រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០១៦ នៅវត្តនាគវ័ន រាជធានីភ្នំពេញ បានប្រារព្ធពិធីបុណ្យស្លស្ពាន់សិតព្រះពុទ្ធបដិមា ។
ក្នុងពិធីបុណ្យនោះ លោកជំទាវឧកញ៉ាសៀង ចាន់ហេង បានប្រកាសប្រគេនជណ្តើរយន្ត១ជូនវត្ត ដើម្បីសម្រួលដល់លោកតា លោកយាយចាស់ៗឡើងចុះ ខណៈព្រះវិហារមានកម្ពស់៣ជាន់ ។
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក បានចូលរួមក្នុងពិធីបុណ្យនោះដែរ ។
លោកឱម យ៉ិនទៀង បានថ្លែងថា «ការធ្វើបុណ្យមិនប្រកាន់និន្នាការនយោបាយទេ ពោលឲ្យតែមានសទ្ធា ទោះគ្មានប្រាក់ ឬប្រាក់បន្តិចបន្តួច និងច្រើនក្តីសុទ្ធតែបានបុណ្យទាំងអស់គ្នា ។ ប្រជាជនកម្ពុជាមិនចង់ឃើញការវិលមកវិញនៃរបបប៉ុលពតជាលើកទី២ទេ ។ របបនោះមិនមានសាសនា ទីវត្តអារាម ដោយយកវត្តធ្វើជាឃ្លាំងជី ឬវាយបំផ្លាញចោល ។ ដូចនេះជំនាន់សម័យសម្តេចតេជោ ហ៊ុន សែន បានខិតខំទាំងអស់គ្នាលើកស្ទួយគ្រប់វិស័យទាំងអស់។ ដូច្នេះត្រូវតែរួបរួមគ្នា ស្រឡាញ់គ្នាជារឿងមួយល្អរវាងខ្មែរនិងខ្មែរ» ។
ព្រះតេជគុណនី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤នាវត្តនាគវ័ន ដែលចាត់ចែងក្នុងកម្មវិធីបុណ្យមានសង្ឃដីកាថា នៅពេលដ៏ខ្លីខាងមុខវត្តនាគវ័ននឹងក្លាយជាវត្តដែលបំពាក់ដោយជណ្តើរយន្តមុនគេបង្អស់ក្នុងរាជធានីភ្នំពេញ ។ជណ្តើរយន្តដែលជួយសម្រួលភាពលំបាកនៃលោកតាលោកយាយ ចាស់ៗនេះ គឺបានពីទឹកចិត្តសប្បុរសរបស់លោកជំទាវឧកញ៉ាសៀង ចាន់ហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។ ព្រោះតែមើលឃើញពីការលំបាកដោយព្រះវិហារវត្តខ្ពស់មានកម្ពស់៣ជាន់ទើបសម្រេចបំពាក់ជណ្តើរយន្ត ។
ពិធីបុណ្យនោះ មានការចូលរួមសម្តែងសិល្បៈចម្រៀង និងកំប្លែងជូនមហាជនទស្សនាពេលរាត្រី ដោយចូលរួមសម្តែងដោយអ្នកស្រីហែម សុវណ្ណ អ្នកនាងស៊ុន ណារីម៉ូនីកា នាយហុងដា នាងខ្ញែត ពិធីករអឹុម ជីវ៉ា លោកមីស្ទ័រឃ្វីន និងតារាកំប្លែងមួយចំនួនទៀត ។
នៅទូទាំងប្រទេសកម្ពុជា មានវត្តចំនួន៤០០០វត្តក្នុងនោះរាជធានីភ្នំពេញមានចំនួន១៤៩វត្ត ហើយទើបតែវត្តនាគវ័ន១ប៉ុណ្ណោះដែលបំពាក់ជណ្តើរយន្តមុនគេ ៕
ចែករំលែកព័តមាននេះ