រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៥៧នាក់ ដែលអះអាងថាជាតំណាងឱ្យប្រជាពលរដ្ឋចំនួន២១២គ្រួសារ មកពីស្រុកចំនួន៣ គឺស្រុកម៉ាឡៃ ស្រុកអូជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានយកញត្តិមួយច្បាប់មកដាក់ជូនក្រសួងយុត្តិធ៌ម ដើម្បីសុំជួយធ្វើអន្តរាគមន៍ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យពិនិត្យលើការចោទប្រកាន់និងការសម្រេចរក្សាការពារលើដីធ្លីរបស់ពួកគាត់ ។ ការដាក់ញត្តិសុំធ្វើអន្តរាគមន៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមីនា នៅមុខក្រសួងយុត្តិធម៌(ទល់មុខព្រះបរមរាជវាំង) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

យោងតាមខ្លឹមសារញត្តិ បានសុំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយធ្វើអន្តរាគមន៍ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យពិនិត្យលើការចោទប្រកាន់ និងការរក្សាការពារលើដីធ្លីរបស់ពួកគាត់ និងពន្លឿនការដោះស្រាយ ព្រោះទំនាស់នេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ខ្លឹមសារបានលើកឡើងទៀតថា ពួកគាត់ទាំងអស់គ្នាបានទទួលរងនូវការរំលោភបំពានដីស្រែ និងដីលំនៅឋានពីសំណាក់ក្រុមឈ្មួញទុច្ចរិត ដែលបានបំពានយកដីរបស់ពួកគាត់ទៅលក់ឱ្យអ្នកផ្សេង និងអ្នកមានអំណាចនិងមានលុយធ្វើឱ្យបាត់បង់ដីស្រែសម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងប្រឈមមុខទៅនឹងការបណ្តេញចេញពីលំនៅឋានថែមទៀត ។
ដោយសារតែរឿងទំនាស់នេះ បានធ្វើឱ្យពួកគាត់ដែលមានជីវភាពក្រលំបាកស្រាប់ទៅហើយនោះកាន់តែក្រីក្រខ្លាំងឡើងថែមទៀត ដោយសារតែគ្មានដីធ្វើស្រែ ជាប់រវល់នឹងដំណើរការក្តី ព្រមទាំងត្រូវបានតុលាការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងតម្រូវឱ្យឡើងបង្ហាញខ្លួនទៅតាមការត្រួតពិនិត្យតាមផ្លូវតុលាការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ខ្លឹមសារញត្តិបន្តទៀតថា អ្នកភូមិឈ្មោះ សៀន វី តាំងពីឆ្នាំ២០០៥មក បានជាប់បណ្តឹងព្រហ្មទណ្ឌចំនួន៦ ក្នុងនោះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចំនួន៣ករណី ។ ឯអ្នកភូមិឈ្មោះ ចាន់ ប៊ន តាំងពីឆ្នាំ ២០០៩ មក បានជាប់បណ្តឹងព្រហ្មទណ្ឌចំនួន៨ករណី ក្នុងនោះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចំនួន៣ករណី ។ ចំណែកអ្នកភូមិគាត់ដែលកន្លងមក ចេញមុខជាតំណាងក្នុងការប្តឹងពីការរំលោភបំពានដីធ្លីនេះ ក៏បានជាប់បណ្តឹងព្រហ្មទណ្ឌដូចគ្នាដែរ ។
ផ្ទុយទៅវិញ បណ្តឹងព្រហ្មទណ្ឌដែលអ្នកភូមិគាត់បានប្តឹងពីអ្នករំលោភបំពានយកដី ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ ទុកចោលមិនលើកយកមកចាត់ការទេ ដែលជាការផ្តល់នូវភាពមិនយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រដូចពួកគាត់ ។

ដោយឡែក ភាគីទំនាស់គេបានប្រើប្រាស់ដីកាសម្រេចរក្សាការពាររបស់តុលាការ ដើម្បីប្រឆាំងនឹងអ្នកភូមិ ហើយគេមានសិទ្ធិចូលទៅកាន់កាប់ដីអាស្រ័យផលលើដីទំនាស់ និងប៉ុនប៉ងបណ្តេញពួកគាត់ចេញពីដី ។ ចំណែកឯអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសគណៈកម្មាធិការសុរិយោដី ដែលមានសមត្ថកិច្ចលើអង្គសេចក្តី មិនព្រមចាប់ផ្តើមនីតិវិធីដោះស្រាយរឿងក្តីនេះទេ ទោះបីជាមានការប្តឹងសុំឱ្យមានចំណាត់ការយ៉ាងណាក៏ដោយ ជាហេតុធ្វើឱ្យត្រូវរង់ចាំការដោះស្រាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនដឹងថាតើពេលណានឹងទទួលបានយុត្តិធម៌ទេ។ អាស្រ័យហេតុនេះ សូមលោករដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ មេត្តាជួយអន្តរាគមន៍ទៅតាមសំណូមពរដោយក្តីអនុគ្រោះផង ។
ក្នុងការដាក់ញត្តិសុំការធ្វើអន្តរាគមន៍នេះក្រសួងយុត្តិធ៌មបានអនុញ្ញាតឱ្យតំណាងចំនួន៣នាក់យកញត្តិចូលទៅដាក់ផងដែរ ។ ការដាក់ញត្តិទៅក្រសួងយុត្តិធម៌នេះ គឺក្រោយពីដាក់ញត្តិជូនដល់ខុទ្ទការល័យសម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា ហើយក៏និងបន្តទៅរកសុំការធ្វើអន្តរាគមន៍ពីរដ្ឋសភា និងក្រសួងមហាផ្ទៃ ជាបន្តទៀតផងដែរ ទើបពួកគាត់វិលត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យវិញ ។
ជម្លោះដីធ្លីនៅតែជាបញ្ហាក្ដៅគគុក និងកាន់តែស្មុគស្មាញនៅគ្រប់ទីកន្លែង ដែលអ្នកវិភាគកំពុងមើលឃើញថា ការប៉ុនប៉ងបញ្ចប់បញ្ហាដីធ្លីរបស់ប្រមុខរាជរដ្ឋាភិបាលរហូតចាត់ឱ្យមានក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងកាលពីអំឡុងឆ្នាំ២០១៣ ក៏នៅតែមិនអាចលុបបំបាត់បានដែរ ៕
ចែករំលែកព័តមាននេះ