រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៨ មីនា ២០១៦ នេះ ជាថ្ងៃដែលក្រសួងការងារបានសន្យានឹងដោះស្រាយ ពាក់ព័ន្ធលើថៅកែរោងចក្រមិនបានបើកប្រាក់ខែជូនកម្មករ ខណៈប្រកាសថារំសាយ តែមកដល់ពេលនេះ នៅមិនទាន់ទទួលលទ្ធផលបាននោះ ទើបកម្មករ-កម្មការិនីរោងចក្រ «វីនស៊ីងតិច» ជាង៥០០នាក់ បានលើកគ្នាបាតុកម្ម ដង្ហែញត្តិទៅក្រសួងការងារបន្តទៀត ហើយក៏ជាលើកទី៣ផងដែរ ។
ក្នុងការដង្ហែក្បួនរបស់កម្មករនេះ ត្រូវបានកម្លាំងអាជ្ញាធរចម្រុះ មានប៉ូលិស ប៉េអឹម និងសន្តិសុខសាលាខណ្ឌ មកធ្វើការឃាត់បង្អាក់ដំណើរ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ដោយក្នុងនោះគេឃើញមានវត្តមានរបស់លោកអភិបាលរងខណ្ឌ ចុះមកសម្របសម្រួលជាមួយកម្មករនៅចំណុចមុខវត្ត «ទួលសុភាឃួន» ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែការដោះស្រាយបែបណានោះ គេនៅមិនទាន់ដឹងនោះទេ ។
កាលពីពេលកន្លងមក ថៅកែរោងចក្រ «វីនស៊ីងតិច» ប្រាប់ដល់កម្មករទាំងអស់ថា គាត់សុំរំសាយការងារ ដោយសារផលិតផលមិនត្រូវបានអតិថិជនបរទេសកុម្មង់ទិញនោះទេ ។ ដូច្នេះ គាត់មិនមានលទ្ធភាពបើកប្រាក់ខែឱ្យគ្រប់គ្នានោះទេ សុំរំសាយត្រឹមនេះ ។
ចែករំលែកព័តមាននេះ