ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានធ្វើការឃាត់ខ្លួនបុរសខ្មែរម្នាក់ ខណៈដើររកសត្វព្រៃវង្វេងផ្លូវ កាលពីថ្ងៃទី១៩ មីនា រហូតមកទល់ថ្ងៃទី២៦ មីនា ២០១៦ ត្រូវបានបញ្ជូនខ្លួនមកប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញ តាមមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បុរសខ្មែរដែលក្រុមអាជ្ញាធរថៃឃាត់ខ្លួនបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានទៅរកសត្វព្រៃ និងដាក់អន្ទាក់សត្វព្រៃ ស្រាប់តែវង្វេងផ្លូវចូលទៅក្នុងទឹកដីថៃ ក៏បានជួបអាជ្ញាធរ និងសមត្ថកិច្ចថៃ ហើយធ្វើការឃាត់ខ្លួននាំយកទៅសាកសួរអស់រយៈពេល៧ថ្ងៃ រួចនាំមកប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញ។
មន្ត្រីបម្រើការងារមាត់ច្រកទ្វារអន្តរជាតិជាំសាងាំបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ មីនា ក្រុមអាជ្ញាធរថៃបាននាំខ្លួនបុរសខ្មែរម្នាក់ឈ្មោះ ជន ជាំ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរុំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តឧត្តរមានជ័យ ប្រគល់ឲ្យអាជ្ញាធរកម្ពុជា ខណៈបុរសរូបនេះដើរព្រៃវង្វេង សមត្ថកិច្ចបានធ្វើការអប់រំ រួចឲ្យវិលត្រឡប់ទៅលំនៅឋានវិញនាថ្ងៃដដែល៕
ចែករំលែកព័តមាននេះ