អ្នកវិទ្យាសាស្ត្របាននិយាយថា ប្រភេទគ្រឿងផ្សំនៅក្នុងសម្លការីអាចជួយព្យាបាលជំងឺបាត់ភ្លេចភ្លាំង(Alzheimer’s disease) យ៉ាងមានប្រសិទ្ធភាព ។
ជំងឺ Alzheimer’s disease ជាប់ទាក់ទងទៅនឹងការបង្កើតជាដុំពកប្រូតេអីុននៅក្នុងខួរក្បាលដែលមានឈ្មោះថា amyloid plaquesបំផ្លាញខ្សែកោសិកាខួរក្បាល។ មើមរមៀតគឺជាគ្រឿងផ្សំមួយមុខរបស់សម្លការីដែលមានលទ្ធភាពប្រឆាំងនឹងជំងឺនេះបាន។ ថ្វីដ្បិតតែវាមិនអាចរំលាយ amyloid plaques បានក៏ដោយ ប៉ុន្តែវាអាចជួយពន្លឿនការបង្កើតកោសិកាសរសៃប្រសាទដោយកាត់បន្ថយចំនួនទម្រង់ម៉ូលេគុលហៅថា oligomers ។
សាស្ត្រាចារ្យ Per Hammarstrom របស់សាកលវិទ្យាល័យ Linkoping Universityនៅក្នុងប្រទេសស៊ុយអែតបាននិយាយថា៖ «លទ្ធផលនេះបង្ហាញឱ្យយើងជឿថា វាគឺជាម៉ូលេគុល oligomers ដែលធ្វើឱ្យគ្រោះថ្នាក់បំផុតដល់កោសិកាសរសៃប្រសាទ ។
ដោយឡែក ការស្រាវជ្រាវមួយផ្សេងទៀតកាលពីឆ្នាំ២០១១បានបង្ហាញថា ទទួលទានសម្លការីអាចជួយកាត់បន្ថយការឈឺចាប់សន្លាក់កែងដៃ ព្រមទាំងការឈឺចាប់តាមសរសៃពួរ ។ រមៀតដែលជាគ្រឿងផ្សំសំខាន់នៅក្នុងសម្លការីជាពិសេសការីរបស់ឥណ្ឌាមានសមត្ថភាពទប់ស្កាត់ការរលាកសន្លាក់នានា ។
រមៀតគឺជាសារធាតុដ៏សំខាន់ដែលអ្នកស្រាវជ្រាវរកឃើញថា អាចទប់ទល់នឹងការរលាកបាន ។ លោកវេជ្ជបណ្ឌិតអាលី ម៉ូបាសេរី មកពីសាកលវិទ្យាល័យ University’s School of Veterinary Medicine& Science បាននិយាយថា លទ្ធផលនៃការស្រាវជ្រាវរបស់យើងគឺមិនមែនចង់បង្ហាញថា សម្លការីដែលមានគ្រឿងផ្សំសំខាន់ពីរមៀតគឺជាថ្នាំព្យាបាលការរលាកគ្រប់ប្រភេទនោះទេ ។ ផ្ទុយទៅវិញវាគ្រាន់តែជាការនាំផ្លូវសម្រាប់អ្នកវិទ្យាសាស្ត្រក្នុងការរាវរកការព្យាបាលប្រភេទជំងឺសន្លាក់តាមរយៈចំណីអាហារតែប៉ុណ្ណោះ ។ លោកបន្តថាការស្រាវជ្រាវបន្ថែមទៀតលើអត្ថប្រយោជន៍នៃមើមរមៀតនឹងត្រូវធ្វើជាបន្តនៅថ្ងៃអនាគត ។
ការសិក្សាពីលើកមុនៗ ក៏បានរកឃើញផងដែរថា រមៀតមានអត្ថប្រយោជន៍ជួយព្យាបាលជំងឺមហារីកបាន ។ នេះបើតាមលទ្ធផលនៃការសិក្សាកាលពីឆ្នាំ២០១១ ដែលត្រូវបានគេបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ Journal of Biological Chemistry ខណៈលទ្ធផលលើកនេះត្រូវបានចុះផ្សាយក្នុងព្រឹត្តិបត្រ PLoS One ៕
ចែករំលែកព័តមាននេះ