ខេត្តព្រៃវែង ៖ មេចោរប្លន់ដ៏សកម្មម្នាក់ ក្នុងចំណោមបក្សពួក៥នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ មីនា នៅនឹងផ្ទះរបស់ជនល្មើស ស្ថិតនៅក្នុងភូមិបូតគង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ បន្ទាប់ពីបានរត់គេចខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកនោះ ។
សមត្ថកិច្ចបានឱ្យដឹងថា មេចោរប្លន់ម្នាក់នេះ ឈ្មោះ ហ៊ែល ហាន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាលេខ៩៩,០៩ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៩ របស់លោក សែត វិសិដ្ឋមុនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ក្រោមបទចោទប្រកាន់ថា បានរួមគ្នាធ្វើសកម្មភាពប្លន់ផ្ទះពលរដ្ឋ១កន្លែង នៅឃុំរក្សជ័យ ស្រុកបាភ្នំ កាលពីចុងឆ្នាំ២០០៨ ។
មន្ត្រីសមត្ថកិច្ចបានបន្តថា ឈ្មោះ ហ៊ែល ហាន និងបក្សពួក៤នាក់ទៀត ក្រោយពីធ្វើសកម្មភាពប្លន់ផ្ទះអ្នកស្រុកហើយ បានរត់គេចខ្លួនបាត់រហូតមិនដឹងទៅដល់ទីណា ទើបនៅយប់ថ្ងៃទី២៤ មីនា ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានពីអ្នកស្រុកថា ជនសង្ស័យបានលួចចូលស្រុកវិញហើយ ទើបសមត្ថកិច្ចរៀបចំកម្លាំងឆ្មក់ចូលចាប់ខ្លួននៅនឹងផ្ទះរបស់ជនល្មើសតែម្តង ដូចពាក្យចាស់ពោលថា កុកភ្លេចជង់ តែជង់មិនភ្លេចកុក ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ