ខេត្តសៀមរាប ៖ ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានប្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប នារដូវក្តៅនេះ ហើយអាកាសធាតុបន្តឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលត្រូវភ្ញៀវទេសចរទាំងអស់ ត្រូវមានការយល់ដឹង និងត្រៀមសម្ភារមួយចំនួន ដើម្បីការពារខ្លួនឯង ។
អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ និងវិធានការការពារភ្ញៀវទេសចរ ដែលមកកម្សាន្តខេត្តសៀមរាប ក្នុងរដូវក្តៅហួតហែងនេះ ដោយពិនិត្យឃើញថា បច្ចុប្បន្ន ពិសេសក្នុងខែមេសា ជាថ្ងៃចូលឆ្នាំប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងខាងមុខនេះ ទើបឱ្យមានការប្រុងប្រយ័ត្នអាកាសធាតុនឹងបន្តកើនកម្តៅ និងតំបន់មួយចំនួនអាចនឹងទទួលសម្ពាធខ្យល់ក្តៅខ្លាំង ដែលនឹងអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យភ្ញៀវយកចិត្តទុកដាក់លើប្រការមួយចំនួន ។
រួមមាន ៖ ភ្ញៀវទេសចរត្រូវពិសាទឹកឱ្យបានគ្រប់គ្រាន់ ចៀសវាងកើតមានបញ្ហាសុខភាពណាមួយ ដោយយថាហេតុ ព្រមទាំងត្រូវពាក់មួកការពារកម្តៅថ្ងៃ ។ ត្រូវប្រើប្រាស់ផលិតផលការពារស្បែក ចៀសវាងផលប៉ះពាល់ដោយកម្តៅថ្ងៃ និងត្រូវស្លៀកពាក់ឱ្យបានសមរម្យ និងរលុង ដើម្បីងាយស្រួលដល់ខ្លួន និងស្របតាមក្រមប្រតិបត្តិអង្គរ ។
ចែករំលែកព័តមាននេះ