ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការទាំងមានរបួសក្បាល បន្ទាប់ពីរូបគេបានយកពូថៅទៅកាប់ស្ត្រីម្នាក់ រងរបួសធ្ងន់ក្នុងទំនាស់ពាក្យសម្តីគ្នា ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាចថ្ងៃទី២៣ មីនា ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
បុរសដៃដល់ឈ្មោះសិទ្ធ គីប អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកស្ត្រីរងគ្រោះឈ្មោះវ៉ា វន្នី អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា របួសធ្ងន់កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ីរាជធានីភ្នំពេញ
ទាក់ទិននឹងហេតុការណ៍កាប់ប្រហារគ្នានេះត្រូវអ្នកស្រុកនិយាយថា មុនដំបូង គេឃើញក្មេងតូចៗ២នាក់ ដែលជាកូនរបស់ស្ត្រីឈ្មោះវ៉ា វន្នី កំពុងលេងដីនៅចិញ្ចើមផ្លូវខាងមុខផ្ទះរបស់ខ្លួន ហើយបុរសឈ្មោះសិទ្ធ គីម (ជនដៃដល់) ឈរមើលនៅក្បែនោះដែរ ។ លុះបន្តិចមក ក៏មានអ្នកស្រុកម្នាក់ជិះម៉ូតូមកដល់ក៏សួរថា កូនអ្នកណាគេហ្នឹង ឈ្មោះសិទ្ធ គីម ក៏ប្រាប់គេថា «កូនឆ្កែ» ។ បន្តិចមក ក៏មានអ្នកទី២ ទី៣ ឆ្លងកាត់សួរទៀត ត្រូវឈ្មោះសិទ្ធ គីម ក៏ប្រាប់គេដដែលៗថា «កូនឆ្កែ» ទៀត ។
ដោយសារតែឮឈ្មោះសិទ្ធ គីម ហៅកូនឆ្កែដដែលៗបែបនេះ ក្មេងតូចៗទាំង២នាក់នោះ ក៏រត់ចូលទៅក្នុងផ្ទះប្រាប់ម្តាយ ធ្វើឱ្យស្ត្រីឈ្មោះវ៉ា វន្នី ខឹងយ៉ាងខ្លាំង ហើយក៏ចេញមកក្រៅទាំងដៃកាន់កាំបិតកញ្ចែតផង ស្រែកជេរឈ្មោះសិទ្ធ គីម មួយឆ្អែត រួចក៏យកកាំបិតកាប់ត្រូវក្បាលឈ្មោះសិទ្ធ គីម ចំកណ្តាលក្បាលដាច់ចេញឈាម តែរបួសស្រាល ។
ភ្លាមនោះ ឈ្មោះសិទ្ធ គីម ខឹង ក៏ស្ទុះទៅយកពូថៅកាប់ទៅលើស្ត្រីឈ្មោះវ៉ា វន្នី មួយពូថៅវិញចំកណ្តាលក្បាលដូចគ្នា បណ្តាលឱ្យដួលទៅលើដីហូរឈាមជោកខ្លួន និងបង្កឱ្យភ្ញាក់ផ្អើលពេញភូមិតែម្តង ។ ក្រោយកើតហេតុភ្លាមៗ គូទំនាស់ទាំង២ ត្រូវក្រុមសាច់
ញាតិយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យរៀងៗខ្លួន ប៉ុន្តែស្ត្រីរងគ្រោះដោយសារតែរបួសធ្ងន់ធ្ងរពេក ក៏ត្រូវបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញ ។
ចំណែកឯជនដៃដល់ដែលរបួសស្រាល ហើយកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យឯកជននោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៥ មីនា នេះ ប៉ុន្តែគេឃើញមានក្រុមសាច់ញាតិរបស់ឈ្មោះសិទ្ធ គីម រត់ការសុំដោះលែងឱ្យនៅក្រៅឃុំដែរ ប៉ុន្តែគេមិនទាន់ដឹងថា តើតុលាការលែង ឬអត់នោះទេ។
ចែករំលែកព័តមាននេះ