ខេត្តកណ្ដាល ៖ លោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត ស៊ីនាង អត្តលេខ០០៥៣ ត្រូវបានដកចេញពីប្រធានពន្ធនាគារខេត្តកណ្ដាល ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃវិញ។ បន្ទាប់ពីមានរឿងអសកម្មជាច្រើននៅក្នុងពន្ធនាគារ ។ នេះបើយោងតាមអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ លេខ៤៧២ អនក្រ.តត ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដែលទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីសម្រេច មាត្រា១ តែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត ស៊ីនាង អត្តលេខ០០៥៣ ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសស្ដីពីការតែងតាំងមន្ត្រីពន្ធនាគារ ល៣ខ២៦២៤ ប្រក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្រេចតែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ៣ ឯម និមល អត្តលេខ០១៦៣ ឲ្យទៅកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តកណ្តាល ជំនួសលោកឧត្ដមអគ្គានុរក្ស ចាត ស៊ីនាង វិញ។
សូមរំលឹកថា លោក ឯម និមល ជាអនុពន្ធនាគារខេត្តកណ្តាល ជាយូរឆ្នាំមកហើយ ។
សូមបញ្ជាក់ថា កន្លងមក មានរឿងអសកម្មជាច្រើនដែលធ្លាប់កើតមានពេលលោក ចាត ស៊ីនាង នៅគ្រប់គ្រងពន្ធនាគារខេត្តកណ្តាល ដូចជា ករណីខ្លះមិនសូវខ្វល់ខ្វាយពីការគ្រប់គ្រងពន្ធនាគារនោះទេ ដោយធ្វេសប្រហែសគ្រប់គ្រងពន្ធនាគារមិនល្អធ្វើអោយអ្នកទោសរត់គេចខ្លួនជាញឹកញាប់ និងមានករណីអ្នកទោសចង.កសម្លា.ប់ខ្លួនក្នុងពន្ធនាគារទៀតផង ។
ចែករំលែកព័តមាននេះ