លោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃសាលាគរុកោសល្យកំពត ចំនួន២២៧នាក់ និងនិស្សិតពេទ្យ ជាគិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិការ និងពេទ្យឆ្មបជនបទនៃសាលាមធ្យមសិក្សា សុខា ភិបាលភូមិភាគកំពត ចំនួន៧៤៦នាក់ ដឹកនាំដោយលោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទៅបំពេញទស្សនកិច្ចសិក្សារយៈពេល០៨ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប អង្គរ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ មីនា ២០១៦ តបតាមអនុសាសន៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្ទះកុមារអង្គការ SOS ស្ថិតនៅក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត កាលពីពេលកន្លងទៅដែលតម្រូវឱ្យលោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ដឹកនាំគណៈប្រតិភូជាគរុសិស្ស និងនិស្សិតពេទ្យទាំង៩៧៣នាក់ទៅកម្សាន្តសប្បាយនៅខេត្តសៀមរាប ។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះដែរ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានដឹកនាំគណៈប្រតិភូតាមវគ្គជាបន្តបន្ទាប់ទៅទស្សនានៅតាមប្រាង្គប្រាសាទនានា ដែលជាកេរ្តិ៍មរតកដូនតាខ្មែរយើងតាំងពីយូរលង់ ដែលជាដួងព្រលឹងជាតិខ្មែរមិនអាចកាត់ថ្លៃបាន ។
ឆ្លៀតក្នុងដំណើរទស្សនកិច្ចខាងលើ លោកបណ្ឌិតបានបញ្ជាក់ជូនដល់ក្រុមគរុសិស្សតាមប្រាសាទនានាដូចជា ប្រាសាទបាយ័នបានកសាងនៅចុងសត្សវត្សទី១២ ដែលមានលក្ខណៈជាប្រាង្គ និងចេតីយ៍ ដើម្បីឧទ្ទិសដល់វីរៈបុរស និងយុទ្ធជនពលីនាសម័យបុរាណ និងរំលឹកផងដែរ ពីព្រហ្មវិហារធម៌របស់បុរស ពិសេសពីព្រហ្មវិហារធម៌របស់ឳពុក។
នៅទីលានជល់ដំរីលោកបណ្ឌិត ប៉ែន ស៊ីម៉ន បានឱ្យដឹងថា គឺជាកន្លែងបង្កក់ប្រសិទ្ធីតាំងពីសម័យបុរាណកាលនៃការលើកទ័ព និងរេពលទៅធ្វើសឹកសង្គ្រាមកាលសម័យអង្គរ ហើយនៅទីនោះក៏មានចម្លាក់បង្ហាញអំពីគន្លងធម៌របស់ព្រះរាជានាសម័យនោះដែលជួនកាលគេទៅជានិយាយពីស្តេចគំលង់ទៅវិញ ។ ក្នុងនោះដែរ ប្រតិភូក៏បានទស្សនាប្រាសាទនាគព័ន្ធ គឺជាកន្លែងបញ្ជាក់ពីការរីកចម្រើននៃវិស័យសុខាភិបាលនាសម័យនោះផងដែរ ។ ដោយឡែកចំពោះប្រាសាទតាព្រហ្មវិញដែលព័ទ្ធទៅដោយស្តង់ធំៗត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ័ន្មទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គដែលទ្រង់អាពាធ ដោយជម្ងឺឃ្លង់ (កាមរោគ?) ដែលជំនាន់នោះត្រូវបានគេចាត់ទុកថា ជាអកុសលកម្មរបស់លោក ។ នៅរសៀលថ្ងៃដដែលនោះដែរ ក្រុមគរុសិស្សក៏បានបន្តដំណើរទៅទស្សនានៅប្រាង្គប្រាសាទអង្គរវត្តដែនមានរោងជាងទង សីលា ចរិក ជ័យនន្ទ និងចម្លាក់ឯទៀត មានជាន់បាកណៈ ព្រះពាន់ ដែលនៅជាប់នឹងប្រាសាទគក់ទ្រូង ។ ចំណែកឯប្រាសាទបន្ទាយស្រីឯណេះវិញ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានបញ្ជាក់ថា ប្រាសាទនេះបានសាងសង់ឡើងចុងក្រោយនាសត្សវត្សទី ១២ ដែលមានរូបចម្លាក់ដិតជ្រៅ ឆ្មារ និងរស់រវើក ប្រកបដោយសិរី ឬបង្ហាញពីចរិតល្វេល្វន់របស់ស្ត្រីផងដែរ ។ គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់វគ្គទស្សនកិច្ចនីមួយៗ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានរៀបចំពិធីបាយសាមគ្គី និងរាំកម្សាន្តផងដែរ ៕
ចែករំលែកព័តមាននេះ