ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​កឋិនទាន​ក្នុង​សម័យ​កូ​វី​ដ

2 ឆ្នាំ មុន

តាម​ធម្មតា​រៀង​រាល់​ឆ្នាំ​កន្លង​មក ក្រោយ​ចេញ​ព្រះ​វស្សា​មួយ​ថ្ងៃ រដូវ​កឋិនទាន​ក៏​ចូល​មក​ដល់ នៅ​តាម​ស្រុក ភូមិ និគមជនបទ ខេត្ត ក្រុង រាជធានី ពិសេស​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​តែងតែ​ឮ​សំឡេង​ភ្លេង​ពិន​ពាទ្យ​ទះ​ដំ​ប្រគំ​ផ្លុំ​កូត​យ៉ាង​ពីរោះ​រណ្តំ​កំដរ​កម្មវិធី​បុណ្យកឋិន​ដែល​ពោរពេញ​ទៅ​ដោយ​បរិស័ទ​ដ៏​ច្រើន​កុះករ​ក្រោម​ទឹកមុខ​ញញឹម​រាក់ទាក់…

តាម​ធម្មតា​រៀង​រាល់​ឆ្នាំ​កន្លង​មក ក្រោយ​ចេញ​ព្រះ​វស្សា​មួយ​ថ្ងៃ រដូវ​កឋិនទាន​ក៏​ចូល​មក​ដល់ នៅ​តាម​ស្រុក ភូមិ និគមជនបទ ខេត្ត ក្រុង រាជធានី ពិសេស​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​តែងតែ​ឮ​សំឡេង​ភ្លេង​ពិន​ពាទ្យ​ទះ​ដំ​ប្រគំ​ផ្លុំ​កូត​យ៉ាង​ពីរោះ​រណ្តំ​កំដរ​កម្មវិធី​បុណ្យកឋិន​ដែល​ពោរពេញ​ទៅ​ដោយ​បរិស័ទ​ដ៏​ច្រើន​កុះករ​ក្រោម​ទឹកមុខ​ញញឹម​រាក់ទាក់ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២១​នេះ​អ្វី​ៗ​ត្រូវ​ផ្លាស់​ប្តូរ​ទាំងស្រុង​គឺ​ត្រូវ​ញុំ​ា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​តាម​គន្លង​ថ្មី​មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ឡើយ គ្រប់​កម្មវិធី​ទាំងអស់​រួម​ទាំង​ពិធីបុណ្យ​កឋិនទាន​ផង​មិន​អនុញ្ញាត​ឱ្យ​មានការ​ហែហម​អមដំណើរ ឬ​ចូលរួម​ពិធី​ដោយ​ក្រុម​មនុស្ស​ច្រើន​កុះករ​នោះ​ទេ ព្រោះ​ខ្លាច​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ពិសេស​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​ជា​ប្រភេទ​មេរោគ​ដែល​ចម្លង​លឿន​ណាស់ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ធម្មការ​និង​សាសនា​បាន​ជូនដំណឹង​ថា ក្រសួង​មិន​ផ្អាក​កម្មវិធី​បុណ្យ​កឋិនទាន​នោះ​ទេ អនុញ្ញាត​ឱ្យ​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​ទាន​បាន​តាម​ការ​គួរ តែ​មិន​អនុញ្ញាត​ឱ្យ​មានការ​ដង្ហែ​អង្គ​កឋិន​ឡើយ និង​តម្រូវ​ឱ្យ​អ្នក​ដែល​ចូលរួម​ពិធីបុណ្យ​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ជា​កំហិត​ដោយ​ត្រូវ ពាក់​ម៉ាស មានទឹក​អាល់កុល ឬ​ជែ​ល​ដាក់​តាម​ជាប់​ខ្លួន​ជា​និច្ច និង​ត្រូវ​អនុវត្ត​បី​កុំ បី​ការពារ​ជា​ប្រចាំ ធ្វើ​យ៉ាងនេះ​ដើម្បី​កុំឱ្យ​មេរោគ​កូ​វី​ដ​១៩​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង ។

ព្រោះតែ​ឥទ្ធិពល​កូ​វី​ដ​១៩​ហ្នឹងហើយ ទើប​នៅ​ឆ្នាំ​២០២១​នេះ​នៅ​តាម​តំបន់​នានា ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិនឃើញ​មាន​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន​នៅ​តាម​លំនៅ​ឋាន តាម​ដងផ្លូវ​នានា​ស្ងាត់ជ្រងំ​មិន​មាន​ឮ​សំឡេង​ភ្លេង​ពិន​ពាទ្យ​កំដរ​ពិធីបុណ្យ​ទៀត​ឡើយ ។ ចំណែក​ពុទ្ធបរិស័ទ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ប្រាថ្នា​ធ្វើ​កឋិន​អាច​ប្រារព្ធ​កម្មវិធី​បុណ្យ​នៅ​ក្នុង​បរិវេណ​វត្ត​ដែល​ខ្លួន​មាន​បំណង​ហែ​ទៅ​នោះ ដោយ​ការ​ជួបជុំ​ក្រុម​មនុស្ស​តិចតួច​បំផុត ហើយ​វេរ​អង្គ​កឋិន​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​តែ​ម្តង ។

សូម​បញ្ជាក់​ផង​ដែរ​ថា កឋិន​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​ដែល​ចាប់ផ្ដើម​ធ្វើ​បន្ទាប់​ពី​ព្រះសង្ឃ​ចេញ​វស្សា ហើយ​គេ​តែង​ដង្ហែ​អង្គ​កឋិន​ចូល​គ្រប់​ទី​អារាម​ទាំងអស់ ពុំ​មាន​ទំនេរ​វត្ដ​ណាមួយ​ត្រូវ​បាន​ខកខាន​ឡើយ ដូច្នេះ​គេ​តែង​ឃើញ​ក្បួន​កឋិន​ដង្ហែ​ទៅ​កាន់​ទី​អារាម​នានា​ចាប់ពី​ថ្ងៃ​១​រោច ខែអស្សុជ​ដល់​ថ្ងៃ​១៥​កើត ខែកត្តិក ហើយ​បើ​ទី​អារាម​ណាមួយ​មិន​មាន​កឋិន​ហែ​ចូល​ទេ ទី​អារាម​នោះ​ក៏​ត្រូវ​តែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ដែរ ។ បណ្តា​ឆ្នាំ​កន្លង​មក ពិធី​ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទី​អារាម​នីមួយ​ៗ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​យ៉ាង​អធិកអធម សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង ប៉ុន្តែ​គួរ​ឱ្យ​អនិច្ចា​ជា​ពន់ពេក​នៅ​ឆ្នាំ​២០២១​នេះ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​ឆ្លង​រាលដាល​ឥត​ឈប់​ឈរ ទើប​ក្រសួង​ធម្មការ​និង​សាសនា​មិន​អនុញ្ញាត​ឱ្យ​មានការ​ដង្ហែ​បុណ្យកឋិន​ដោយ​មានការ​ជួបជុំ​ក្រុម​មនុស្ស​ច្រើន​ឡើយ ។

អ្នក​ឈ្លាស​ក្នុង​ការ​ធ្វើ​កឋិន​មិន​លំបាក​ទេ គឺ​មាន​កំណាត់សំពត់​ត្រឹមតែ​អាច​ធ្វើ​ស្បង់​មួយ ក៏​អាច​ធ្វើ​កឋិន​បាន​ដែរ ព្រោះ​ភិក្ខុសង្ឃ​ជា​អ្នក​ទទួល​ក្រាលកឋិន ក្នុង​ចំណោម​ត្រៃចីវរ (​ស្បង់​១ ចីវរ​១ សង្ឃាដី​១) គឺ​ក្រាល​បាន​តែ ១​មុខ​ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ​មុខ ឬ​ក្រាល​ទាំង​ត្រៃចីវរ​តែ​ម្តង​នឹង​មិន​ឡើងជា​កឋិន​ឡើយ លោក​ហៅ​ថា ខូច​កឋិន ឬ​កឋិន​ត្ថា​រ​វិបត្តិ ។

ប៉ុន្តែ​សម្រាប់​កឋិន​នៅ​កម្ពុ​ជានា​សម័យនេះ​លំបាក​ណាស់ កុំ​ថា​ឡើយ​អ្នក​ក្រីក្រ សូ​ម្បី​តែ​អ្នកមាន​ល្មម​ៗ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ លុះណាតែ​អ្នកមាន​ស្តុកស្តម្ភ ឬ​មាន​គ្នា​ច្រើន​ទើប​អាច​ធ្វើ​កឋិន​កើត ព្រោះ​កឋិនទាន​នៅ​កម្ពុជា​ពុំ​មែនមាន​តែ​ស្បង់​១ ឬ​ចីវរ​១ ឬ​ក៏​សង្ឃាដី​១​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​បរិក្ខារ​ដ៏​ច្រើន​ផ្សេង​ៗ​ទៀត ជា​ពិសេស​បច្ច័យ​សង្កត់​ត្រៃ​សម្រាប់​កសាង​វត្ត​អារាម និង​សមិទ្ធិ​សាធារណៈ​នានា​មាន​សាលារៀន មន្ទីរពេទ្យ​ជាដើម​ទើប​អាច​ឈ្មោះ​ថា​ជា​កឋិន​នៅ​កម្ពុ​ជានា​សម័យ​ទំនើប​នេះ​បាន ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ