ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកតវ៉ា ដដែលរឿងផលប៉ះពាល់ដីចំណីផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត បាននាំគ្នាឈរលើកបដាជាថ្មីនៅមុខសាលាក្រុង តែការតវ៉ាលើកនេះ គឺប្តូរស្ទីលថ្មី សុំដីសង់លំនៅឋាន គឺមិនសុំកម្មសិទ្ធិដូចកាលពីលើកមុនទៀតទេ។ អ្នកតវ៉ាខាងលើបានលើកបដាឈរព្រោងព្រាត មានគ្នាប្រហែលជាង២០នាក់នៅមុខសាលាក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី២៩ មីនា បន្ទាប់ពីតវ៉ាជាច្រើនលើកនៅតែគ្មានដំណោះស្រាយ ។
បុរសឈ្មោះ វន វ័ន្ត អាយុ៣៦ឆ្នាំ រស់នៅភូមិ-សង្កាត់ផ្សារកណ្តាល បានប្រាប់កោះសន្តិភាពនៅកន្លែងកើតហេតុថា ពួកគាត់ដែលមានគ្នាជាង២០នាក់នេះគឺតំណាងឲ្យពលរដ្ឋដែលមានដីប៉ះពាល់ចំណីផ្លូវរថភ្លើងប្រមាណជាង៥០គ្រួសារ នៅក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ដែលមិនទាន់បានទទួលគោលនយោបាយដោះស្រាយដីធ្លីពី ADB តាមរយៈអន្តរក្រសួងនៅឡើយទេ។
បុរសខាងលើបានបន្តថា ពីមុនពួកគាត់តែងតែលើកបដាតវ៉ាដូចគ្នា ប៉ុន្តែទាមទារប្លង់កម្មសិទ្ធិស្របច្បាប់ ចំពោះដីដែលនៅសេសសល់ពីផលប៉ះពាល់ចំណីផ្លូវរថភ្លើង និងទាមទារសំណងដីដែលប៉ះពាល់ផងដែរ តែការតវ៉ាលើកនេះគឺខុសពីការតវ៉ាលើកមុនៗ ដោយពួកគាត់សុំគោលនយោបាយដីធ្លីដើម្បីប្តូរទីលំនៅតែម្តងព្រោះលំនៅឋានបច្ចុប្បន្នវានៅកៀកនឹងផ្លូវរថភ្លើងពេកខ្លាចគ្មានសុវត្ថិភាពចំពោះកូនចៅពេលចេញចូលផ្ទះ ។ក្រុមអ្នកតវ៉ាលើកឡើងថា នេះជាលើកទី១៦ហើយថាបើអាជ្ញាធរនៅតែគ្មានដំណោះស្រាយទៀត ពួកគាត់នឹងបន្តការតវ៉ាជារៀងរហូត ។
ទោះជាយ៉ាងណាក៏ដោយ នៅកន្លែងកើតហេតុ គេឃើញមានតែសមត្ថកិច្ច៤ទៅ៥នាក់ចាំឃ្លាំមើលខ្លាចកើតមានអំពើរហិង្សាណាមួយ ចំណែកអាជ្ញាធរមិនបានខ្វល់ខ្វាយដល់ក្រុមអ្នកតវ៉ាទាំងនោះទេសូម្បីតែមន្ត្រីម្នាក់ ក៏មិនចេញមកជួបពួកគាត់ដែរ ។ ក្រុមអ្នកតវ៉ាបានត្រឡប់ទៅវិញ បន្ទាប់ពីឈរមើលមុខគ្នាមួយសន្ទុះ ។ ជុំវិញការតវ៉ានេះ អាជ្ញាធរក្រុងប៉ោយប៉ែត បានចាត់ទុកក្រុមអ្នកតវ៉ាខាងលើថាជាក្រុមអនាធិបតេយ្យ និងបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម ៕
ចែករំលែកព័តមាននេះ