ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់ត្រូវប្តីស្រោចប្រេងសាំងដុតទាំងរស់ ខណៈកំពុងដេកក្នុងអង្រឹង ដោយសារតែភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ មីនា ២០១៦ ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៧ ស្ត្រីម្នាក់ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយបានអ្នកក្បែរខាងនាំគ្នាជួយពន្លត់ និងនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវប្តីរបស់ខ្លួនស្រោចប្រេងសាំង ហើយកេះដែកកេះដុត។
មន្ត្រីនគរបាលអធិការដ្ឋាននគរបាលក្រុងឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ មន្ទាប់ពីព្យាយាមប្រើហិង្សាលើគ្រួសារ កាលពីព្រឹកថ្ងៃទី២៧ ។ មន្ត្រីដដែលបន្តថា ជនសង្ស័យប្រើហិង្សាលើគ្រួសារនោះឈ្មោះ ផេង វិចិត្រ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សាច់ប្រផេះកណ្តាល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ចំណែកប្រពន្ធជាជនរងគ្រោះឈ្មោះ ចៅ ហ៊ាន អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិចំបក់ឬស្សីកែ ស្រុកព្រៃប្រសប់ ខេត្តក្រចេះ អ្នកទាំងពីរជាកម្មករ បច្ចុប្បន្នស្នាក់នៅឡឥដ្ឋភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
តាមការរៀបរាប់របស់បុរសជាប្តីស្ត្រីរងគ្រោះឲ្យដឹងថា ដោយសារតែខ្លួនខឹងនឹងប្រពន្ធលួចទាក់ទងជាមួយប្រុសក្មេងតាមទូរស័ព្ទ នាងជាប្រពន្ធបានប្រកែករហូតដល់ថ្ងៃទី២៦ មីនា ខ្លួនបានឆក់ចាប់ទូរស័ព្ទ និងបើកសំឡេង ខណៈនាងសាសងស្នេហាជាមួយប្រុសក្មេងនោះ នាងក៏ស្ទុះឆក់យកទូរស័ព្ទមកវិញ ហើយរត់គេចទៅសម្ងំក្នុងបន្ទប់របស់អ៊ុំស្រីក្បែរនោះ រហូតដល់ព្រឹកឡើងថ្ងៃទី២៧ មីនា ខ្លួនបានឃើញប្រពន្ធនៅដេកក្នុងអង្រឹងមុខផ្ទះ ខ្លួនក៏ដើរទៅទិញសាំងកន្លះលីត្រចាក់ស្រោចលើខ្លួនរបស់ប្រពន្ធ ពេលនោះនាងដឹងខ្លួនទាន់ក៏ស្ទុះរត់ចេញពីអង្រឹង ខ្លួនក៏បានរត់ដេញតាមពីក្រោយ រួចកេះដែកកេះដុតឆាបឆេះពេញខ្លួនតែម្តង ។ គ្រានោះដែរអ្នកក្បែរខាងក៏បានជួយពន្លត់ភ្លើង និងនាំទៅមន្ទីរពេទ្យ ។ ក្រោយពីដុតប្រពន្ធហើយ ខ្លួនក៏មិនបានរត់គេចនោះទេ ដោយនៅកន្លែងកើតហេតុរង់ចាំសមត្ថកិច្ចមកនាំខ្លួនទៅ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនដោយនគរបាលអធិការក្រុង និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចំណែកស្ត្រីជាប្រពន្ធកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕
ចែករំលែកព័តមាននេះ