រាជធានីភ្នំពេញ ៖ អ្នកដឹកនាំរឿងដ៏ល្បីមួយរូបលោក សួង សុភ័ក្ត្រ បានប្រកាសថា ភរិយារបស់លោកបានឆ្លងជំងឺកូវីដ១៩ ទាំងពពោះ ស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ តម្រូវអោយមានការវះកាត់ និងព្យាបាលសួតអោយទាន់ពេលវេលា។ អ្វីដែលគួរអោយរន្ធត់នោះ កូននៅក្នុងផ្ទៃភរិយារបស់លោកនោះ ត្រូវសម្រេចវះកាត់យកចេញមុនខែ ដើម្បីសង្គ្រោះជីវិត និងគេចចេញពីជំងឺដ៏កា.ចសា.ហាវមួយនេះ។

លោក សួង សុភ័ក្ត្រ បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកលោកថា កូនស្រីប៉ាមានសុវត្ថិភាពហើយ តែនៅម៉ាក់ម្នាក់ទៀតកំពុងដាក់ថ្នាំទប់ជាមួយនឹងមេរោគកូវីដ ព្រោះគាត់មិនបានចាក់វ៉ាក់សាំងការពារ ហេតុនេះហើយសួតរបស់គាត់ពិបាកតិចហើយ ព្រោះពេទ្យប្រាប់ថា ត្រូវតែវះ យ៉ាងណាក៏បានម្នាក់ដែរ ។

លោកថា ខ្ញុំប្រាប់ប្រពន្ធថា ពួកយើងនឹងទៅផ្ទះយើងវិញទាំងបីនាក់ មិនអោយបាត់អ្នកណាម្នាក់បានទេ ស៊ូៗអូនសម្លាញ់ យើងត្រូវតតាំងជាមួយវាជាដាច់ខាត់ ។ អរគុណអ្នកទាំងអស់គ្នា ខ្ញុំជិតទៅមុនពួកគាត់ម្ដងៗដែរ តែព្រោះឃើញនឹងភ្នែកច្បាស់ពេក សូមមេត្តាអ្នកម្តាយមានផ្ទៃពោះ ចូលប្រយ័ត្ន។

យ៉ាងណាលោក សួង សុភ័ក្ត បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយថវិការក្នុងការសង្គ្រោះជីវិតប្រពន្ធ និងកូនស្រីលោក ដែលមិនទាន់គ្រប់ខែកើតអោយផុតពីជំងឺកូវីដ។
លោកបញ្ជាក់ថា មេរោគនេះ វាបានស៊ីសួតម្តាយធ្វើអោយគាត់ជិតដាច់ខ្យល់ម្តងៗទៅហើយ ហើយត្រូវការចំណាយលុយច្រើនណាស់ ដើម្បីព្យាបាលសួត។

គួរបញ្ជាកថា ភរិយាលោក សួង សុភ័ក្ត្រ បានឆ្លងជំងឺកូវីដកំពុងស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ កំពុងសង្គ្រោះនៅពេទ្យរុស្សី ចំណែកកូនរបស់លោកកំពុងសង្គ្រោះនៅមន្ទីរពេទ្យ កុមារជាតិ។ លោក សួង សុភ័ក្ត្រ គឺជាផលិតករ និងអ្នកដឹកនាំរឿង ដែលវីដេអូអប់រំរបស់លោកគ្រូ គូ សុភាព ភាគច្រើនជាស្នាដៃលោក ហើយក៏ជាអ្នកដឹកនាំរឿង ថតផ្សាយពាណិជ្ជកម្ម និងអភិរក្សល្ខោននិយាយ និងមានស្នាដៃជាច្រើនទៀតផងដែរ៕









                        
			         
				
ចែករំលែកព័តមាននេះ