរងគ្រោះ គឺស្ថិតនៅក្នុងភូមិប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។
លោកបន្តទៀតថា ក្នុងករណីចុះស៊ើបអង្កេត និងស្រាវជ្រាវដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឈឹម ឈាង ប្រធានការិយាល័យព្រហ្មទណ្ឌកំរឹតធ្ងន់ ប្រធានការិយាល័យប្រឆាំងការជួញដូរ និងការពារអនិតិជននៃស្នងការដ្ឋានខេត្ត រហូតឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលមានឈ្មោះ ផាត់ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ខែតុលា ឆ្នាំ២០២១នេះ។
លោកបានឲ្យដឹងទៀតថា៖ បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យក៏បានសារភាពពីសកម្មភាពដែលខ្លួនបានប្រព្រឹត្តិមកលើជនរងគ្រោះ ជាមួយនឹងគូកន២នាក់ទៀតដែលកំពុងរត់គេចខ្លួន ក្រោយមកសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ជុំវិញករណីប្លន់ និងរំលោ.ភសេពសន្ថវៈទៅលើជនរងគ្រោះទាំង២នាក់បងប្អូន ដោយម្នាក់បងមានអាយុ១៧ឆ្នាំ និងម្នាក់ប្អូនមានអាយុ១៣ឆ្នាំ ហើយជនរងគ្រោះទាំង២នាក់ត្រូវបានអង្គការ(ស៊ីភីយូ) អង្គការការពារកុមារ ជួយឧបត្ថម្ភការពារខាងផ្លូវច្បាប់ផងដែរ (រកមេធាវីការពារផ្លូវច្បាប់)៕
ចែករំលែកព័តមាននេះ