សេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ជុំវិញការប៉ុនប៉ងមនុស្សឃាតលើសកម្មជន
រាជធានីភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍ស្ដីពីព្រឹត្ដិការណ៍ប៉ុនប៉ងមនុស្សឃាតមកលើសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមីនា…
រាជធានីភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍ស្ដីពីព្រឹត្ដិការណ៍ប៉ុនប៉ងមនុស្សឃាតមកលើសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមីនា…
រាជធានីភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍ស្ដីពីព្រឹត្ដិការណ៍ប៉ុនប៉ងមនុស្សឃាតមកលើសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមីនា ដោយទាមទារឱ្យមានការចាប់ខ្លួនជនល្មើសដែលប៉ុនប៉ងធ្វើមនុស្សឃាតមកលើសកម្មជនរបស់ខ្លួន ។
សេចក្ដីថ្លែងការណ៍បានសរសេរថា បណ្ដាញសហគមន៍ព្រៃឡង់យើងខ្ញុំ ជាបណ្ដាញអ្នកស្ម័គ្រចិត្តជនជាតិភាគតិចកួយ ដែលចូលរួមការពារព្រៃឡង់អស់រយៈពេលជាង១៦ឆ្នាំមកហើយ ។ បណ្ដាញយើងខ្ញុំមកពីបួនខេត្តរួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ។
នៅថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះ បណ្ដាញសហគមន៍ទាំងបួនខេត្តបានចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឡង់ ។ នៅក្នុងរយៈពេល៥ថ្ងៃនៃសកម្មភាពនេះ យើងខ្ញុំបានរកឃើញឈើជាច្រើនម៉ែត្រគូប និងរឹបអូសម៉ាស៊ីនរណារយន្ដពីជនល្មើសទាំងបួនខេត្តសរុបចំនួន៣៥គ្រឿង និងឧបករណ៍សម្រួលដល់ការអារឈើជាច្រើនទៀត ។ នៅរយៈពេលជាង២ខែដើមឆ្នាំ២០១៦នេះ យើងខ្ញុំបានរឹបអូសម៉ាស៊ីនរណារយន្ដសរុប៨៥គ្រឿង និងឈើជាច្រើនម៉េត្រគូប ។
នៅថ្ងៃទី២៦ ខែមីនា បន្ទាប់ពីល្បាតពេញមួយថ្ងៃ យើងខ្ញុំបានបោះជំរំសម្រាកនៅចំណុចអូរតាជើល ក្នុងព្រៃឡង់ ដែលស្ថិតនៅក្នុងទឹកដីភូមិសាស្ដ្រឃុំបឹងចារ យើងបានបោះជំរំបានសម្រាកនៅទីតាំងខាងលើ ។ នៅវេលាម៉ោង១និង៣០នាទី រហូតដល់ម៉ោង១និង៤០នាទី ថ្ងៃទី២៧ ខែមីនា មានជនល្មើសមួយក្រុមមិនស្គាល់អត្ដសញ្ញាណនិងចំនួន បានលបកាប់ប៉ុនប៉ងមនុស្សឃាតមកលើយើង ដែលបណ្ដាលឱ្យកញ្ញា ផន សុភាក់ ជាសកម្មជន និងជាបេក្ខនារីតំណាងឱ្យបណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត ដែលបានទៅទទួលពានរង្វាន់អេក្វាទ័រប្រាយ ២០១៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះ ។ កញ្ញា ផន សុភាក់ ត្រូវជនល្មើសកាប់ត្រូវពីរពូថៅចំជើងខាងឆ្វេងជាទម្ងន់ ។
មកទល់ពេលនេះ កញ្ញា ផន សុភាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនទីរួមខេត្តក្រចេះ។ នាងបានរួចផុតពីសេចក្តីស្លាប់ ប៉ុន្ដែមានរបួសជាទម្ងន់នៅលើប្រអប់ជើងឆ្វេង ។
កញ្ញា ផន សុភាក់ ជាជនរងគ្រោះម្នាក់ដែលទទួលរងគ្រោះដោយសារការចូលរួមការការពារបរិស្ថាន និងធនធានធម្មជាតិ ខណៈដែលសកម្មជនការពារបរិស្ថានពីរនាក់នៅប្រទេសហុងឌូរ៉ាស ត្រូវបានសម្លាប់នៅក្នុងខែមីនា ឆ្នាំ២០១៦នេះ ។
យើងខ្ញុំទាំងអស់គ្នាជាបណ្ដាញសហគមន៍ព្រៃឡង់ មានក្ដីរន្ធត់ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពគំរាមកំហែងគ្រប់រូបភាពដល់អាយុជីវិតរបស់យើងខ្ញុំ ដែលធ្វើឡើងដោយក្រុមជនដែលប្រព្រឹត្ដបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ ។ ស្ថានភាពការកាប់បំផ្លាញព្រៃឈើមានសភាពធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាងពីរខែនាដើមឆ្នាំ២០១៦នេះ ។
ស្ថានភាពនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងការកាប់បំផ្លាញព្រៃឈើដ៏ខ្លាំងក្លាទាំងនេះ ជាកង្វល់ដែលយើងខ្ញុំទាំងអស់គ្នា មានការព្រួយបារម្ភបំផុត បើគ្មានកិច្ចអន្ដរាគមន៍ពីរាជរដ្ឋាភិបាលទេនោះ ព្រៃឡង់នឹងបាត់បង់ ហើយមុខរបររបស់យើងខ្ញុំដែលពឹងផ្អែកលើផល អនុផលព្រៃឈើនឹងត្រូវបាត់បង់ជាក់ជាមិនខាន ។
យើងខ្ញុំទាំងអស់គ្នា សូមសំណូមពរដល់រាជរដ្ឋាភិបាលដូចខាងក្រោម ៖
១-សូមឱ្យមានការសើុបអង្កេត និងចាប់ខ្លួនជនល្មើស នៅតំបន់កើតហេតុយកទៅផ្ដន្ទាទោសតាមច្បាប់ ។
២-សូមរាជរដ្ឋាភិបាលបិទរាល់ការទិញ លក់ ឈើទាំងស្របច្បាប់ និងខុសច្បាប់នៅជុំវិញព្រៃឡង់ ។
៣-សូមឱ្យរាជរដ្ឋាភិបាលបញ្ចប់រាល់សកម្មភាពបទល្មើសផ្សេងៗនៅក្នុងព្រៃឡង់ ។
៤-សូមរាជរដ្ឋាភិបាល ធ្វើការសើុបអង្កេតអ្នកដែលនៅពីក្រោយខ្នងបទល្មើសទាំងនោះ ។
៥-សូមឱ្យរាជរដ្ឋាភិបាលចាត់វិធានការ និងសហការយ៉ាងជិតស្និទ្ធជាមួយសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ ដែលបានបង្កើតតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ៕
ចែករំលែកព័តមាននេះ