ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ល្បែងស៊ីសងគ្រប់ប្រភេទកំពុងបើកឱ្យដំណើរយ៉ាងរលូន និងដោយចំហនៅក្នុងហាងកាហ្វេមួយកន្លែងក្បែរច្រក «អូររំដួល» ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក (ជាប់ព្រំដែនថៃ) ដោយគ្មានសមត្ថកិច្ច ឬអាជ្ញាធរណា ចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះទេ ។
ប្រភពឱ្យដឹងទៀតថា អ្នកបើកល្បែងស៊ីសងនោះ គឺជាមន្ត្រីនគរបាលម្នាក់ឈ្មោះតួ ដែលបើកហាងលក់គុយទាវកាហ្វេ និងបើកល្បែងស៊ីសងផង ។ នៅផ្នែកខាងមុខមានលក់គុយទាវកាហ្វេ មានលេងភ្នាល់កីឡា រីឯផ្នែកខាងក្រោយ មានលេងអាប៉ោងពី២ ទៅ៣វង់ និងល្បែងបៀរគ្រប់ប្រភេទ ។
ប្រភពបានបញ្ជាក់ថា អ្នកចូលលេងល្បែងស៊ីសងទាំងនេះ គឺមានសមាសភាពគ្រប់ប្រភេទ ទាំងមន្ត្រីរាជការ មន្ត្រីសមត្ថកិច្ច ដូច្នេះហើយ ទើបគ្មានស្ថាប័នមានសមត្ថកិច្ចណាមួយ ចេញមុខទប់ស្កាត់ ឬចុះបង្ក្រាបទេ ។ ប្រភពពីអ្នកធ្លាប់ចេញចូលហាងកាហ្វេខាងលើបានប្រាប់ថា ល្បែងស៊ីសងដែលបង្កប់ក្នុងហាងកាហ្វេរបស់មន្ត្រីនគរបាលឈ្មោះតួ នេះ បានបើកដំណើរការឡើងដុះស្លែហើយ រីឯសមត្ថកិច្ច ឬមន្ត្រីរាជការ គេតែងតែឃើញមកអង្គុយផឹកកាហ្វេក្នុងហាងនេះរាល់ថ្ងៃ តែមិនបានអើពើនឹងល្បែងស៊ីសងយ៉ាងវក់វី នៅខាងក្រោយហាងនេះទេ។
ផ្ទុយទៅវិញ ពេលខ្លះគេក៏ឃើញមន្ត្រីមួយចំនួន ពេនភ្នេនអ៊ុតអាប៉ោងជាមួយក្រុមអ្នកញៀនល្បែងទាំងនោះទៀតផង ជាពិសេស
មន្ត្រីៗ នៅក្បែរច្រកអូររំដួលនោះតែម្ដង ដែលចេញ-ចូលៗហាងកាហ្វេស្ទើរគ្រប់ម៉ោង ។
ជុំវិញល្បែងស៊ីសងបង្កប់ខ្លួន ក្នុងហាងកាហ្វេរបស់មន្ត្រីនគរបាលខាងលើ ដែលមានការសមគំនិតពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានផង ។ គេមិនទាន់ដឹងថា តើបានជ្រាបដល់លោកស្នងការខេត្តដែរ ឬយ៉ាងណានោះទេ? ប៉ុន្តែបើតាមប្រភពថា មានអ្នករាយការណ៍ប្ដឹងទៅកម្លាំងស្នងការខេត្ត ឱ្យចុះបង្ក្រាបដែរ តែរហូតមកដល់ពេលនេះ មិនមានសមត្ថកិច្ចស្ថាប័នណាចុះទប់ស្កាត់ឬបង្ក្រាបឡើយ ខណះល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងហាងកាហ្វេខាងលើនេះបាននិងកំពុងបើកដំណើរយ៉ាងរលូនដដែលក្រោមក្រសែភ្នែករបស់សមត្ថកិច្ចនិងអាជ្ញាធរស្រុកភ្នំព្រឹកគ្រប់ស្ថាប័ន។
ចែករំលែកព័តមាននេះ