ខេត្តរតនគិរី ៖ រោងសិប្បកម្មឈើមួយកន្លែង ត្រូវបានភ្លើងឆេះអស់ រួមទាំងគ្រឿងសង្ហារឹម និងម៉ាស៊ីនច្នៃឈើ ដែលហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ មីនា ២០១៦ ស្ថិតនៅចំណុចអូរសុភមង្គល ក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ។
សមត្ថកិច្ចឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនេះ គឺជាផ្ទះរបស់លោកយូ កាវិមាន ជាមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី តែបានជួលទៅឱ្យបុរសជាជនជាតិវៀតណាម ឈ្មោះឡាំ អាយុ៥៤ឆ្នាំ បើករោងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម ។
ទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះមានផ្ទះទំហំ៦ម៉ែត្រ x ១២ម៉ែត្រ ធ្វើឈើជញ្ជាំងបាំងក្តារ ដំបូរប្រក់ស័ង្កសី, ម៉ាស៊ីនតាប១គ្រឿង (ម៉ាស៊ីតាបសម្រាប់ឈូស និងឃួងឈើ), ម៉ាស៊ីនច្រៀក១គ្រឿង និងខូចខាតគ្រឿងសង្ហារឹមមួយចំនួនធំ ។
សមត្ថកិច្ចដដែលបញ្ជាក់ថា នៅពេលកើតហេតុនោះ គេឃើញរថយន្តបាញ់ពន្លត់របស់ស្នងការខេត្តមួយគ្រឿង បានទៅជួយដែរ ក៏ប៉ុន្តែទៅមិនទាន់នោះទេ ដោយសារតែផ្លូវតូចចង្អៀតចូលមិនដល់កន្លែងភ្លើងឆេះ ។
បើតាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់អ្នកសារពត៌មានថា មិនដឹងឆេះដោយសារអ្វីទេ តែមុនពេលកើតហេតុ គឺម្ចាស់ឈ្មោះឡាំ ជាជនជាតិវៀតណាម មិនបានដេកនៅកន្លែងកើហេតុទេ គឺដេកនៅផ្ទះមួយទៀត មានចំងាយ១០ម៉ែត្រ ។ តែសមត្ថកិច្ចសង្ស័យមាន២ចំណុច ១-ទុស្សេខ្សែភ្លើង និង២-សង្ស័យគេលួចដុត ដោយបច្ចុប្បន្នកំពុងស្រាវជ្រាវបន្ត ៕
ចែករំលែកព័តមាននេះ