ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​តវ៉ា​ទាមទារ​ឱ្យ​ឈប់​បូប​ខ្សាច់​លុប​បឹង​ក្នុង​ទីក្រុង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​តវ៉ា​ជម្លោះដីធ្លី ព្រមទាំង​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី និង​លំនៅ​ឋាន បណ្តាញ​យុវជន និង​បណ្តាញ​ព្រះសង្ឃ ប្រមាណ​ជាង​១០០​នាក់ ​…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​តវ៉ា​ជម្លោះដីធ្លី ព្រមទាំង​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី និង​លំនៅ​ឋាន បណ្តាញ​យុវជន និង​បណ្តាញ​ព្រះសង្ឃ ប្រមាណ​ជាង​១០០​នាក់ ប្រដាប់​ដោយ​ផ្ទាំង​បដា​តូច​ធំ​ឈរ​ត្រៀបត្រា​នៅ​មុខ​វិមាន​រដ្ឋ​សភា នាំ​គ្នា​ទាមទារ​ឱ្យ​រាជរ​ដា្ឋ​ភិ​បាល​បញ្ឈប់​ការ​បូម​ខ្សាច់​ចាក់​លុប​បឹង ដែល​បឹង​តូច​ធំ​ទាំងឡាយ​កំពុង​លុប​នៅ​រាជធានី​ភ្នំពេញ ។

យោង​តាម​ខ្លឹមសារ​ញត្តិ​បាន​បញ្ជាក់​ថា យើងខ្ញុំ​ទាំងអស់​គ្នា ជា​ប្រជា​សហគមន៍​ដែល​រង​គ្រោះ ដោយ​បញ្ហា​ដីធ្លី លំនៅ​ឋាន​និង​ការ​បណ្តេញចេញ​ដោយ​បង្ខំ ព្រមទាំង​សកម្មជន​សិទ្ធ​មនុស្ស សកម្មជន​ដីធ្លី និង​លំនៅ​ឋាន បណ្តាញ​យុវជន និង​បណ្តាញ​ព្រះ​ស​ង្ឈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិ សុំ​កិច្ច​អន្តរាគមន៍​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​លុប​បឹង​ធម្មជាតិ​នានា ។

ក្នុង​ញត្តិ​ដាក់​ជូន​សម្តេច​ពញា​ចក្រី បាន​សរសេរ​ថា ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់ បាន​រង​គ្រោះ​ពី​ការ​បាត់បង់​លំនៅ​ឋាន និង​ការ​បណ្តេញចេញ​ទាំង​បង្ខំ​ពី​លំនៅ​ឋាន ដោយសារ​ការ​លុប​បឹង​ក្រោម​ហេតុផល​អភិវឌ្ឍន៍ ។ មានការ​សិក្សា​មួយ​បាន​បញ្ជាក់​អំពី​ការ​រួម​តូច​នៃ​ផ្ទៃ​បឹង ដែល​កើតឡើង​ដោយសារ​ការ​កាន់កាប់​ជាយ​បឹង និង​ចាក់​ដី​លុប​បឹង​ពី​សំណាក់​ក្រុមហ៊ុន និង​ឯកជន ។​របាយការណ៍​នោះ ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​ការ​បំពុលបរិស្ថាន​ដែល​ជា​កង្វល់​ដ៏​ធំ​មួយ ព្រមទាំង​ការ​រីងស្ងួត​បឹង ដែល​បណ្តាល​មក​ពី​ការ​ពង្រីក​ទីក្រុង​ដែល​ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​តំបន់​ទាំងនោះ ។

ខ្លឹមសារ​ញត្តិ​ដដែល​ដាក់​ថា អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត​នោះ គឺ​ការ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​ការ​លុប​បឹង ហើយ​មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​បិទ​បាំង និង​ឃុបឃិត​គ្នា ដោយ​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​យក​ដី​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ នា​ពេល​កន្លង​មក ។ ក្នុង​ញត្តិ​អ្នក​តវ៉ា​នេះ​បាន​យោង​ទៅ​លើ​របាយការណ៍ អង្គការ សមាគម​ធាងត្នោត​ស្តី​ពី​បឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​លុប និង​កំពុង​បន្ត​លុប បើ​តាម​របាយការណ៍​នេះ បានឱ្យ​ឃើញ​ថា មានការ​រំលោភ​យក​ដី​បឹង​ជាមួយនឹង​ការ​បណ្តេញ​ប្រជាពលរដ្ឋ និង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ ក្រោម​ហេតុផល​ការ​អភិវឌ្ឍ សម្រាប់​ប្រយោជន៍​សារ​ធារ​ណៈ កែ​លម្អ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​ការ​រៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ និង​សុវត្ថិភាព​សង្គម​។

តំណាង​ប្រជា​សហគមន៍​ចំនួន ៥​នាក់​ត្រូវ​បាន​រដ្ឋសភា​អនុញាតិ​អោយ​យក​ញត្តិ​ចូល​ទៅ​ដាក់​ក្នុង​រដ្ឋ​សភាជាតិ ។ ការ​ទាមទារ​នេះ​ដែរ បាន​បង្ហាញ​ថា មាន​បឹង​សរុប​២៥​ត្រូវ​បាន​លុប ។

ក្រុម​អ្នក​តវ៉ា​នេះ​បាន​ហែ​ក្បួន ចេញពី​តំបន់​បឹង​កក់ និង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​រារាំង​នៅ​ចំណុច​តំបន់​បឹង​កក់ ព្រោះ​ពួក​គេ​មិន​មានការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​នោះ​ទេ ទោះជា​យ៉ាងណា ក្រុម​អ្នក​តវ៉ា​ទាំងនោះ បាន​នាំ​គ្នា​ជិះ​ម៉ូតូ និង​រ៉ឹ​ម៉ក​ទៅ​កាន់​រដ្ឋសភា ដោយ​មិន​មានការ​រារាំង​បាន​ឡើយ ។

មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ការ​លុប​បឹង​នៅ​រាជធានី​ភ្នំពេញ​នេះ ប្រហែល​មិនមែន​ទើបតែ​ត្រូវ​បាន​លុប​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ។ មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា បើ​តាម​ប្រវត្តិ​រាជធានី​ភ្នំពេញ ទីក្រុង​របស់​យើង​នេះ មាន​តែ​ចំណុច​ភ្នំ​ដូនពេញ​មួយ​ប៉ុណ្ណោះ ។ ក៏​មាន​បឹង​ជា​បន្តបន្ទាប់​ត្រូវ​បាន​លុប​ដែរ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​កាន់តែ​ធំ​ឡើង​របស់​ទីក្រុង ដូច​ជា​បឹង​កក់ បឹង​ព្រលឹត បឹង​ត្របែក បឹង​រាំង បឹង​តេ​ជោ បឹង​កេងកង បឹង​សាឡា​ង និង​បឹង​ជា​ច្រើន​ទៀត ដែល​នៅ​កណ្តាល​រាជធានី ។ សូ​ម្បី​តែ​ស្រះ និង​អូរ​ក៏​លុប​ដែរ​ដោយ​បន្សល់​តែ​ឈ្មោះ​រហូត​ដល់​បច្ចុប្បន្ន​នេះ ដូច​ជា​ស្រះ​ចក អ​រូ​ឫស្សី​ជាដើម ។ មន្ត្រី​ដដែល​បាន​ទទួលស្គាល់​ថា រាជធានី​ភ្នំពេញ ប្រ​សិន​មិន​លុប​អូរ ព្រែក​ទេ គ្មាន​កន្លែង​រស់នៅ​ទេ ។ ហើយ​ក៏​ទទួលស្គាល់​ដែរ​ថា បាន​ប្រឈម​ការ​ជន់​លិច​តាម​តំបន់​មួយ​ចំ​នួ​ួ​ន ដែល​អាជ្ញាធរ​តែង​រង​ការ​ចោទ​ថា ដោយសារ​តែ​មានការ​លុប​បឹង ប៉ុន្តែ​បើ​គិត​ឲ្យ​បាន​ដិត​ដល់​ទៅ បើ​យើង​ដាក់​លូ​ឲ្យ​ធំ និង​ការ​ស្តារ​ប្រឡាយ ដែល​មាន​មិន​ឲ្យ​ស្ទះ ហើយ​ស្ថានីយ៍​បូមទឹក ក៏​មាន​សកម្មភាព ស្រប​ទៅ​តាម​បច្ចេកទេស​នោះ ប្រហែល​បន្តិច​ម្តង​ៗ ការ​ជន់​លិច​ក្នុង​ទីក្រុង​មិនយូរ​ទេ នឹង​ហូរ​អស់ ដែល​បញ្ហា​នេះ យើង​បាន​មើលឃើញ​ថា អាជ្ញាធរ​កំពុង​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ ។

មែនទែន​ទៅ​គួរ​ទទួលស្គាល់​ថា រាជធានី​ភ្នំពេញ ទីណា​ក៏​បឹង​ដែរ មាន​តែ​ទួល​តិចតួច​ប៉ុណ្ណោះ ពី​សម័យ​មុន ដូច​នៅ​ទួល​ទំពូង ទួល​ស្វាយព្រៃ ទួល​ស្លែង ជាដើម ៕