ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​បើក​កោះត្រល់ទទួលភ្ញៀវ​ទេសច​រអន្តរជាតិ​នៅ​ខែ​ក្រោយ

2 ឆ្នាំ មុន

ប្រទេស​វៀតណាម នឹង​ធ្វើការ​បើក​កោះ Phu Quoc ដែល​ខ្មែរ​យើង​ហៅ​ថា ​កោះត្រល់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួច​នៅ​ចុងខែ​វិ​ច្ឆ​ការ​ខាង​មុខ​។ វៀតណាម​កំពុង​សម្លឹង​រក​ការ​ចាប់ផ្តើម​វិស័យ​ទេសចរណ៍​ឡើង​វិញ បន្ទាប់​ពី​មានការ​បិទ​អស់​រយៈពេល​ជិត ២​ឆ្នាំ​ដោយសារ​វិបត្តិ​កូ​វី​ដ…

ប្រទេស​វៀតណាម នឹង​ធ្វើការ​បើក​កោះ Phu Quoc ដែល​ខ្មែរ​យើង​ហៅ​ថា ​កោះត្រល់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួច​នៅ​ចុងខែ​វិ​ច្ឆ​ការ​ខាង​មុខ​។

វៀតណាម​កំពុង​សម្លឹង​រក​ការ​ចាប់ផ្តើម​វិស័យ​ទេសចរណ៍​ឡើង​វិញ បន្ទាប់​ពី​មានការ​បិទ​អស់​រយៈពេល​ជិត ២​ឆ្នាំ​ដោយសារ​វិបត្តិ​កូ​វី​ដ ១៩​។

កោះ Phu Quoc ដែល​ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ ចំងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា មាន​ឆ្នេរ​ខ្សាច់​យ៉ាង​ស្រស់​ស្អាត និង​ទឹកសមុទ្រ​ថ្លាឈ្វេង ជាមួយនឹង​ភ្នំ និង​តំបន់​ព្រៃ​ក្រាស់​ៗ​។ ក្នុង​ឆ្នាំ ២០១៩ កោះ​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ជាង ៦៧០.០០០ និង​រក​ចំណូល​បាន​ជាង ១៨​ពាន់​លាន​ដុល្លារ​។

រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ចាប់ពី​ថ្ងៃ​ទី ២០ ខែ​វិ​ច្ឆ​ការ ជើងហោះហើរ​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួច​នឹង​ត្រូវ​ស្វាគមន៍​មក​កាន់​កោះ​នេះ​។

បន្ទាប់​មក ចន្លោះ​ចុងខែ​ធ្នូ និង​ចុងខែ​មីនា កោះ Phu Quoc នឹង​ទទួលយក​ភ្ញៀវ​ទេសចរ​ចំនួន ៥​ពាន់​នាក់​។ អ្នកទេសចរ​តម្រូវ​ឲ្យ​បង្ហាញ​ប័​ណ្ឌ​ចាក់​វ៉ាក់សាំង​ជាមួយនឹង​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន មុន​ពេល​អាច​ចូល​បាន​។

បើ​តាម​អាជ្ញាធរ​វៀតណាម អ្នកទេសចរ​ទាំងអស់​ត្រូវ​មក​ពី​តំបន់​ដែល​មាន​សុវត្ថិភាព​ខ្ពស់ ដូច​ជា​មក​ពី​អ៊ឺ​រ៉ុ​ប ម​ជ្ឍឹ​ម​បូព៌ា អាស៊ី​បូព៌ា អាស៊ី​អាគ្នេយ៍ អា​មេ​រិ​ក​ខាងជើង និង​អូស្ត្រាលី​ជាដើម​។

សូម​បញ្ជាក់​ថា វៀតណាម​ធ្លាប់​មាន​គម្រោង​បើក​កោះ Phu Quoc ម្តង​ហើយ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ខែតុលា ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​តែ​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​មាន​កម្រិត​ទាប​នៅឡើយ​។

ការ​ប្រកាស​បើ​កោះ Phu Quoc កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ប្រទេស​ថៃ បាន​ប្រកាស​បើក​ទទួលយក​អ្នកទេសចរ​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​ពី​ប្រទេស​ចំនួន ៤៦ ដោយ​ក្នុង​នោះ​មាន​កម្ពុជា តែ​មិន​មាន​វៀតណាម​ឡើយ​។

វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​សរុប​ចំនួន​ជាង ៨៨០.០០០​ករណី និង​ស្លា​.​ប់​ជាង ២១.៥០០០​នាក់​៕ (​យោង​តាម​ប្រភព​៖ AFP/ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ