រាជធានីភ្នំពេញ ៖ មានការអះអាងថា បុរសម្នាក់ជាចាងហ្វាងកាសែត វាលឥន្ទ្រី បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ មីនា ២០១៦ សម្រេចឃុំខ្លួនដាក់ពន្ធនាគារតាមអំណាចសាលក្រមផ្តន្ទាទោសកំណត់១ឆ្នាំ៦ខែ ពីបទឆបោកលើទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិក តាមរូបភាពរត់ការយកអាជ្ញាប័ណ្ណដាក់ស្លាកចរាចរតាមផ្លូវសាធារណៈ ។
ចាងហ្វាងកាសែតរូបនេះឈ្មោះ ជុង ហៃយ៉េន ភេទប្រុស អាយុ៤២ឆ្នាំ បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យអន្តរាគមន៍នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៩ មីនា ២០១៦ នៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី លើបណ្តោយលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំញ។ លោកវរសេនីយ៍ឯក ឡោ សុខា ប្រធានការិយាល័យអន្តរាគមន៍បានឲ្យដឹងថា ការឃាត់ខ្លួនជនជាប់ចោទដែលអះអាងថា ជាចាងហ្វាងកាសែតម្នាក់នេះ សមត្ថកិច្ចបានអនុវត្តតាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននាំទៅជូនលោកស្រី ពេជ ម៉ារ៉ែន ចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ ហើយលោកស្រីចៅក្រមមិនទុកពេលវេលាយូរឡើយ បានចេញដីការឲ្យសមត្ថកិច្ចនាំជនជាប់ចោទយកទៅឃុំតែម្តង ដើម្បីអនុវត្តទោសតាមសាលក្រមកំណត់ ។
ដើមចមដែលនាំឲ្យមានការផ្តន្ទាទោសជនជាប់ចោទខាងលើនេះ កាលពីអំឡុងឆ្នាំ២០១១ កន្លងទៅ ឈ្មោះ ជុង ហៃយ៉េន បានអះអាងប្រាប់ជនរងគ្រោះថា ខ្លួនជាកូនចៅរបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ។ ដើម្បីឲ្យជនរងគ្រោះមានការជឿជាក់ ព្រមប្រគល់ប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិក រត់ការយកអាជ្ញាប័ណ្ណដាក់ស្លាកចរាចរតាមផ្លូវសាធារណៈ ។ អស់រយៈពេលជាង២ឆ្នាំ ក្រោយមកឈ្មោះ ជុង ហៃយ៉េន រត់ការមិនបានសម្រេចតាមការសន្យានោះទេ ហើយព្យាយាមគេចថែមទៀតផង ។ ក្រោមមកជនរងគ្រោះបានជ្រៀតចូលដល់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រូវបដិសេធថា មិនទទួលស្គាល់ជននោះទេ ហើយក៏រឹតតែមិនមែនជាកូនចៅរបស់លោកដែរ ។ ពេលដឹងថា ឈ្មោះ ជុង ហៃយ៉េន ជាជនខិលខូច ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
នៅអំឡុងឆ្នាំ២០១៤ សាលាដំបូងបានលើកយកសំណុំរឿងនេះមកបើកសវនាការជំនុំជម្រះ ដោយកំបាំងមុខជនជាប់ចោទ និងបានចេញសាលក្រមសម្រេច ផ្តន្ទាទោសឈ្មោះ ជុង ហៃយ៉េន ដាក់ពន្ធនាគារកំណត់១ឆ្នាំ៦ខែ និងសងជនរងគ្រោះចំនួន៤ម៉ឺនដុល្លារ ព្រមទាំងជំងឺចិត្តចំនួន១០លានរៀល ។ ក្នុងសាលក្រមនោះ ក៏បានសម្រេចបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ជុង ហៃយ៉េន យកមកឃុំខ្លួននៅពន្ធនាគារ ដើម្បីអនុវត្តទោសតាមអំណាចសាលក្រមនេះ ។ ប៉ុន្តែជនជាប់ចោទបានពឹងពាក់មេធាវីប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ។
ចែករំលែកព័តមាននេះ