ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ផ្សេងៗ​ទៀត​ដែល​បង្ក​ដោយ​ការ​ជក់​បារី (តពីលេខមុន)

14 ឆ្នាំ មុន

-ប្តី​ប្រពន្ធ​ដែលជក់បារី អាច​មាន​បញ្ហា​បន្ត​ពូជ ​ជាង​ប្តី​ប្រពន្ធ​ដែលមិនជក់បារី
-ការជក់​បារីធ្វើ​ឱ្យ​ជំងឺ​ហឺត​កាន់តែ​ធ្ងន់​ធ្ងរ​
-ការ​ជក់​បារី​អាច​ធ្វើ​ឱ្យ​ខូច​សរសៃ​ឈាម​នៅ​ក្នុង​ភ្នែក ធ្វើ​ឱ្យ​ភ្នែក​ក្រហម និង​រមាស់ ។
-អ្នក​ជក់បារី​​មាន​ការ​ប្រឈម​ខ្ពស់នឹង​ការ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ ។
-ការ​ជក់​បារីធ្វើ​ឱ្យ​ធ្មេញ​ និងអញ្ចាញ​ធ្មេញ​ខ្មៅ ។
-ការ ​ជក់​បារី​បង្កើន​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​​អញ្ចាញ​ធ្មេញ​ ដែល​បណ្តាល​ឱ្យ​ហើម​អញ្ចាញ​ធ្មេញ ខ្យល់​ដង្ហើម​មិន​ល្អ និង​ការ​បាក់ធ្មេញ​ ។
-ការជក់បារី​បណ្តាល​ឱ្យ​​មាន​ជាតិអាស៊ីត​នៅ​ក្នុង​មាត់​ ដែល​អាច​បណ្តាល​ឱ្យ​មាន​ដំបៅ​ក្រពះ ។

-ប្តី​ប្រពន្ធ​ដែលជក់បារី អាច​មាន​បញ្ហា​បន្ត​ពូជ ​ជាង​ប្តី​ប្រពន្ធ​ដែលមិនជក់បារី
-ការជក់​បារីធ្វើ​ឱ្យ​ជំងឺ​ហឺត​កាន់តែ​ធ្ងន់​ធ្ងរ​
-ការ​ជក់​បារី​អាច​ធ្វើ​ឱ្យ​ខូច​សរសៃ​ឈាម​នៅ​ក្នុង​ភ្នែក ធ្វើ​ឱ្យ​ភ្នែក​ក្រហម និង​រមាស់ ។
-អ្នក​ជក់បារី​​មាន​ការ​ប្រឈម​ខ្ពស់នឹង​ការ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ ។
-ការ​ជក់​បារីធ្វើ​ឱ្យ​ធ្មេញ​ និងអញ្ចាញ​ធ្មេញ​ខ្មៅ ។
-ការ​ជក់​បារី​បង្កើន​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​​អញ្ចាញ​ធ្មេញ​ ដែល​បណ្តាល​ឱ្យ​ហើម​អញ្ចាញ​ធ្មេញ ខ្យល់​ដង្ហើម​មិន​ល្អ និង​ការ​បាក់ធ្មេញ​ ។
-ការជក់បារី​បណ្តាល​ឱ្យ​​មាន​ជាតិអាស៊ីត​នៅ​ក្នុង​មាត់​ ដែល​អាច​បណ្តាល​ឱ្យ​មាន​ដំបៅ​ក្រពះ ។
-ការជក់បារី​ក៏ប៉ះ​ពាល់​ដល់​រូប​សម្ជស្ស​ដែរ ៖ អ្នកជក់​បារី​មាន​ស្បែក​ស្លេក​ស្លាំង និង​ជ្រីវ​ជ្រួញ​ជាង​ធម្មតា ។ បញ្ហា​នេះ​បណ្តាល​មក​ពី​ការ​ជក់​បារី ធ្វើ​ឱ្យ​មាន​ការ​ត្បៀត​សរសៃ​ឈាម​នៅ​ស្រទាប់​ខាង​ក្រៅ​បំផុត​នៃ​ស្បែក ។ ការ​ត្បៀត​សរសៃ​ឈាម​នេះ​ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គង់​​ឈាម​ទៅ​ស្បែក មិន​បាន​​គ្រប់​គ្រាន់ នាំ​ឱ្យ​ខ្វះ​អុក​ស៊ី​សែន និង​អាហា​រូប​ត្ថម្ភ​សំខាន់ៗ ដូច​ជា​វី​តាមីន​អា​ជា​ដើម ។ ការ​ជក់​បារី​ក៏​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​សរសៃ​ឆ្មារៗ ដែលធ្វើ​ឱ្យ​ស្បែក​មាន​ភាព​យឺត​ផងដែរ ។ ជា​លទ្ធ​ផល ស្បែក​ចាប់​ផ្តើម​ចុះ​ខ្សោយ​ និង​ជ្រីវ​ជ្រួញ​មុន​អាយុ ។

ការជក់​បារី និង​ការ​ធ្វើ​ពលកម្ម​
នៅ​ពេល​នរ​ណាម្នាក់​ស្រូប​ផ្សែង​បារីចូល ពួក​គេនាំ​ឧស្ម័ន​កាបូន​ម៉ូ​ណុក​ស៊ី​ត​ ចូលទៅ​ក្នុង​ប្រព័ន្ធ​​រាង​កាយ​របស់​ពួកគេ ។ នៅ​ពេល​ដែល​ឧស្ម័ន​កាបូនម៉ូណុក​ស៊ីត​ ភ្ជាប់​ជាមួយ​ អេ​ម៉ូ​ហ្គូ​ប៊ីន (hemoglobin-សារធាតុ​មួយ នៅ​ក្នុង​កោសិកា​ឈាម​ក្រហម សំរាប់​ដឹក​នាំ​អុក​ស៊ី​សែន​ទៅ​គ្រប់​​ផ្នែក​នៃ​រាង​កាយ) នោះ​សមត្ថ​ភាព​របស់​អេ​ម៉ូ​ហ្គូ​ប៊ីន ក្នុង​ការ​ដឹកជញ្ជូនអុកស៊ី​សែន ត្រូវ​បាន​កាត់​បន្ថយ ។ ជា​លទ្ធ​ផល​មាន​អុក​ស៊ី​សែន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កោ​សិកា​ផ្សេងៗ​បស់​រាងកាយ បេះ​ដូង និង​សួត ។
ការ​ធ្លាក់ចុះ​នៃ​បរិមាណ​អុក​ស៊ី​សែននេះ នឹង​ធ្វើ​ឱ្យ​​រាង​កាយ​ចុះ​ខ្សោយ​ ដែលមិនត្រឹម​តែ​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ក្នុង​ការលេង​កីឡា​ផ្សេងៗ​នោះទេ គឺ​ថែមទាំង​មាន​ការ​ពិបាក​ក្នុង​ការធ្វើ​សកម្ម​ភាព​ធម្មតា​ប្រចាំ​ថ្ងៃ​ទៀត ដូចជា ការ​ដើរ ឡើង​ជណ្តើរ​ជាដើម ។
ក្នុង​ការ​បញ្ចេញ​កំលាំង​រាងកាយ​ បេះ​ដូង និង​សួត​របស់​មនុស្សយើង ត្រូវ​ការឈាម​ដែល​សំបូរ​អុក​ស៊ី​សែន ។​

ការជក់បារី និង​អ្នក​ដទៃ
អ្នក​ជក់​បារី​ មិន​ត្រឹម​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់សុខ​ភាព​ខ្លួន​ឯង​ប៉ុណ្ណោះទេ ថែមទាំង​ប៉ះ​ពាល់​ដល់​អ្នក​ដែល​នៅជុំ​វិញ​ខ្លួន​ទៀត ។ ទារក​ដែល​កើត​ពី​ម្តាយ​​ដែល​ជក់​បារី មាន​ទំងន់ទាប​នៅ​ពេល​កើត និង​មាន​ការ​ប្រឈម​យ៉ាង​ខ្លាំង ​នឹង​ការ​មាន​ជំងឺ​ផ្លូវ​​ដង្ហើម ។
កុមារ​ដែល​រស់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ ឬ​ទាំង​​ឪពុក​​ ទាំ​ងម្តាយ​ជក់​បារី មានការ​ប្រឈម​ទ្វេដង ទៅនឹង​ការ​កើត​ជំងឺ​ហឺត និង​ជំងឺ​រលាក​ទង​សួត ។
មនុស្ស​ពេញ​វ័យ​ដែល​ទទួល​ផ្សែង​បារី​ពី​គេ​យូរ​អង្វែង​ក៏​ពិតជា​មាន​ការ​ប្រឈម​តិច​តួច​ទៅ​នឹង​ការ​កើត​ជំងឺ​មហារីក​សួត និ​ងប្រឈម​ខ្ពស់​ទៅនឹង​ការ​កើត​ជំងឺ​បេះ​ដូង-​សរសៃ​ឈាម ។
អ្នក​មិន​ជក់បារី​ដែលប្រឈម​នឹង​ការ​ស្រូប​​ផ្សែង​បារី​ពី​គេ​ រួម​មាន កុមារ និង​ប្រពន្ធ-ប្តី​របស់​អ្នកជក​់បារី និង​មនុស្ស​ផ្សេង​ទៀត​ដែល​រស់​នៅ​​ក្នុង​ផ្ទះ​ជាមួយ​គ្នា ។ ដូច​គ្នា​នេះ​ដែរ​ ក៏​មាន​អ្នក​មិន​ជក់​បារី​មួយ​ចំនួនដែលធ្វើ​ការ​ជាមួយ​អ្នកជក់​បារី ឬ​ធ្វើ​ការ​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ផ្សែង​បារី ដែល​ការ​ប្រឈម​មុខ​របស់​ពួក​គេ​ ទៅ​នឹង​ផ្សែង​បារី​ក្នុង​រយៈ​ពេល​​យូរ ក៏​ជា​បញ្ហា​ដែល​គួរ​ឱ្យ​កត់​សំគាល់​ដែរ ។

ការជក់​បារី និងជំងឺ​សួត
អ្នក​ជក់បារី​ងាយ​នឹង​ធ្វើ​ឱ្យ​ខូច​សួត ហើយ​មុខ​ងារ​របស់​សួត​នៃ​អ្នកជក់​បារី មាន​កំរិត​ខ្សោយ​ជាង​អ្នក​មិនជក់​បារី ។ បញ្ហា​នេះ​នឹង​កាន់តែ​ធ្ងន់​ធ្ងរ​ បើ​អ្នក​នោះ​នៅតែ​បន្ត​ជក់បារី ។ការ​ជក់​បារី​បណ្តាល​ឱ្យ​មាន​ជំងឺ​សួត​ជា​ច្រើន ដែល​អាច​មាន​គ្រោះ​ថ្នាក់​ ដូចជំងឺ​មហារីក​សួត​ដែរ ។
ជំងឺ​មហារីក​សួត
មហារីក​សួត គឺជា​ជំងឺ​មួយ ដែលជា​លិកា​របស់​សួត​មាន​ការ​លូត​លាស់​ខុស​ពីធម្មតា ។ ការ​លូត​លាស់​នេះអាច​មាន​ការ​រាល​ដាល​ដល់ជា​លិ​កា​ដែល​នៅ​ជាប់​វា និង​​អាច​ហួស​ពី​សួត​ទៅ​ទៀត ។
មហារីក​សួត ជា​មូលហេតុ​នៃ​ការ​ស្លាប់​ញឹក​ញាប់​ជាង​គេ​បំផុត​មួយ ចំពោះ​បុរស និង​ជា​មូល​ហេតុ​​ញឹក​ញាប់​បំផុត​ទីពីរ​នៃ​ការ​ស្លាប់​របស់​ស្ត្រី ដែលទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​មនុស្ស​១.៣​លាន​នាក់ នៅទូទាំង​ពិភព​លោក ជា​រៀង​រាល់ឆ្នាំ ។
រយៈ​ពេល​​នៃ​ការ​ជក់បារី និង​ចំនួន​បារី​ដែល​ជក់ បង្កើន​ឱកាស​នៃ​ការកើត​ជំងឺ​មហារីក​សួត ។ ប្រសិន​​បើ​អ្នក​ជក់​បារី​ម្នាក់​ឈប់​ជក់​បារី ឱកាស​នៃ​ការកើតជំងឺ​នេះ​នឹង​ថយ​ចុះ​បន្តិច​ម្តងៗ ដោយ​សារ​​សួត​ដែល​ខូច​នោះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ជា​បណ្តើរ​ៗ ។
អ្នក​ស្រូប​​ផ្សែង​បារី​ពី​គេ​ ពោ​លគឺ​ការ​ហឺត​ផ្សែង​បារី​ពី​អ្នកជក់ គឺជា​មូលហេតុ​មួយ​នៃ​ជំងឺ​មហារីក​​សួត​លើ​អ្នក​មិនជក់បារី ។ ការសិក្សា​ពី សហរដ្ឋ​អាេមរិក​ អឺរ៉ុប ចក្រ​ភព​អង់​គ្លេស​ និង​អូស្ត្រាលី បាន​បង្ហាញ​ឱ្យ​ឃើញ​ដូច​ៗ​គ្នា អំពី​កត្តា​គ្រោះ​ថ្នាក់​យ៉ាង​ខ្ពស់​របស់​អ្នក​ស្រូប​ផ្សែង​​បារី​ពី​គេ ។
រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺ​មហារី​ក​សួត​រួម​មាន​ ៖
-ការពិបាក​ដកដង្ហើម (ហត់)
-​ការក្អក​ធ្លាក់ឈាម
-កា​រក្អក​រ៉ាំ​រ៉ៃ
-ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ក្នុង​ពោះ
-ស្រក​ទំងន់ អស់​កំលាំង មិន​ឃ្លាន​អាហារ
-​សំលេង​ស្អក
-ពិបាក​លេប​អាហារ
ជំងឺ​​មហារីក​សួត​អាច​មើល​ឃើញ​តាម​រយៈ​ការ​ថត​ទ្រូង​ដោយ​កាំ​រស្មី​អិុច ។ ការ​ថត​សួត​ដោយ​កាំ​រស្មី​អុិច​ គឺជា​ជំហ៊ាន​ដ៏​សំខាន់​មួយ បើ​អ្នក​​ជំងឺ​មាន​រោគ​សញ្ញា​សង្ស័យ​ថា​មានជំងឺ​មហា​រីកសួត ។
ជំងឺ​សួត​ផ្សេងៗ​ទៀត
ជំងឺ​រលាក​ទង​សួត​រ៉ាំ​រ៉ៃ
ជំងឺ​រលាក​ទង​សួត​រ៉ាំ​រ៉ៃ គឺ​ជា​ជំងឺ​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ស្លេស្ម​យ៉ាង​ច្រើន​នៅ តាម​ផ្លូវ​ដង្ហើម ហើយ​បង្ខំ​ឱ្យ​អ្នក​ជក់បារីក្អក​វា​ចេញ​មក​ក្រៅ ។ វា​គឺជា​បញ្ហា​ដែល​ច្រើន​តែ​កើត​លើ​អ្នកជក់​បារី ។ នៅ​ពេល​មាន​ជំងឺ​នេះ សួត​ចាប់​ផ្តើម​ផលិត​ស្លេស្ម​កាន់តែ​ច្រើន ។ នៅ​ពេល​នោះ ​មានការ​​រលាក​ផ្លូវ​ដង្ហើម (ធ្វើ​ឱ្យ​ហើម) ហើយ​មាន​ការ​ក្អក​រ៉ាំ​រ៉ៃ ពោល​គឺ​​ការ​គ្មាន​ការធូរស្រាល ឬ​ជា​សះស្បើយ​ឡើយ ។ ផ្លូវ​ដង្ហើម​ត្រូវ​បាន​ស្ទះ ដោយ​សារ​ស្លាក​ស្នាម​នៃ​បញ្ហា​ផ្សេងៗ និង​ស្លេស្ម​ ។ ជា​លទ្ធ​ផល​​អាច​មាន​​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរ​ផងដែរ ។
ជំងឺ​ហើម​សួត
ការ​ជក់​បារី​ក៏​​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ជំងឺ ហើម​សួត​ផងដែរ ពោល​គឺ​វា​ជា​ជំងឺ​មួយ​ដែល​ធ្វើ​ឱ្យ​លទ្ធ​ភាព​ដក​ដង្ហើម​របស់​អ្នកជំងឺ​ថយ​ចុះ​បន្តិច​ម្តងៗ ។
អុកស៊ី​សែន​ចូលទៅ​ដល់​ក្នុង​ឈាម ដោយ​ឆ្លង​កាត់​ផ្ទៃ​នៃ​សាច់​សួត ។ ជា​ធម្ម​តា ផ្ទៃ​នៃសាច់​សួត កើត​ឡើង​ដោយ​សារ​ថង់​តូចៗ​រាប់​ពាន់ ។ កាល​ណា​មានជំងឺ​ហើម​សួត ជញ្ជាំង​របស់​ថង់​
តូចៗ​នីមួយៗ​ត្រូវ​បាន​ដាច់​រហែក ហើយ​បង្កើត​បា​នជា​ថង់​ធំៗ ប៉ុន្តែ​មាន​ចំនួន​កាន់តែ​តិច​ជាង​
មុន ។ បញ្ហា​នេះ​បាន​បន្ថយ​ទំហំ​ផ្ទៃ​របស់​សួត ដែល​ធ្វើ​ឱ្យ​បរិមាណ​អុក​ស៊ីសែនដែលទៅ​ដល់​ក្នុង​ឈាម​​មាន​ការ​ថយ​ចុះ ។ យូរ​ៗ​ទៅ​ផ្ទៃ​សួត​នឹង​កាន់​តែ​​រួម​តូច ដែលជា​ហេតុ​ធ្វើ​ឱ្យ​អ្នកជំងឺ​ត្រូវ​តែ​ដក​ដង្ហើម​ដង្ហក់​យ៉ាង​ខ្លាំង ។
រោគ​សញ្ញា
រោគ​សញ្ញាដំបូង​នៃ​ជំងឺ​នេះ គឺ​ការ​ហត់ (ជា​ពិសេស​នៅ​ពេល​ដេក) ការ​ក្អក​រ៉ាំ​រ៉ៃ មាន​អារម្មណ៍​អស់​កំលាំង​ និងជួន​កាល​មាន​ស្រកទំងន់ ។
អ្នកជំងឺ​ហើម​សួត មាន​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត ដែលទាក់​ទង​ទៅ​នឹង​ការ​ចុះ​ខ្សោយ​នៃ​មុខ​ងារ​របស់​សួត​​ ដូចជា​ជំងឺ​រលាក​សួត (pneumonia) ជា​ដើម ។
ក្នុង​ដំណាក់​កាល​បន្ទាប់​នៃ​ជំងឺ​នេះ អ្នកជំងឺ​នឹង​អាច​ដក​ដង្ហើម​បាន​ស្រួល នៅ​ពេល​មាន​ការ​បញ្ចូល​អុក​ស៊ី​សែន​ជា​ជំនួយ​ប៉ុណ្ណោះ ។ ជំងឺ​ហើម​សួត មិនអាច​ត្រ​ឡប់​មក​វិញ​បាន​ឡើយ ប៉ុន្តែ​គេ​អាច​ព្យា​បាល​ការ​វិវត្តន៍​របស់​វា​បាន​ បើ​សិន​ជា​អ្នកជំងឺ​នោះ​ឈប់​ជក់​បារី ។ (នៅមានត)