ខេត្តសៀមរាប ៖ មន្ត្រីសាលាខេត្តសៀមរាបប្រុស-ស្រីប្រមាណជាង៥០នាក់ នាំគ្នាទៅលេងនៅក្រុងព្រះសីហនុ បន្ទាប់ពីបានច្បាប់សម្រាកពីការងារ ដោយបាននាំគ្នាចូលទៅញ៉ាំអាហារក្នុងភោជនីយដ្ឋានមួយកន្លែងយីហោ «លី ហួយ» ក្នុងក្រុងព្រះសីហនុ ។ ក្រោយពីទទួលអាហាររួច មនុស្សចំនួន២១នាក់បានក្អួតចង្អោរ អស់កម្លាំង បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈបម្រុងចេញដំណើរត្រឡប់មកខេត្តសៀមរាបវិញ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដែលហេតុការណ៍ពុលនេះ កើតឡើងកាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២៧ មីនា ២០១៦ រហូតដល់ថ្ងៃទី២៨ មីនា ២០១៦ នេះ ។
បើតាមប្រភពពីមន្ត្រីសាលាខេត្តសៀមរាបបានប្រាប់ថា មន្ត្រីសាលាខេត្តដែលបានធ្វើដំណើរទៅជាមួយ បានប្រាប់មកខាងនាយករងរដ្ឋបាលសាលាខេត្តថា ពួកគេទៅដើរលេងក្រុងកំពង់សោមនោះ បានពុលជាង២០នាក់ ប៉ុន្តែមានអ្នកខ្លះបានធូរ ហើយអ្នកខ្លះមិនទាន់បានធូរស្រួលបួលទេ កំពុងដេកសម្រាកនៅមន្ទីរទេព្យខេត្តព្រះសីហនុនៅឡើយ ។
ប្រភពបន្តថា ក្រុមការងារប្រហែលចាំឱ្យស្រួលបួលទាំងអស់គ្នាសិន ទើបនាំគ្នាត្រឡប់ទៅវិញ ព្រោះខាងមន្ទីរពេទ្យកំពុងនាំគ្នាជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ក្នុងការពុលនេះផងដែរ ។ បើតាមសមត្ថកិច្ចក្រុងព្រះសីហនុបានរាយការណ៍ឱ្យអ្នកសារព័ត៌មានក្នុងស្រុកថា ករណីពុលនេះ បានកើនឡើងដល់២១នាក់ ហើយភាគច្រើនជាស្ត្រី។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានមន្ត្រីជំនាញចុះទៅពិនិត្យមើលដល់មន្ទីរពេទ្យ ព្រមទាំងចុះទៅដល់ហាងយីហោ «លី ហួយ» ដើម្បីយកទឹកស៊ុប និងសម្លរមួយចំនួនទៅពិនិត្យមើល ដើម្បីស្វែងរកមូលហេតុថា តើពុលមកពីមូលហេតុអ្វី ប្រសិនបើរកឃើញថា ពុលមកពីម្ហូបអាហារនៅក្នុងហាងនោះមែន សមត្ថកិច្ចនឹងមានវិធានការចាត់ការតាមច្បាប់ ។
ចែករំលែកព័តមាននេះ