លទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូគយនៅថៃ
ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ មីនា ២០១៦ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ
ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ មីនា ២០១៦ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ
ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ មីនា ២០១៦ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ ក្នុងគោលបំណងស្វែងយល់ពីលំហូរទំនិញរបស់ថៃនាំចូលមកកម្ពុជា និងទំនិញឆ្លងកាត់តាមប្រទេសថៃមកកម្ពុជា ដោយប្រើប្រាស់កំពង់ផែមួយចំនួននៃប្រទេសថៃ ក៏ដូចជាការដឹកតាមផ្លូវគោកមកកម្ពុជាដែរ ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគយថៃប្រចាំកំពង់ផែឡាំចាបាង កំពង់ផែខ្លងយ៉ៃ និងផែ S.Kittawan ដែលជាកំពង់ផែសំខាន់សម្រាប់ចរាចរទំនិញឆ្លងកាត់មកប្រទេសកម្ពុជា។ នៅតាមកំពង់ផែនីមួយៗ គណៈប្រតិភូគយកម្ពុជាត្រូវបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីសំណាក់មន្ត្រីគយថៃស្តីពីទិដ្ឋភាពទូទៅនៃការងារគយ ព្រមទាំងនីតិវិធីគយពាក់ព័ន្ធនឹងទំនិញនាំចេញ នាំចូល និងឆ្លងកាត់តាមកំពង់ផែនោះ។ ជាកិច្ចឆ្លើយតប លោកបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណ និងបានលើកឡើងអំពីសារសំខាន់នៃការពង្រឹងការគ្រប់គ្រងទំនិញនាំចេញ នាំចូល ហើយថា ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មមួយយ៉ាងសំខាន់របស់កម្ពុជា ។ ទន្ទឹមនឹងទំនិញរបស់ថៃនាំចូលមកកម្ពុជា ក៏មានទំនិញមួយចំនួននាំចូលមកកម្ពុជាពីប្រទេសទី៣ ដោយដឹកឆ្លងកាត់ប្រទេសថៃដែរ ។ ភ្ជាប់នឹងរបបគយឆ្លងកាត់នេះ លោកអគ្គនាយកបានស្នើឲ្យគយថៃជួយសម្រួលដល់ទំនិញកម្ពុជា នាំចេញ ទៅប្រទេសទី៣ ដោយប្រើប្រាស់កំពង់ផែឡឺមចាបាង (ដឹកឆ្លងកាត់) និងជួយពង្រឹងការគ្រប់គ្រងទំនិញនាំចូលមកកម្ពុជា ដឹកឆ្លងកាត់កំពង់ផែឡឺមចាបាងនេះដែរ ។
ជាក់ស្ដែងចំពោះទំនិញនាំចូលមកកម្ពុជា លោកបានស្នើកុំឲ្យមានការកាត់សៀល និងរើទំនិញចេញពីកុងតឺន័រនៅក្នុងទឹកដីថៃ ។ ធ្វើដូចនេះ ដើម្បីរក្សាថា ប្រភេទ និងបរិមាណទំនិញ និងចំនួនកុងតឺន័រ ដែលត្រូវប្រកាសដើម្បីបង់ពន្ធអាករនាំចូលឲ្យបានត្រឹមត្រូវ ។ លោកអគ្គនាយកបានចាត់តាំងលោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាចំណុចទំនាក់ទំនងដើម្បីបន្តធ្វើការងារនេះជាមួយគយថៃ ។
គួរបញ្ជាក់ថា តាមស្មារតីនៃកិច្ចប្រជុំទ្វេភាគីនៃរដ្ឋបាលគយទាំងពីរកាលពីខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងហួហ៊ីន ប្រទេសថៃ, សេចក្តីព្រាង «អនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ» ត្រូវបានរៀបចំឡើង ហើយគ្រោងចុះហត្ថលេខានៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២៥-២៧ ឧសភា ២០១៦ នៅទីក្រុងភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនេះដែរ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនថៃឈ្មោះ SCG Trading Co.,Ltd គណៈប្រតិភូគយកម្ពុជា ក៏បានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន SCG និងមជ្ឈមណ្ឌលចែកចាយគ្រឿងបន្លាស់គោយន្ត ត្រាក់ទ័រ ម៉ាស៊ីនច្រូត របស់ក្រុមហ៊ុន Siam Kubota Corporation ដែលមានសាខានៅកម្ពុជាផងដែរ។ នៅទីនោះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពទូទៅស្តីពីប្រវត្តិ រចនាសម្ព័ន្ធ បេសកកម្ម និងទស្សនវិស័យរួមនៃក្រុមហ៊ុន SCG និងក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធ ដែលបច្ចុប្បន្នមាន៨ក្រុមហ៊ុនកំពុងមានកិច្ចប្រតិបត្តិការនៅកម្ពុជា ។ លោកប្រធានគណៈប្រតិភូគយកម្ពុជា សម្ដែងនូវការគាំទ្រដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់នេះ ហើយបានណែនាំឲ្យភាគីក្រុមហ៊ុនបន្តកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលគយកម្ពុជាតាមរយៈយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលមានអនុក្រុមការងារចំនួនបីសម្រាប់ដោះស្រាយបញ្ហាតាមវិស័យ ។
ចែករំលែកព័តមាននេះ