ខេត្តកណ្ដាល ៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកកៀនស្វាយ បានសហការជាមួយប៉ូលិសសេដ្ធកិច្ចខេត្តកណ្តាល និងកម្លាំងនគរបាលស្រុកកៀនស្វាយ ស្ទាក់ចាប់រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកទំនិញបន្លែបង្កា បានបង្កប់សត្វព្រៃដោយលួចលាក់ មានពស់ថ្លាន់ និងអណ្តើកជាង៥០០គីឡូក្រាម កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៨ មីនា នៅចំណុចភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ក្នុងទិសដៅពីអ្នកលឿងឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១ ដែលគេនិយាយថា មានទិសដៅយកទៅស្រុកយួន ។
លោក អ៊ី សុភី នាយសង្កាត់រដ្ធបាលព្រៃឈើកៀនស្វាយ ដែលដឹកនាំក្នុងប្រតិបត្តិការបង្ក្រាបបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ថា មានរថយន្តដឹកទំនិញ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ដោយមានសណ្តោងរ៉ីម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-8360មានលួចបង្កប់សត្វអណ្តើក និងពស់ថ្លាន់ ឆ្លងកាត់មូលដ្ឋានរបស់លោកគ្រប់គ្រង ។ រូបលោកក៏បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្ត និងកម្លាំងនគរបាលស្រុកស្ទាក់ចាប់ តែដោយអ្នកបើកបររថយន្ដដឹងខ្លួនក៏ចតរថយន្ដចោល ហើយរត់គេចខ្លួនបាត់មុនពេលកម្លាំងទៅដល់ ។
លោក អ៊ី សុភី បន្តថា នៅពេលកម្លាំងធ្វើការឆែកឆេររើទំនិញទើបប្រទះឃើញវត្ថុតាង សត្វអណ្តើកចំនួន១០២ក្បាល ស្មើ៤៤៣គីឡូក្រាម ពស់ថ្លាន់១៧ក្បាល ស្មើនឹង១២៧គីឡូក្រាម នៅលើរថយន្តបង្កប់ពីក្រោមទំនិញ ។
លោកបញ្ជាក់ថាបន្ទាប់ពីរកឃើញមានវត្ថុតាងសត្វព្រៃហើយ ក៏យកទាំងរថយន្តមកកាន់ទីស្នាក់ស្រុកកៀនស្វាយ ដើម្បីធ្វើកំណត់ហេតុប្រគល់សត្វព្រៃឲ្យអង្គការ (វ៉ាយអេត) យកទៅលែងចូលសួនសត្វ ។ រីឯរថយន្តរក្សាទុកនៅស្នាក់ការមេព្រៃកៀនស្វាយដើម្បីកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធី ។
ក្នុងករណីនេះ បើកុំស្ទាក់ចាប់បាន ម្ល៉េះត្រូវដូរដីទៅដល់ស្រុកយួនបាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ