ការសិក្សាស្រាវជ្រាវមួយដែលចុះផ្សាយក្នុងព្រឹត្តបត្រអនឡាញឈ្មោះ Science បានបង្ហាញថា បណ្តាបុរសដែលនិយមជក់បារីជាប្រចាំ ក្រូម៉ូសូម Y នឹងរលាយបាត់បន្តិចម្តងៗនៅពេលពួកគេមានវ័យកាន់តែចាស់ទៅ ។ ក្រូម៉ូសូម Y ត្រូវអ្នកជំនាញចាត់ទុកថាជាហ្សែនមួយប្រភេទសម្រាប់ការពាររាងកាយយ៉ាងសំខាន់ពីជំងឺមហារីក ។
ក្រុមអ្នកវិទ្យាសាស្ត្រនៅទូទាំងសាកលលោកបានដឹងជាយូរមកហើយថា បុរសនៅពេលមានវ័យកាន់តែចាស់ទៅ ក្រូម៉ូសូម Y របស់គេបានចាប់ផ្តើមរលាយបាត់ពីកោសិការាងកាយបន្តិចម្តងៗ ហើយនេះគឺជាអ្វីដែលគេគិតតាំងពីដើមមកក្នុងនាមជាផ្នែកធម្មតាមួយនៃដំណើរចាស់ទៅតាមវ័យ ។
ទោះជាយ៉ាងណា ការរកឃើញលើកនេះគឺចង់បង្ហាញឱ្យប្រាកដថា ការបាត់បង់ក្រូម៉ូសូម Y អាចមិនមែនជារឿងធម្មតាឬតូចតាចនោះទេ ។ ក្រុមអ្នកស្រាវជ្រាវលើកនេះបានភ្ជាប់ការបាត់បង់ក្រូម៉ូសូម Y ទៅនឹងអាយុកាលរស់នៅដ៏ខ្លី ជាពិសេស គឺភ្ជាប់ទៅនឹងការបង្កើនហានិភ័យស្លាប់ពីជំងឺមហារីកផងដែរ ។
Lars Forsberg អ្នកដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oppsala University ប្រទេសស៊ុយអែតបានថ្លែងថា របកគំហើញលើកនេះ វាអាចជាការពន្យល់មួយដ៏សមហេតុផលចំពោះមូលហេតុដែលបណ្តាបុរសជាអ្នកជក់បារីប្រឈមនឹងហានិភ័យកើតជំងឺមហារីកខ្ពស់ជាងអ្នកជក់ដូចគ្នាដែលជាស្ត្រី ។ លោកបានបន្ថែមថា៖ «ជាទូទៅ វាអាចកើតឡើងបាន ។ ពិតណាស់ ជក់បារីគឺពិតជាជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យបាត់បង់ក្រូម៉ូសូម Y ហើយការបាត់បង់នេះជាប់ពាក់ព័ន្ធនឹងជំងឺមហារីកទៀតផង» ។
តាមការស្រាវជ្រាវលើកនេះគឺថា ក្រូម៉ូសូម Y ជាកន្លែងផ្ទុកហ្សែនមួយចំនួនយ៉ាងធំ ។ តួនាទីរបស់វាមកទល់ពេលនេះមិនត្រូវបានគេយល់ឱ្យបានពេញលេញនៅឡើយទេ ប៉ុន្តែមួយគូក្នុងចំណោមហ្សែនទាំងនោះអាចជួយវាយបង្ក្រាបទប់ទល់នឹងដុំសាច់មហារីក ។
សាស្ត្រាចារ្យ Forsberg បញ្ជាក់ថា វាអាចនឹងទៅរួចដែលថា មុខងារឃ្លាំមើលមហារីករបស់ប្រព័ន្ធការពាររាងកាយត្រូវបានរំខានចំពោះបណ្តាកោសិកាដែលខ្វះក្រូម៉ូសូម Y៕
ចែករំលែកព័តមាននេះ