រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកងរាជអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់ចូលផ្ទះសំណាក់យីហោ«ផ្កាយមាស៩» កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ មីនា ដែលមានទីតាំងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ដកហូតបានគ្រឿងញៀន និងឃាត់ខ្លួនមនុស្សប្រុសស្រី១៩នាក់ (ស្រី៧នាក់) ។
មន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការបង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់ខាងលើ មានវត្តមាន លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ដែលបានចូលរួមផងនោះ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៩នាក់ (ស្រី៧នាក់) ដកហូតក្រាមថ្លា៦កញ្ចប់ធំ និង១៦កញ្ចប់តូច ម្សៅដុំពណ៌ស១កញ្ចប់ធំ ម្សៅដុំពណ៌លឿង២កញ្ចប់ធំ ថ្នាំគ្រាប់WY១១គ្រាប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ ជាមួយគ្នានេះដែរ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ខាងលើ ឈ្មោះ សឹង សុវណ្ណារ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំផងដែរ ។
ដោយឡែក កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ មីនា កងរាជអាវុធហត្ថខណ្ឌដូនពេញសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅប្លុករោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជាលទ្ធផលឃាត់មនុស្សចំនួន១៥នាក់ (ស្រី៥នាក់) និងដកហូតថ្នាំញៀនក្រាមសថ្លាចំនួន៤៤កញ្ចប់តូច និងម៉ូតូ៥គ្រឿង ។
ការចុះបង្ក្រាបចែកចាយ និងប្រើប្រាស់គ្រឿងញៀនទាំង២ទីតាំង ឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន៣៤នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត ៕
ចែករំលែកព័តមាននេះ