ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករត្អូញត្អែរ ស្រូវចុះថោក ឆ្នាំនេះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ឈ្មួញ​វៀតណាម ឆ្លងដែន​ចូលមក​ទិញស្រូវ នៅ​ផែ​កាណូត «​ប្រឡាយ​ទាហាន​» នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ក្នុង ១​ថ្ងៃ ជាង ២…

ខេត្តស្វាយរៀង​៖ ឈ្មួញ​វៀតណាម ឆ្លងដែន​ចូលមក​ទិញស្រូវ នៅ​ផែ​កាណូត «​ប្រឡាយ​ទាហាន​» នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ក្នុង ១​ថ្ងៃ ជាង ២ ០០០​តោន​។ ក៏ប៉ុន្តែ​ប្រជាកសិករ អ្នក​ផលិត​ត្អូញត្អែរថា ស្រូវ​ចុះថោក​ជាង​ឆ្នាំមុន ដោយសារ​តែមាន​វិបត្តិ​កូ​វីដ​-១៩​។ ចំណែក​អ្នកប្រមូល​ទិញ ជា​ឈ្មួញកណ្តាល គឺថា​ជា​ឱកាសល្អ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ នេះ មាន​ទូក​កាណូត​ឈ្មួញ​វៀតណាម​ជាច្រើន​គ្រឿង បាន​ឆ្លងដែន ចូលមក​ទិញស្រូវ នៅ​ច្រករបៀង​ផែ​កាណូត​ប្រឡាយ​ទាហាន ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិតនៅ​ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍​។​

​បុរស​ជា​ម្ចាស់​ផែ​កាណូត​ម្នាក់ បាន​ឲ្យ​ដឹងថា តម្លៃ​ស្រូវ អ៊ី​អ៊ែរ ពូជ​ខា ៥១ ឬ​ខា​៥៤ ដែល​វៀតណាម ហៅ ហា​ណាំ​បូ​ង គឺ​វៀតណាម​ទិញ ក្នុង ១​គីឡូក្រាម តម្លៃ ៩០០​រៀល​។ ចំណែក​អ្នកប្រមូល​ទិញ​ពី​ប្រជាកសិករ​អ្នក​ផលិត​ផ្ទាល់ គឺ ១​គីឡូក្រាម តម្លៃ ៨០០​រៀល ទៅ ៨៥០​រៀល​ប៉ុណ្ណោះ​។ ស្រូវ សុមាលី ទិញ​ពី​កសិករ ក្នុង ១​គីឡូក្រាម តម្លៃ ១០៥០​រៀល លក់​ចេញ​ឲ្យ​វៀតណាម ក្នុង ១​គីឡូក្រាម តម្លៃ ១ ១៥០​រៀល​។ ស្រូវ​ស្រែ (​ស្ងួត​) ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង ១​គីឡូក្រាម តម្លៃ ១ ១៥០​រៀល លក់​ចេញ​ឲ្យ​វៀតណាម ក្នុង ១​គីឡូក្រាម តម្លៃ ១ ២៥០​រៀល​។ ហើយ​បើ​ប្រៀបធៀប​ទៅ​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​២០២០ គឺ​តម្លៃ​ស្រូវ​អ៊ី​អ៊ែរ ខា ៥៤ ក្នុង ១​គីឡូក្រាម ទិញ​ពី​កសិករ​ផ្ទាល់​តម្លៃ ៩៥០​រៀល ទៅ ១ ០០០​រៀល លក់​ចេញ​ឲ្យ​ទៅ​វៀតណាម ក្នុង ១​គីឡូក្រាម តម្លៃ ១ ១៣០​រៀល​។ ស្រូវ​សុមាលី ទិញ​ពី​កសិករ ក្នុង ១​គីឡូក្រាម តម្លៃ ១ ១៥០​រៀល លក់​ចេញ ១​គីឡូក្រាម តម្លៃ ១ ២៥០​រៀល ទៅ ១ ៣០០​រៀល​។ ស្រូវ​ស្រែ ទិញ​ពី​កសិករ​ក្នុង ១​គីឡូក្រាម តម្លៃ ១ ២៥០​រៀល លក់​ចេញ​ឲ្យ​វៀតណាម ក្នុង ១​គីឡូក្រាម តម្លៃ ១ ៣៥០​រៀល​។

​ប្រភព​បន្តទៀតថា ការ​អ្នកប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​អ្នក​ផលិត​ឲ្យ​តម្លៃថោក​ជាង​ឆ្នាំ​២០២០ គឺ​មូលហេតុ ការចំណាយ​សេវា​ច្រើន លើ​ថ្លៃ​ដឹកជញ្ជូន ថ្លៃ​កម្មករ លើកដាក់​រថយន្ត លើក​ចុះទូក ហើយ​បង់​ឲ្យ​ភាគី​សមត្ថកិច្ច​វៀតណាម គឺ​ក្នុង​ទូក​កាណូត ១​គ្រឿង សមត្ថកិច្ច​វៀតណាម​យក ១ ៥០០ ០០០​ដុង ស្មើ ២៧៥ ០០០​រៀល ទើប​គេ​ឲ្យ​ទូក​កាណូត​ចូលមក​ដឹកស្រូវ​នៅក្នុង​ផែ​ខ្មែរ​យើង ដោយ​សមត្ថកិច្ច​វៀតណាម គេ​រឹតបន្តឹង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​ប្រភព​ដដែល បន្តទៀតថា ទោះបីយ៉ាងណា ក៏​ប្រសើ​ដែរ ដែល​អាជ្ញាធរខេត្ត បាន​ជួយ​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​ភាគី​វៀតណាម សុំ​ឲ្យ​វៀតណាម ចូលមក​ប្រមូល​ទិញស្រូវ ចូល​ការ​ណូ​តដល់​ផែ កាណូត​ខ្មែរ​យើង​។ ដោយ​នៅក្នុង​ខែកញ្ញា និង​ខែតុលា ឆ្នាំ​២០២១​នេះ នៅ​ផែ​កាណូត​ទាហាន ព្រៃ​វ​ល្លិ៍ នាំ​ស្រូវ​ចេញទៅ​ប្រទេស​វៀតណាម ក្នុង​មួយថ្ងៃ ជា​មធ្យម បាន​ជាង ២ ០០០​តោន​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ