ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីពន្ធដារខេត្ត មានវិធានការចំពោះរថយន្តដែលមិនព្រមបង់ពន្ធឆ្នាំ ដែលបានចាប់ផ្តើមអនុវត្ដនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ទល់មុខសាខាពន្ធដារខេត្តបន្ទាយមានជ័យ។ មន្ត្រីសាខាពន្ធដារខេត្តបានប្រាប់ឱ្យដឹងថា ដោយមានការណែនាំពីលោកអភិបាលខេត្ត ដើម្បីប្រមូលពន្ធឆ្នាំជូនរដ្ឋ គឺមន្ត្រីសាខាពន្ធដារខេត្តបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាល ធ្វើការត្រួតពិនិត្យរថយន្តតាមបណ្តោយផ្លូវជាតិលេខ៥។
មន្ត្រីរូបនោះបានបញ្ជាក់ថា ក្រោយពេលធ្វើការត្រួតពិនិត្យរយៈពេលប៉ុន្មានម៉ោង បានសង្កេតឃើញថា មានរថយន្តត្រូវបានបង់ពន្ធឆ្នាំរួចរាល់ស្ទើរតែមួយភាគធំ ហើយនៅសេសសល់មួយចំនួនតូចដែលមិនបានបង់ពន្ធឆ្នាំជូនរដ្ឋ។ មន្ត្រីចម្រុះនឹងបន្តធ្វើការអនុវត្តបន្តដើម្បីប្រមូលពន្ធឆ្នាំជូនរដ្ឋ។ មន្ត្រីរូបនោះ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានរថយន្តមិនទាន់បានបង់ពន្ធ ត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីបង់ពន្ធជូនរដ្ឋ ព្រោះនេះជាកាតព្វកិច្ចបងប្អូនប្រជាពលរដ្ឋដែលចាំបាច់ធ្វើជារៀងរាល់ឆ្នាំ៕
ចែករំលែកព័តមាននេះ