នាថ្ងៃទី៣១ មីនា ២០១៦ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូមន្ត្រីគយ និងរដ្ឋាករ ចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងទ័ពក្នុងកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងឈរជើងនៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកឧត្តមសេនីយ៍ឯក កែវ ធី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ លោកបណ្ឌិត គុណ ញឹម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ និងការពារាជរដ្ឋាភិបាល និងប្រជាជន ។ លោកបានលើកឡើងពីសុខសន្តិភាព ដែលជាកត្តាសំខាន់បំផុតក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺបានមកដោយសារការតស៊ូស្វិតស្វាញ និងការលះបង់យ៉ាងធំធេងរបស់កងទ័ពយើង ។ លោកក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទោះបីជាសម្តេចមានភាពមមាញឹកខ្លាំងក្នុងការងារដឹកនាំប្រទេសជាតិយ៉ាងណាក៏ដោយ ក៏មនោសញ្ចេតនាស្រឡាញ់ និងការគិតគូររបស់សម្តេចតែងតែនៅផ្សារភ្ជាប់ជាមួយបងប្អូនកងទ័ពយើងគ្រប់ពេលវេលា ពីព្រោះសម្ដេចតេជោ គឺជាឥស្សរៈជននយោបាយធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធជាច្រើន ដូច្នេះសម្ដេចដឹងច្បាស់ណាស់ពីសេចក្ដីសុខ និងទុក្ខរបស់កងទ័ព និងជាពិសេសគឺតម្លៃនៃសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ។
លោកអគ្គនាយកក៏បាននាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលធំអន្តរាគមន៍លេខ២ ជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ និងប្រេងម៉ាស៊ូត ព្រមទាំងថវិកាមួយចំនួនផងដែរ ។ នៅចុងបញ្ចប់នៃអង្គពីធីលោកបណ្ឌិត គុណ ញឹម អមដោយសហការី ក៏បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យមួយខ្នងមានទំហំ 12ម៉ែត្រx 8ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជូនដល់កងពលធំអន្តរាគមន៍លេខ២ សម្រាប់ប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ