ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​សម្អាត​ទឹក​កខ្វក់​ដោយ​ការ​ចម្រោះ​មុន​បង្ហូរ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​បរិស្ថាន​ខេត្ត​បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​ស្វែង​យល់​បច្ចេកទេស​សម្អាត​ទឹក​កខ្វក់​ដោយ​ធុង​ចម្រោះ​(AQUA Septic Tank)​គ្រា​ដែល​ទឹក​សម្អុយ​ជា​ច្រើន​កំពុង​ត្រូវ​បាន​គេ​លួច​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​បង្ក​ឱ្យ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​បរិស្ថាន​ខេត្ត​បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​ស្វែង​យល់​បច្ចេកទេស​សម្អាត​ទឹក​កខ្វក់​ដោយ​ធុង​ចម្រោះ​(AQUA Septic Tank)​គ្រា​ដែល​ទឹក​សម្អុយ​ជា​ច្រើន​កំពុង​ត្រូវ​បាន​គេ​លួច​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​បង្ក​ឱ្យមានការ​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​បញ្ហា​នេះ ។ សិក្ខាសាលា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២២ មីនា នៅ​សាល​ប្រជុំ​សាលាខេត្ត ។

លោក សមុទ្រ សុធា​រិ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ថ្លែង​ថា ដើម្បី​ឆ្លើយ​តប​ទប់ស្កាត់​ការ​លួច​បង្ហូរទឹក​សម្អុយ​ចូល​សមុទ្រ បច្ចុប្បន្ន​មន្ទីរបរិស្ថាន បាន​កសាង​អាង​ស្តុក​សំណល់​រាវ​ទឹក​ស្អុយ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ពីរ​កន្លែង ។ អាង​ទាំង​ពីរ​នេះ​កំពុង​ដំណើរការ​បូម​ចេញ​ដើម្បី​បញ្ចូល​ក្នុង​អាង​ប្រព្រឹត្តិកម្ម​របស់​ខេត្ត ព្រោះ​កន្លង​មក​តាម​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង លំនៅ​ឋាន​ប្រជាពលរដ្ឋ ពុំ​ទាន់​បាន​បង្ហូរទឹក​សម្អុយ​ទាំងនោះ​ចូល​ក្នុង​អាង​ខាងលើ​នេះ​ទេ ។

លោក​បន្ត​ថា ក្រុមការងារ​របស់ លោក កំពុង​បន្ត​ការ​រៀបចំ​ប្រព័ន្ធ​ទាំងនោះ និង​ពិនិត្យ​ឃើញ​ថា តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​លំនៅ​ឋាន បាន​បង្ហូរ​ចូល​ទៅ​ក្នុង​អូរ ប្រឡាយ ហើយ​បាន​ចាក់​ចូល​ទៅ​ក្នុង​ព្រែក​នៅ​ចុង​អូរ​ឈើទាល ។ ប្រភព​ទឹក​សម្អុយ​នេះ បាន​ហូរ​ធ្លាក់​ទៅ​ព្រែក​ចុង​អូរ​ឈើទាល​តាម​ប្រព័ន្ធ​លូ​ដែល​ហូរ​ចូល​ប្រឡាយ​នៅ​មុខ​សាលាក្រុង​, ប្រព័ន្ធ​ទឹកអូរ​៣ និង​បាន​ស្តុក​នៅ​ក្រោម​ស្ពាន​គុម្ព​ឬ​ស្សី​ក្បែរ​ក្លិប​កម្សាន្ត​អិ​ល​វី​និង​លូ​បង្ហូរ​ចូល​សមុទ្រ​របស់​សណ្ឋាគារ Queen Co​។ ទាំង​អស់នេះ​គឺជា​ស្ថានភាព​បំពុលបរិស្ថាន​ដែល​ត្រូវ​កែ​លម្អ ពិសេស​ការ​បង្ហូរ​ចូល​សមុទ្រ ។

 លោក យន្ត មីន អភិបាលខេត្ត មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ខេត្ត​ព្រះ​សីហ​នុ​បាន​កាត់​បន្ថយ​ច្រើន​ចំពោះ​ការ​បំពុលបរិស្ថាន​ដូច​ជា​ការ​បង្ហូរទឹក​សម្អុយ​ចូល​សមុទ្រ ដែល​កន្លង​មក​ខេត្ត ពុំ​ទាន់​បាន​រៀបចំ ។ លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន សូមកុំ​បង្ហូរ​កាក​សំណល់​ចូល​ក្នុង​សមុទ្រ ត្រូវ​បង្ហូរ​ចូល​ក្នុង​អាង​ចម្រោះ ដែល​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កន្លង​មក ដើម្បី​រក្សា​ការពារ​បរិស្ថាន​ទាំងអស់​គ្នា ។ បច្ចុប្បន្ន ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​ប្រព័ន្ធ​ចម្រោះ​សំណល់​រាវ​ជា​ទឹក​សម្អុយ​នៅ​ក្នុង​ខេត្ត និង​តាម​កោះ​ដូច​ជា នៅ​កោះ​រ៉ុ​ង​កំពុង​រៀបចំ​អាង​ចម្រោះ​មួយ​កន្លែង ចំណែក​ក្រុងព្រះសីហនុ​ក្បែរផ្លូវ​៥០២ មួយ​កន្លែង និង​ចុង​អូរ​ឈើទាល​មួយ​កន្លែង ហើយ​បូម​ចេញពី​អាង​ទាំងនោះ​ដើម្បី​បញ្ចូល​ទៅ​ក្នុង​អាង​ប្រព្រឹត្តិកម្ម​ដែល​មន្ទីរ​សាធារណៈការ​ជា​អ្នកគ្រប់គ្រង ។

សូម​បញ្ជាក់​ថា ជុំវិញ​បញ្ហា​ទឹក​សម្អុយ​នេះ បើ​យោង​តាម​ប្រភព​បណ្តាញ​ទំនាក់ទំនង​សង្គម facebook និង​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​សម្តែង​ទស្សនៈ​ថា វា​គួរ​ណាស់​តែ​ដល់​ពេលវេលា​ដែល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ចាត់វិធានការ​ចំពោះ​បុគ្គល​ណាមួយ​ដែល​បាន​និង​កំពុង​បំផ្លាញ​សង្គម​ជាតិ បំផ្លាញ​បរិស្ថាន ដោយ​បាន​បង្ហូរទឹក​សម្អុយ​ទាំងនោះ​ចូល​ទៅ​ក្នុង​សមុទ្រ ។ កន្លង​មក គេ​តែង​ឃើញ​មន្ត្រី​ជំនាញ​បាន​ត្រឹមតែ​ទៅ​ឈរ​មើល ហើយ​អ្វី​ៗ​នៅ​ដដែល ៕